ភ្នំពេញ៖ បុរស២នាក់ត្រូវបានគេព្រួតវ៉ៃទ្រមខ្លួន ខណៈដែលមានគំនុំក្នុងហាងផឹកស៊ីមួយកន្លែង ហើយបើករថយន្ត បំបុកម៉ូតូគូបដិបក្ខ ត្រូវគូបដិបក្ខរបស់ខ្លួនព្រួតវាយទ្រមខ្លួន។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣នៅ ចំណុចផ្លូវមុខក្រសួងការបរទេស ក្នុង
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា បញ្ហានេះកើតឡើងដោយសារតែភាគីទាំងពីរ មានទំនាស់នៅកន្លែងផឹកស៊ី ក្នុងហាង យីហោសាន់រ៉ាយ ដែលធ្វើឲ្យភាគីរថយន្តមានកំហឹង ហើយចៃដន្យឃើញគូទំនាស់របស់ខ្លួន បណ្ដើរម៉ូតូចេញ ក៏បើកបំបុកពេញទំហឹងតែម្ដង ។ ភ្លាមៗនោះគ្នីគ្នាខាងភាគីម៉ូតូ បានព្រួតវាយ អ្នកជិះរថយន្ត បណ្ដាលឲ្យ
រងរបួសយ៉ាងដំណំ ចំណែករថយន្តត្រូវគេវាយបំបែកកញ្ចក់ផ្ទាំងខាងមុខទៀតផង ។
នគរបាលមូលដ្ឋានបាននិយាយថា ករណីនេះបង្កឡើងដោយរថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2Q-2737 ជិះគ្នា២នាក់ បើកបរក្នុងទិសដៅ ពីត្បូងទៅជើង ក៏ទៅបុកពីក្រោយម៉ូតូស្កូបពី ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ1BC-3225 ខណៈដែលម្ចាស់ម៉ូតូបណ្ដើរចេញពីហាងមួយកន្លែង យីហោ សាន់រ៉ាយ
មានទីតាំងនៅចំណុចខាងលើ ។
ក្រោយកើតហេតុភាគីទាំងសងខាង ដែលរងរបួសត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យ ។ ចំណែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះ ស្រាយតាមច្បាប់ ។ គេនិយាយទៀតថា ទាំង២ក្រុមនោះឈ្លោះគ្នាដណ្តើមស្រីស្អាតក្នុងហាង។ ទោះជា យ៉ាងណាក្តី ទាំងនេះគឺជាអំពើពាលាទាំងអស់ ព្រោះជិតភ្លឺហើយនៅតែនាំគ្នាផឹកស៊ីទៀត។ នេះសំណាងហើយ ដែលភាគីទាំងសងខាងមិនមានអ្នកស្លាប់៕
ដោយ៖ លីហ៊ាង
» ព័ត៌មានជាតិ » បើកឡានបុកម៉ូតូព្រោះខឹងទាក់ស្រីមិនឈ្នះ