ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានជិះម៉ូតូម៉ាកស្ទេពមួយគ្រឿងប្រើល្បិចចូលទៅ ទិញម្ហូប និងច្រក បបរស រួចបានបន្លំលួចយកទូរស័ព្ទដៃ ម្ចាស់ហាងឃើញទាន់ចាប់វាយឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០១៣។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យឈ្មោះ ប៊ុន ធី បានជិះម៉ូតូមួយគ្រឿងទៅឈប់នៅចំណុចហាងបបរសយីហោ សូ ឈឿន ផ្ទះលេខ៣៣៨ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ហើយចូលទៅអង្គុយកុម្ម៉ង់ម្ហូប និងបបរស ដើម្បីខ្ចប់យកទៅផ្ទះ។ លុះពេលម្ចាស់ហាងកំពុងជាប់រវល់រៀបចំខ្ចប់ឲ្យ ជនសង្ស័យបាន ឈ្មោះ ប៊ុន ធី បានបន្លំលួចបើកថតតុម្ចាស់ហាងលួចយកទូរស័ព្ទដៃមួយគ្រឿងម៉ាក អាយហ្វូន តែត្រូវម្ចាស់ហាងឃើញទាន់ រួចព្រួតគ្នាវាយទ្រមខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការទៅតាមនីតិវិធី៕ ដោយ៖ សហការី