កំពង់ធំ ៖ សាកសពបុរសម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់យ៉ាងអណោចអធ័មនៅចំណុចទំនប់អាងទឹក ស្ថិតក្នុងភូមិពង្រលីង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ កាលពីព្រឹកថ្ងៃទី១៦ កញ្ញា ២០១៣ ដែលធ្វើអោយមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋជាច្រើន ។
ប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានប្រាប់ថា ជនរងគ្រោះបានបាត់ពីផ្ទះអស់រយៈពេល ៣ថ្ងៃ មកហើយ គឺចាប់តាំងពីថ្ងៃទី១៤ កញ្ញា ២០១៣ មកម្ល៉េះ មិនដឹងជារូបគាត់ទៅណា ហើយក្រុមគ្រួសារបាននាំគ្នាដើររកដែរ តែរកមិនឃើញសោះ ទើបពេលនេះបានប្រទេះឃើញសាកសពតែម្តង។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាល បានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ម៉ែន សំណាង ភេទប្រុស អាយុ ៣៨ឆ្នាំ ស្លៀកខោខ្លីពណ៌ខ្មៅ ពាក់អាវយឺតដៃខ្លីពណ៌ស រស់នៅភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ។ ក្រោយធ្វើកោសល្យវិនិច្ឆ័យ បានឲ្យដឹងថា ជនរងគ្រោះខាងលើ ត្រូវបានឃាតករកាប់នឹងពូថៅត្រូវចំក្បាលផ្នែកខាងក្រោយ ចំនួន ៣ពូថៅ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត រួចអូសយកសាកសពយកទៅទម្លាក់ ចោលនៅចំណុចកើតហេតុខាងលើ ។
បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិនិច្ឆ័យរួច ក៏ប្រគល់សពទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យទៅតាមប្រពៃណី ។ ចំណែកខាងសមត្ថកិច្ចនគរបាល លោកពុំអាចឆ្លើយបំភ្លឺពីករណីនេះ ឲ្យបានលម្អិតនៅឡើយ សមត្ថកិច្ចខិតខំវាកមុខរកជនដៃដល់ក្នុងករណីឃាតកម្មនេះ អោយអស់ពីសមត្ថភាព ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕
» ព័ត៌មានជាតិ » ប្រទះឃើញសពនៅទំនប់អាងទឹក ក្នុងករណីឃាតកម្ម