ប្រជាជនក្រុងកំពង់ឆ្នាំង សូមអង្វរដល់លោក ហៃ មនោរម្យ អភិបាលក្រុងមេត្តាពិនិត្យមើលឡើងវិញ នូវទង្វើ របស់លោកស៊ិន សូត្រ ប្រធានការិយាល័យភូមិបាល និងសុរិយោដីក្រុងផង ព្រោះសព្វថ្ងៃនិងពេលកន្លងមកដូច ជាធុំក្លិនមិនសូវល្អគួរឲ្យចង់ហិតសោះ។
អ្នកបានដឹងរឿងនាំគ្នានិយាយថា លោកស៊ិន សូត្រ បានចុះហត្ថលេខាឯកភាពឲ្យប្រជាជនសាងសង់ សំណង់ ធំ តូច និងចេញប្លង់ឲ្យប្រជាជនជាច្រើនគ្រួសារ ដែលដីនោះជាដីមានចុះបញ្ជីសារពើភ័ណ្ឌ ជាទ្រព្យសម្បត្តិរបស់រដ្ឋតាំងពីឆ្នាំ ១៩៩៩មកម្ល៉េះ។ ករណីចេះតែស៊ីញ៉េ ទោះបីជាបានទទួលដំណឹងថា ដីនោះបានចុះបញ្ជីសារពើភណ្ឌ
របស់រដ្ឋ ក៏ដោយ ក៏លោកប្រធានការិយាល័យមិនខ្វល់ដែរ គឺធ្វើយ៉ាងណាឲ្យតែស៊ីញ៉េបានលុយដាក់ហោប៉ៅគឺចប់។
អ្នកបានដឹងរឿងនាំគ្នាខ្សឹបខ្សៀវថា ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង តាំងពីឆ្នាំ ១៩៧៩មកដល់សព្វថ្ងៃ មិនមែនជាកំហុសរបស់ពួកគាត់ទេ គឺខុសមកពីប្រធានភូមិ ចៅសង្កាត់និងប្រធាន ការិយាល័យភូមិបាល និងសុរិយោដីតែម្តង ដែលចេះតែស៊ីញ៉េយកលុយពីពួកគាត់ មិនខ្វល់ពីរឿងដីរដ្ឋនិងពីរឿង ច្បាប់។ លុះដល់ឆ្នាំ២០១៣ ស្រាប់តែគេសើរើដីរដ្ឋឡើងវិញ លោកប្រធានការិយាល័យនោះភ័យឡើងញ័រខ្លួន រត់ឆ្លេឆ្លោឲ្យគេជួយ។
អ្នកបានដឹងរឿងបានឲ្យដឹងថា ដីទំហំ១១២.២០០ម៉ែត្រការ៉េ ជាប់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិនិងក្រុងខាងលើជាដី របស់ការិយាល័យគ្រឿងយន្តកសិកម្មខេត្ត ដែលបានចុះបញ្ជីសារពើភណ្ឌរួចហើយកាលពីឆ្នាំ១៩៩៩។ ស្រាប់ តែមានប្រជាពលរដ្ឋ៥៤គ្រួសារ ចូលទៅរស់នៅសាងសង់ផ្ទះ បែរជា លោកស៊ិន សូត្រ ស៊ីញ៉េឲ្យប្រជាជនសាងសង់និង ចេញប្លង់ឲ្យទៅប្រជាពលរដ្ឋធ្វើព្រងើយ។ ករណីនេះបើលោកប្រធានមន្ទីរកសិកម្មខេត្តនិងប្រជាពលរដ្ឋប្តឹង លោក ស៊ិន សូត្រ ទៅតុលាការនោះច្បាស់ជាមិនរួចខ្លួនឡើយ។ ដូច្នេះហើយទើបប្រជាជនសូមឲ្យលោកអភិបាល ក្រុងកំពង់ឆ្នាំង មើលទង្វើមិនប្រក្រតីរបស់លោកប្រធានការិយាល័យភូមិបាលនិងសុរិយោដីនេះផង។
អ្នកបានដឹងរឿងបានឲ្យដឹងទៀតថា ករណី លោកស៊ិន សូត្រ ចេះតែស៊ីញ៉េលើដីរបស់រដ្ឋនេះ គឺកន្លងមកខាងមន្ទីរ កសិកម្មខេត្ត បានធ្វើលិខិតចំលងជូនទៅ១១អង្គភាព និងការិយាល័យចំណុះឲ្យខេត្តបានជ្រាបអស់ហើយ តែ លោកស៊ិន សូត្រ មិនយកភ្នែកមើលសោះ មិនដឹងជាគាត់អាងស្អីនោះទេ។ សូមរង់ចាំការខ្សឹបនេះបន្តទៅលេខ ក្រោយ ច្បាស់ជាមានរឿងល្អអានជាងនេះទៅទៀត៕ ដោយ៖តាបណ្ឌិត
» Breaking News, វិភាគនយោបាយ » លោកចៅហ្វាយក្រុងភ្លេចមើលលោកប្រធានការិយាល័យ