ខេត្តព្រៃវែង៖ លោកវរសេនីយ៍ កែវ ជា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ និងជាប្រធានច្រកបន្ទាយចក្រី រួមទាំងសមត្ថកិច្ចពាក់ព័ន្ធ ដែលចុះទៅឈរជើងនៅតំបន់នោះ កំពុងប្រមូលលុយ ពីក្រុមឈ្មួញរកស៊ីនាំចូល ទំនិញគេចពន្ធនិងទំនិញខុសច្បាប់ មកពីវៀតណាម ជាពិសេសការនាំចេញ កសិផលរបស់ឈ្មួញតូចតាច ក៏រងនូវការគាបជំរិត
ដោយគ្មានការយោគយល់ ។
ប្រភពពីក្រុមឈ្មួញមួយចំនួន បានអះអាងថា សព្វថ្ងៃនេះនៅច្រកបន្ទាយចក្រី មាននាំចេញនូវទំនិញច្រើនប្រភេទចុះទៅវៀតណាម ដូចជាស្រូវ ពោត សណ្តែក ដំឡូងមី ហើយក៏មាន ច្រករបៀង ដើម្បីនាំចូលទំនិញគេចពន្ធ គេមិនដែលឃើញជំនាញគយ និងសមត្ថកិច្ចផ្សេងៗដែលចុះទៅឈរជើង នៅទីនោះយកចិត្តទុកដាក់ បង្ការបង្ក្រាប
ការនាំចូលទំនិញគេចពន្ធ ម្តងណាឡើយ។ គេនិយាយថា សមត្ថកិច្ចនិងមន្ត្រីជំនាញ ប្រចាំច្រកបន្ទាយចក្រី ជាពិសេសលោក កែវ ជា ដែលបានឃុបឃិត ជាមួយឈ្មួញទាំងតូចទាំងធំ រកស៊ីនាំចូលទំនិញខុសច្បាប់ និងទំនិញគេចពន្ធយ៉ាងអនាធិបតេយ្យ ហើយក៏មានការកោសរូសឈ្មួញតូចតាច តាមតែអំពើចិត្តផងដែរ។
ការរត់ពន្ធប្រេងសាំង ប្រេងម៉ាស៊ូត ចូលមកក្នុងប្រទេសកម្ពុជា តាមច្រករបៀង ចម្ងាយប្រមាណ៣០០ម៉ែត្រ ពីប៉ុស្តិ៍ច្រកអន្តរជាតិបន្ទាយចក្រី គឺផ្លូវនៅទល់មុខវត្តចក្រីសិរីមង្គល ក្នុងមួយយប់ៗមិនតិចជាង ២០ទៅ៣០រថយន្តនោះទេ ដែលក្នុង១រថយន្តផ្ទុកបាន៧០ប៊ីដុង ដែលក្នុង១ប៊ីដុងមានចំណុះ៣០លីត្រ កើតចេញពីការបើកភ្លើងខៀវ
របស់លោក កែវ ជា។ ក្រុមឈ្មួញ នាំចូលប្រេងសាំងគេចពន្ធ តាមច្រករបៀងបន្ទាយចក្រី យកទៅលក់ចែកចាយនៅតំបន់អ្នកលឿង ទីរួមខេត្តព្រៃវែង និងបន្តដឹកយកទៅលក់ដល់ ខេត្តកំពង់ចាម ក៏ព្រោះតែពួកគេចេះបែងចែកផលប្រយោជន៍ឲ្យមន្ត្រីជំនាញនិងសមត្ថកិច្ច ពាក់ព័ន្ធ កុំឲ្យរំខានមុខរបររត់ពន្ធ ប្រេងសាំងរបស់ពួកគេ។ ជាពិសេស
ក្រុមឈ្នួញ ត្រូវយល់ចិត្តលោក កែវ ជា តែម្តង។
គេប្រាប់ថា គ្រាន់តែនៅលើកំណាត់ផ្លូវ ពីច្រកព្រំដែនបន្ទាយចក្រី មកទល់ផ្លូវជាតិលេខ១ គេសង្កេតឃើញសមត្ថកិច្ចនាំគ្នាដាក់ប៉ុស្តិ៍ជជុះ តាមដងផ្លូវច្រើនស្អេកស្កះ ដើម្បីចាំរាប់ក្បាលឡានដឹកកសិផល ឬដឹកទំនិញគេចពន្ធ បង្ខំឲ្យក្រុមឈ្មួញបង់លុយ បង្កើតឲ្យមានភាពមិនប្រក្រតី ធ្ងន់ធ្ង។ ករណីនេះ ក្រុមឈ្មួញ ទាំងតូចទាំងធំធ្លាប់បានដាក់ពាក្យ
ប្តឹង ទៅកាន់អាជ្ញាធរខេត្តព្រៃវែង ក៏ដូចជាក្រសួងមហាផ្ទៃ ឲ្យជួយដោះស្រាយលុបបំបាត់ប្រព្រឹត្តអំពើរលួយដោយគាបជំរិតអ្នករកស៊ីហើយ ប៉ុន្តែមិនដែលមាននរណា អើពើម្តងណាឡើយ ធ្វើឲ្យមន្ត្រីនិងសមត្ថកិច្ចពាក់ព័ន្ធប្រព្រឹត្តអំពើពុករលួយ គាបជំរិតក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញកាន់តែខ្លាំងឡើង ។
ករណីនេះ សូមលោកអភិបាលខេត្តមេត្តា ចុះទៅពិនិត្យមើលកុងត្រូលជជុះ និងភាពមិនប្រក្រតីរបស់ លោក កែវ ជា ផងជៀសវាងក្លាយជារឿងធំពិបាកដោះស្រាយ។ ជុំវិញការលើកឡើងនេះ កាសែតអរិយ ធម៌មិនអាចសុំការពន្យល់ពីលោក កែវ ជា បានទេ៕
» Breaking News, ព័ត៌មានជាតិ » លោក កែវ ជា ប្រធានច្រកអន្តរជាតិបន្ទាយចក្រីឃុបឃិតយកលុយពីឈ្មួញគេចពន្ធ