ភ្នំពេញ ៖ ប្រភពព័ត៌មានដែលធ្លាយចេញពីសាលារាជធានីភ្នំពេញ ក្នុងពេលក្តៅៗនិងហុយៗនេះថា «លោក កែប៊ុនឡេង ប្រធានរតនាគាររាជធានីភ្នំពេញ បានយកប្រាក់ប្រមាណ២០ពាន់លានរៀល ចេញពីរតនាគារទៅចង ការឲ្យអ្នករកស៊ីនៅខាងក្រៅអស់ហើយ»។
ប្រភពបានឲ្យដឹងថា ការដែលប្រធានរតនាគារយកប្រាក់ទៅចងការនៅខាងក្រៅយកចំណេញលុយចូលហោប៉ៅខ្លួនឯងនេះ ឮថាខាងអធិការកិច្ចក្រសួងហិរញ្ញវត្ថុប្រុងចុះទៅធ្វើអធិការកិច្ចផងដែរ ដើម្បីរកពីភាពមិនប្រក្រតី នោះ។ ប្រភពពីអ្នកវិនិយោគជាមួយសាលារាជធានីភ្នំពេញបានឲ្យដឹងថា «លុយជិត២០ពាន់លានរៀលនោះគឺ ជាលុយកក់ ក្នុងគំរោងដេញថ្លៃសាងសង់ជួសជុលនូវហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរាជធានីភ្នំពេញ»។ ប្រភពបាន បន្តថា អ្នកចូលដេញថ្លៃត្រូវកក់ប្រាក់ក្នុងរតនាគារ១០% ទោះបីជាដេញថ្លៃបានឬមិនបានក៏ដោយ ក៏ត្រូវកក់ប្រាក់ ជាមុនសិនដែរ ។
អ្នកចូលដេញថ្លៃសាងសង់ ជួសជុលផ្សេងៗបាននិយាយថា «បើអ្នកដេញថ្លៃមិនបានសាងសង់ឬជួសជុលទេ នោះ ត្រូវបើកប្រាក់វិញភ្លាមបាន តែសំរាប់អ្នកដេញថ្លៃបានគឺប្រាក់កក់១០%នោះទុកសិន រង់ចាំការជួសជុលឬ សាងសង់ចប់កិច្ចសន្យា ទើបទៅបើកប្រាក់កក់នោះបាន»។ ប៉ុន្តែលោកកែ ប៊ុនឡេង មិនធ្វើដូច្នេះទេ គឺអ្នក ដេញថ្លៃ
មិនបាន ពេលទៅសុំបើកប្រាក់កក់ទាល់តែជូនដំណឹងមុនមួយខែ គឺមិនបានបើកឲ្យភ្លាមៗ ក្រោយពី ដេញថ្លៃមិនបាននោះទេ។ ម្យ៉ាងវិញទៀត អ្នកដេញថ្លៃបានសាងសង់ ហើយចប់កិច្ចសន្យាក៏ទៅសុំបើកប្រាក់កក់ ១០%នោះ ក៏ដូចអូសឫស្សីច្រាសចុងដែរ។ ករណីពិបាកបើកប្រាក់កក់នេះហើយ ទើបក្រុមអ្នកវិនិយោគជាដៃគូ រកស៊ីជាមួយ
សាលារាជធានីភ្នំពេញ បាននាំគ្នារអ៊ូរទាំហើយបង្ហើបថា «មកពីលុយទាំងនោះត្រូវបានលោកប្រធានរតនាគារ យកទៅចងការប្រាក់ខាងក្រៅអស់គ្មានសល់»។ ដូច្នេះអ្នកចង់បើកប្រាក់កក់ត្រូវជូនដំណឹងទៅលោកប្រធាន រតនាគារយ៉ាងតិចមួយខែមុន ទើបអាចបើកបាន ព្រោះទំរាំលោកប្រធានបង្វិលលុយមកចូលក្នុងរតនាគារវិញ។
គេនិយាយទៀតថា បើចង់បើកលុយបានលឿនទាល់តែបង់ប្រាក់តាមការទាមទាររបស់លោកប្រធានរតនាគារ ចំនួន៣០% តែបើមិនឲ្យទេ ច្បាស់ជាដូចទៅសុំភ្លើងពីយក្សអ៊ីចឹង។ នៅមានរឿងមិនប្រក្រតីជាច្រើនទៀត ដែល កាសែតអរិយធម៌ នឹងលើកយកមកចុះផ្សាយនៅលេខក្រោយៗ ទុកគ្រាន់ជាបទពិសោធន៍ក្នុងរឿងបង្វិល ប្រាក់ទៅរកស៊ីខាងក្រៅយកចំណេញខ្លួនឯង ទោះនរណាខឹងក៏មិនខ្វល់ដែរឲ្យតែអញបានលុយ។
ជុំវិញការរិះគន់ទាំងនេះ កាលពីវេលាម៉ោង៩និង២២នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ លោកកែ ប៊ុនឡេង បានឲ្យកាសែតអរិយធម៌ដឹងតាមទូរស័ព្ទថា «លោកមិនបានយកប្រាក់ពីក្នុងរតនាគារទៅចងការប្រាក់ នៅខាងក្រៅទេ»។ លោកបានបន្តថា ចំពោះប្រាក់អ្នកចូលដេញថ្លៃដំបូងត្រូវកក់ប្រាក់២% រីឯអ្នកដេញថ្លៃបាន ត្រូវកក់ប្រាក់
បន្ថែម៨%ទៀតឲ្យគ្រប់១០%។ លោក កែ ប៊ុនឡេងបានពន្យល់ថា អ្នកដេញថ្លៃមិនបានអាចសុំដក ប្រាក់កក់ភ្លាមៗបានក្រោយពីដេញថ្លៃ ដោយមិនទុកយូរដូចគេនិយាយនោះទេ។ ចំពោះអ្នកដេញថ្លៃបានហើយសុំ ដកប្រាក់កក់១០% គឺត្រូវតែបំពេញឲ្យបានត្រឹមត្រូវតាមកិច្ចសន្យាជាមួយសាលារាជធានីភ្នំពេញ។ បើធ្វើមិនត្រឹម ត្រូវតាម
លក្ខណៈបច្ចេកទេសទេ គឺមិនទាន់អាចបើកប្រាក់កក់១០%នោះបានឡើយ។
ទោះជាយ៉ាងណាក្តី ទាំងអ្នកដេញដ្លៃមិនបាននិងដេញថ្លៃបាននាំគ្នានិយាយថា «លោក កែ ប៊ុនឡេង បង្កកប្រាក់ កក់របស់ពួកគេទុក រហូតដល់មួយឆ្នាំឯណោះ ទើបឲ្យពួកគេដកប្រាក់កក់បាន»។ គេនិយាយថា បើគ្មានភ្លើងក៏ គ្មានផ្សែងដែរ៕ ដោយ៖ តាបណ្ឌិត
» Breaking News, ព័ត៌មានជាតិ » លោក កែ ប៊ុនឡេង ប្រធានរតនាគារយកលុយប្រមាណ២០ពាន់លានរៀលទៅចងការប្រាក់