ភ្នំពេញ ៖ រថយន្ដអូឌី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AB-1688 បើកបរដោយបុរសម្នាក់ ខណៈបង្កគ្រោះថ្នាក់ចរាចរណ៍បុកម៉ូតូកូនទាមួយគ្រឿង ហើយព្យាយាមបើករត់ ស្រាប់តែជ្រុលចង្កូតទៅបុកបង្គោលភ្លើងបាក់អស់១ដើមបណ្ដាលឱ្យ រថយន្ដនិងម៉ូតូដែលកៀបជាប់រថយន្ដឆេះ និងមានសំឡេងផ្ទុះបង្កការភ្ញាក់ផ្អើល ។
ហេតុការណ៍នេះកើតឡើងកាលពីវេលា ម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ តាមបណ្ដោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ។ ទោះជាយ៉ាងណាក្តីក្នុងហេតុ ការណ៍នេះ ពុំបណ្តាលឲ្យមានមនុស្សបាត់បង់ជីវិតទេ។
តាមប្រភពព័ត៌មានពីសាក្សីនៅ កន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដម៉ាកអូឌី បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច តាមបណ្ដោយផ្លូវលេខ១៣៩ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ខណៈមកដល់មុខហាងខារ៉ាអូខេឡឺវ៉េស រថយន្ដបង្កក៏បានបុកម៉ូតូកូនទាមួយគ្រឿងជិះដោយបុរសម្នាក់ បណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួសស្រាល ធ្វើឱ្យម៉ូតូកៀបជាប់រថយន្ដខាងមុខអូសជាច្រើនម៉ែត្រ ។ ពេលនោះអ្នកបើកបររថយន្ដព្យាយាមបើករត់ តែដោយអូសម៉ូតូយូរពេក ពុំព្រមធ្លាក់ពីកាងមុខក៏ព្យាយាមបើករត់រហូតដល់សាលាបឋមសិក្សាសន្ធរម៉ុក ស្ថិតនៅចំណុចអគារលក់គ្រឿងសំណង់មួយ លើផ្លូវម៉ៅសេទុងរថយន្ដជ្រុលចង្កូតទៅបុកបង្គោលបាក់អស់មួយ ដើមធ្វើឱ្យរថយន្ដនិងម៉ូតូផ្ទុះឆេះតែម្ដង ។ ក្រោយឃើញហេតុការណ៍ខាងលើនេះម្ចាស់រថយន្ដបានបើកទ្វាររត់យករួចខ្លួន បាត់ស្រមោល ។
ក្រោយកើតហេតុគេឃើញសមត្ថកិច្ចមក អន្ដរាគមន៍ និងមានរថយន្ដពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់អស់មួយគ្រឿង ផងដែរ ហើយក៏បានយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីដើម្បីដោះស្រាយបន្ដ ៕ ដោយ៖ សហការី
» ព័ត៌មានជាតិ » ឡានអូឌីបុកម៉ូតូកូនទាជាប់កាងមុខរួចផ្ទុះឆេះ