ពោធិ៍សាត់: កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ រហូតមកដល់ថ្ងៃ១៤ ខែកញ្ញានេះ ។ ប៉ូលិសស្រុកភ្នំក្រវាញ ចុះបង្ក្រាបចាប់ឈើប្រណិតប្រភេទនាងនួនចំនួន ៨ ដុំ ប្រមាណជិតមួយម៉ែត្រគូប ស្ថិតនៅភូមិក្សេតបុរី ឃុំសន្ទ្រែ មិនទាន់បញ្ជូនមកឲ្យជំនាញរដ្ឋបាលព្រៃឈើនៅឡើយទេ ។
ប្រភពពីអ្នកភូមិ នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៣ មានកម្លាំងនគរបាលឃុំសន្ទ្រែ សហការជាមួយកម្លាំងអធិការនគរបាលស្រុក ចុះបង្ក្រាបចាប់ឈើប្រណិត នៅភូមិក្សេតបុរី បានប្រភេទឈើនាងនួនចំនួន ៨ ដុំ។ ប្រភពបានបន្តថា ការចុះបង្ក្រាបនេះ មិនឃើញមានជំនាញរដ្ឋបាលព្រៃឈើ សហការជាមួយទេ គឺមានតែខាងប៉ូលិសស្រុក និងប៉ូលិសឃុំប៉ុណ្ណោះ។
លោក យូរ ឃីម នាយសង្កាត់រដ្ឋបាលព្រៃឈើលាច បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះថា ឈើដែលថា ខាងប៉ូលិសចាប់នោះ មិនបានទទួលព័ត៌មានទេ ហើយក៏មិនឃើញគេ បញ្ជូនមកឲ្យជំនាញរដ្ឋបាលព្រៃឈើដែរ។
លោក វង សាវេត អធិការស្ដីទីស្រុកភ្នំក្រវាញ បានបំភ្លឺឲ្យដឹងនៅថ្ងៃទី១៤ កញ្ញា នេះថា កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា កម្លាំងប៉ូលិសរបស់លោក បានចុះបង្ក្រាបឈើ នៅចំណុចភូមិក្សេតបុរី ចាប់បានប្រភេទឈើធ្នង់ចំនួន ៨ ដុំ ស្មើជាង ៥ ផ្លាន បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក៕