កំពង់ឆ្នាំង ៖ មានភាពចម្រូងចម្រាសមួយបានកើតឡើងនៅលើផ្ទៃដីទំហំជាង១គីឡូម៉ែត្រ៤ជ្រុង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ដោយប្រជាជន៥៤គ្រួសារ រស់នៅលើដីនោះតាំង ពីឆ្នាំ១៩៧៩រហូតមក រួចលុះដល់ឆ្នាំ២០១៣ លោកប្រធានមន្ទីរកសិកម្មខេត្តបានអះអាងថា ដីនោះជាដីរបស់រដ្ឋ ដោយមានចុះបញ្ជីសារពើភណ្ឌជាទ្រព្យសម្បត្តិរដ្ឋតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ។ នេះអាចបញ្ជាក់បានថា ពលរដ្ឋរស់ នៅលើដីនោះមុនរដ្ឋគ្រប់គ្រង។
លោកង៉ាន ណានី ទើបកាន់តំណែងជាប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង មិនទាន់បានប៉ុន្មានឆ្នាំចុងក្រោយនេះទេ ក៏ធ្វើលិខិតសើរើដីរបស់ការិយាល័យគ្រឿងយន្តកសិកម្មខេត្ត ដែលបានបាត់បង់កាលពី៣៤ឆ្នាំមុន ក្រោមការ ដឹកនាំប្រធានមន្ទីរមុនៗប៉ុន្មាននាក់ មកធ្វើជាទ្រព្យសម្បត្តិរដ្ឋវិញ។ ប្រភពបានឲ្យដឹងថា ប្រធានមន្ទីរកសិកម្មខេត្ត មុនៗ មានដូចជាលោកមៀច សុខា លោក ឈុត សុធន និងមានលោកម្នាក់ទៀតមិនចាំឈ្មោះ ហើយចុងក្រោយ នេះ គឺលោកង៉ាន ណានី ។ ដូច្នេះបើយោងតាមលិខិតរបស់លោកង៉ាន ណានី អាចបញ្ជាក់បានថា ដីការិយាល័យ គ្រឿងយន្តកសិកម្មខេត្ត បាត់បង់មកពីមេមុនៗមិនចេះថែរក្សាឬក៏មានការប្រគល់ឲ្យប្រជាជនជាថ្នូរនឹងប្រាក់បន្តិច បន្តួច។ ម្យ៉ាងវិញទៀត ក្នុងឋានៈលោកង៉ាន ណានី ជាប្រធានមន្ទីរ បច្ចុប្បន្នមិនបានធ្វើឲ្យបាត់ដីរបស់រដ្ឋសោះ។
ប្រជាជន៥៤គ្រួសារ បានលើកឡើងខុសៗគ្នាថា «ខ្លះបានមករស់នៅឆ្នាំ១៩៧៩ ខ្លះថាបានរស់នៅឆ្នាំ១៩៩៦ ខ្លះថា បានសុំពីប្រធានមន្ទីរមុនៗតាំងពីឆ្នាំ១៩៩៣ ខ្លះថាបានទិញតៗពីគេ»។ ប្រជាជនទាំងនោះបានបន្តថាមិន ធ្លាប់បានទទួលដំណឹងអ្វីមួយពីមន្ទីរកសិកម្មខេត្តម្តងណាទេ គឺពួកគាត់បានរស់នៅក្នុងរយៈពេល៣៤ឆ្នាំនេះ ដោយ
សុខស្រួលនិងសន្តិភាពបំផុត។ ទើបតែនៅថ្ងៃ២១ខែសីហាឆ្នាំ២០១៣ លោកចៅហ្វាយក្រុងកំពង់ឆ្នាំង ធ្វើ លិខិតជម្រាបជូនពួកគាត់ថា ដីនោះជាដីរបស់ការិយាល័យគ្រឿងយន្តកសិកម្មខេត្ត ក៏មានការភ្ញាក់ផ្អើល ប្តឹងទៅ លោកចៅហ្វាយខេត្ត និងប្តឹងទៅរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទឲ្យជួយ។ ពិតណាស់ការដែល ប្រជាជន
អាចរស់នៅលើដីនោះបានអាចមានអ្នកខ្លះសុំពីប្រធានចាស់ ខ្លះទិញ ខ្លះទៀតស្គាល់គ្នាចាប់នៅតែម្តង ហើយក៏មានអ្នកមួយចំនួនធំ មានការទិញលក់ពីម្ចាស់មួយ ទៅម្ចាស់មួយដោយមានប្រធានភូមិ ចៅសង្កាត់ មន្ត្រី ភូមិបាលក្រុង ស៊ីញ៉េដឹងឮនិងទទួលស្គាល់ រហូតដល់អ្នកខ្លះទៀតមានប្លង់រឹងផងដែរ។
លោកង៉ាន ណានី បានប្រាប់កាសែតអរិយធម៌តាមទូរស័ព្ទក្នុងភាពមិនសូវជាជាក់លាក់ថា « ដីនោះបានចុះបញ្ជី សារពើភណ្ឌតាំងពីឆ្នាំ១៩៩៣ឬឆ្នាំ១៩៩៩មកម្ល៉េះ» ហើយមានគ្រួសារមួយ រស់នៅក្បែររបងដីការិយាល័យ គ្រឿងយន្ត ដែលបើកហាងយីហោ«កូនខ្មែរ» កំពុងតែប្តឹងផ្តល់គ្នានៅឯតុលាការកំពូល។ លោកបានបន្តថាលោក មិនចង់សើរើអ្វីទេ តែទ្រព្យសម្បត្តិរដ្ឋ ដែលមានចុះបញ្ជីសារពើភណ្ឌ ត្រូវធ្វើរបាយការណ៍រាយការណ៍ក្នុងមួយឆ្នាំ ម្តងទៅថ្នាក់លើ។
លោកង៉ាន ណានី គ្រាន់តែនិយាយប្រាប់ គឺមិនបានបង្ហាញឯកសារពាក់ព័ន្ធនានា ដល់កាសែតអរិយធម៌ ដើម្បីស្វែងយល់រកការពិតនោះទេ។ តើករណីនេះជាកំហុសប្រធានមន្ទីរមុនៗឬយ៉ាងម៉េច? ហើយមេការិយាល័យ ភូមិបាលក្រុង ក៏មានបញ្ហាដែរ រឿងស៊ីញ៉េឲ្យប្រជាជនសាងសង់និងធ្វើប្លង់នានា បូករួមទាំងមេភូមិនិងចៅសង្កាត់ ទៀតផង។ បើអស់លោកដឹងថា ជាដីរដ្ឋហេតុអ្វីក៏ស៊ីញ៉េយកលុយពីប្រជាជន ហើយគ្មានវិធានការទប់ស្កាត់ បង្កការលំបាកដល់លោកប្រធានមន្ទីរបច្ចុប្បន្ន? សូមរង់ចាំតាមដានលេខក្រោយៗ អំពីរឿងលក់ដីមន្ទីរកសិកម្មខេត្ត ឲ្យគេធ្វើការ៉ាស់សាំងយកលុយចែកគ្នា៕ ដោយ៖តាត្រចៀកធំ
» Breaking News, ព័ត៌មានជាតិ » លោកប្រធានមន្ទីរថាដីរដ្ឋ តែប្រជាជន៥៤គ្រួសារថាដីរបស់ពួកគាត់ទេ