ភ្នំពេញ៖ ក្នុងរយៈពេលថ្មីៗនេះស្រាប់តែលេចឮព័ត៌មានដ៏រសើបមួយបានទម្លាយមកថា តារាចម្រៀងស្រីសម្បុរសសំនៀងក្រអួននៅក្នុងផលិតកម្មរស្មីហង្សមាស កញ្ញា សួស វីហ្សាកំពុងមានទំនាក់ទំនងស្នេហាយ៉ាងស៊ីជម្រៅជាមួយបុរសម្នាក់ដែលត្រូវបានគេដឹងថា ជាថៅកែយានដ្ឋានមានទ្រព្យស្តុកម្នាក់នៅក្នុងក្រុងភ្នំពេញ។
ការលេចឮព័ត៌មាននេះស្របពេលដែលកេរ្តិ៍តារារូបនេះកំពុងតែមានភាពលេចធ្លោខ្លាំងគួរសមក្នុងវិថីសិល្បៈ។ ប្រភពពីមជ្ឈដ្ឋានអ្នកចូលចិត្តតាមដ្ឋានវិស័យសិល្បៈបានបង្ហើបឱ្យដឹងថា កញ្ញា សួស វីហ្សា ថ្មីៗនេះគេឧស្សាហ៍ឃើញនាងបង្ហាញភាពស្និទ្ធស្នាលជាមួយបុរសម្នាក់ ដែលគេដឹងថាជាម្ចាស់ការ៉ាស់ឡានមានទ្រព្យស្តុកស្តម្ភម្នាក់នៅក្នុងរាជធានីភ្នំពេញ។ មិនតែប៉ុណ្ណោះភាពស្និទ្ធស្នាលរវាងនាង និងបុរសថៅកែលក់ឡានម្នាក់នោះ ក៏ត្រូវបានគេ មើលឃើញថាមានលក្ខណៈខុសប្លែកពីធម្មតា និងមានស្ថានភាពយ៉ាងស៊ីជម្រៅខុសពីពេលមុនៗទៀតផង ។
ប្រភពព័ត៌មានដដែលបាននិយាយាថា តារាចម្រៀងស្រី ដែលមានរូបសម្រស់ ស្រស់ស្អាតស្រដៀងកូនកាត់ចិន កញ្ញា សួស វីហ្សា បានចាប់ផ្តើមមានកំរិតជីវភាពខុសប្លែកពីធម្មតាបន្ទាប់ពីទទួលបាននូវភាពកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងផលិតកម្មហង្សមាសកន្លងមកនោះ ។ លើសពីនេះទៀតការដើរលេងកំសាន្តសប្បាយនៅតាមកន្លែងទំនើបនានា ក៏នាងមានឱកាសច្រើនក្នុងការបង្ហាញភាពស្និទ្ធស្នាលជាមួយគូ ស្នេហ៍ទៀតផង។ នៅត្រង់ចំណុចនេះហើយត្រូវបានគេសង្ស័យថា នាងកំពុងលេងល្បែងស្នេហា លួចលាក់ជាមួយបុរសដែលជាថៅកែការ៉ាស់ឡានដ៏សម្បូរទ្រព្យម្នាក់នោះ ។ ជារើយៗគេឧស្សាហ៍ឃើញវត្តមានរបស់កញ្ញា សួស វីហ្សា និងបុសម្នាក់នោះ ដឹកដៃគ្នាទៅចូលញ៉ាំអាហារក្នុងហាងទំនើបៗនៅជាយក្រុងទៀតផង។ ប៉ុន្តែទោះបីជាយ៉ាងណា គេក៏មិនបានដឹងថាអ្នកទាំងពីរនោះ ចាប់មានទំនាក់ទំនងជាមួយគ្នាតាំងពីពេលណានោះទេ ។ចំណែកបុរសដែលគេសង្ស័យថា ជាគូស្នេហ៍របស់តារាចម្រៀងស្រីល្បីឈ្មោះគួរសមនៅក្នុងផលិតកម្ម រស្មីហង្សមាស កញ្ញា សួស វីហ្សា ខាងលើនេះ ត្រូវបានប្រភពនិយាយថាមានវ័យប្រហែលជាង ៣០ឆ្នាំតែប៉ុណ្ណោះ។ តែអ្វីដែលជាការកត់សម្គាល់នោះ គឺថាបុរសម្នាក់នេះ ជាថៅកែយានដ្ឋានមានលុយច្រើនហូរហៀរមិនចាញ់អ្នកដែលរស់
នៅឯក្រៅប្រទេសប៉ុន្មាននោះទេ។
ជុំវិញលេចឮព័ត៌មានដ៏រសើបខាងលើនេះការិយាល័យកាសែតអរិយធម៌មិនទាន់អាចទំនាក់ទំនងដើម្បីសុំការពន្យល់បកស្រាយពី កញ្ញា សួស វីហ្សា បានទេដោយលេខទូរស័ព្ទដែលកញ្ញាធ្លាប់ប្រើពីមុននោះមិនអាចទាក់ទងបាន។
សូមរំលឹកថា កញ្ញា សួស វីហ្សា ជាតារាចម្រៀងសំនៀងស្រទន់ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជននិងស្រទាប់យុវវ័យនិងមានឈ្មោះបោះសឡេងតាមរយៈបទ “កុំលើកទូរស័ព្ទគេ ពេលនៅក្បែរអូន” របស់ផលិតកម្មរស្មីហង្សមាស។ សួស វីហ្សាដំបូងឡើយ នាងគឺជាតារាចម្រៀងក្នុងផលិតកម្មរ៉ុក។ ប៉ុន្តែក្រោយមក
ដោយសារតែផលិតកម្ម រ៉ុក បានបិទទ្វារ ទើបធ្វើឲ្យនាងរសាត់ខ្លួនមកជ្រកក្រោមដំបូលផលិតកម្មរស្មីហង្សមាសរហូតដល់បច្ចុប្បន្ននេះ៕
» ព័ត៌មានជាតិ, សិល្បៈ-កម្សាន្ត » សួស វីហ្សា មានទំនាកទំនង់ស្នេហ៍ស៊ីជម្រៅជាមួយថៅកែការ៉ាស់ឡាន ?