កំពង់ចាម ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ នៅ លើកំណាត់ផ្លូវជាតិលេខ៧ ក្នុងភូមិសាស្ដ្រ ស្រុកកំពង់សៀម ខេត្ដកំពង់ចាម ។ ជនសង្ស័យ៤នាក់ រួមនឹងរថយន្ដស្ទូចធុនធំតម្លៃរាប់សិប ម៉ឺនដុល្លារ២គ្រឿង ត្រូវបាននគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាមស្ទាក់ឃាត់ បន្ទាប់ពីមានបណ្ដឹងថា
ក្រុម ជនសង្ស័យខាងលើបានលួចស្ទូចយក បង្គោលភ្លើងរបស់អាជ្ញាធរអគ្គិសនីខេត្ដកំពង់ចាម ហើយវាជារឿងមួយកម្រមាន ដែលក្រុមជនសង្ស័យខាងលើប្រើប្រាស់ រថយន្ដស្ទូចតម្លៃរាប់សិបម៉ឺនដុល្លារមក លួចស្ទូចយកបង្គោលភ្លើងមួយដើមតម្លៃ ត្រឹម៣៥០ដុល្លារ ។
លោក ជឹម សេងហុង ស្នងការរងទទួល ផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្ដកំពង់ចាម បានឱ្យដឹងថា ក្នុងប្រតិ បត្ដិការនេះ សមត្ថកិច្ចបានឃាត់ខ្លួន មនុស្ស៤នាក់ រួមមាន ១-សំ ថុល ភេទ ស្រី អាយុ៥៣ឆ្នាំ, ២-ច្រឹង សុភាព ភេទ ប្រុស អាយុ៥៣ឆ្នាំ(ទាំងពីរនាក់ត្រូវជា ប្ដី-ប្រពន្ធ), ៣-ច្រឹង សំណុល ហៅឆៃយ៉ា ហៅ ប៉ោង ភេទប្រុស អាយុ២៧ឆ្នាំ ជាកូន ត្រូវជាកូន និង៤-រ៉ាន់ និរោធ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម(ព្រូឡាន) និងរឹបអូស បានរថយន្ដ២គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A-3370 និងស្លាកលេខកំពង់ចាម 3A-2250 និងសសរបង្គោលភ្លើងចំនួន២២ ដើម ៕