ខេត្តក្រចេះ ៖ ប្រជាពលដ្ឋអ្នកលក់ដូរ នឹងឈ្មួញដឹកទំនិញ ព្រមទាំងមន្ត្រីគយតូចតាចនៅទូទាំងខេត្តក្រចេះ បានរអ៊ូរទាំពីពុករលួយ ភាពអសកម្មរបស់ លោក នាង វណ្ណា ជាប្រធានសាខាគយខេត្តក្រចេះ និងជាប្រធានស្នាក់ការគយប្រចាំច្រកត្រពាំងស្រែ-វ៉ាលឺដែល បានយកតួនាទីរបស់ខ្លួនទៅប្រមូលលុយច្រកហោប៉ៅតាមរបៀបពុករលួយ ហើយមន្ត្រីតូចតាចមួយចំនួនបានត្រឹមប្រាក់បន្តិបន្ទួចសម្រាប់បើករបបប្រចាំខែដែលលោកផ្តល់អោយតែប៉ុណ្ណោះ។
មន្ត្រីគយតូចតាចខាងលើបានបន្តទៀតថា លោក នាង វណ្ណា ក្នុងតួនាទីជាមេគយប្រចាំខេត្តក្រចេះ ហើយប្រពន្ធរបស់គាត់បានធ្វើជាប្រធានគណនេយ្យនៅក្នុងសាខាគយផង និងក្នុងស្នាក់ការគយត្រពាំងស្រែ-វ៉ាលឺ ផង គឺសម្រាប់ការនាំចូលទំនិញរបស់ក្រុមហ៊ុនធំៗ គេដឹងថាភរិយារបស់លោក នាង វណ្ណា គឺជាអ្នកជួយរត់ការពិនិត្យឯកសារនិងវាយតម្លៃពន្ធសម្រាប់ការនាំចូលទំនិញ គឺករណីនេះគ្មានតម្លាភាពទេ អាចកើតមានអំពើពុករលួយបាត់បង់ចំណូលថវិកាជាតិជាច្រើន ។
ប្រភពដ៏ដែលបន្តថា ទំនិញដែលនាំចូលតាមច្រកត្រពាំងស្រែ-វ៉ាលឺ ភាគច្រើនជាទំនិញផលិតនៅប្រទេសចិន វៀតណាម។ ទំនិញគេចពន្ធបច្ចុប្បន្ននេះ ត្រូវបានឈ្នួញធំៗដូចជា ហាក់ ម៉ៅ យាយញាប់ ឡុង ហ៊ួរ នាំចូលយ៉ាងអនាធិបតេយ្យតាមច្រកខាងលើដែលជាតួលេខជាក់ស្តែង ការនាំចូលទំនិញគេចពន្ធមានប្រហែលទៅដល់ ៩៥ភាគរយ គឺបង់ពន្ធបានប្រមាណ ៥ភាគរយប៉ុណ្ណោះ។ ប្រភេទទំនិញទាំងនោះខ្លះត្រូវបង់ពន្ធនាំចូលខ្ពស់ ប៉ុន្តែប្រពន្ធរបស់លោក នាង វណ្ណា គឺជាអ្នកជួយរត់ការឲ្យក្រុមឈ្មួញទាំងនោះរត់ពន្ធទំនិញដោយមិនចាំបាច់ភ័យព្រួយ ។
បើទោះបីជាមន្ត្រីមួយចំនួនមានតួនាទីតែងតាំងដោយអគ្គនាយកគយនិង រដ្ឋាករក៏ដោយ គឺពួកគេមានតែឈ្មោះចាំបើករបបដែលលោក នាង វណ្ណា និងប្រពន្ធ របស់គាត់បានផ្តល់ឲ្យតែប៉ុណ្ណោះ ព្រោះថា សាខាគយខេត្តក្រចេះនាពេលបច្ចុប្បន្ននេះ ស្ទើរតែគ្រប់គ្រងចាត់ចែងការងារដោយលក្ខណៈក្រុមគ្រួសាររបស់លោកស្ទើតែទាំងអស់ទៅហើយ។
មន្ត្រីគយតូចតាចមួយចំនួន និងប្រជាពលរដ្ឋសង្ឃឹថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងស៊ើបអង្កេតស្រាវជ្រាវពីភាពអសកម្មរបស់លោកប្រធានសាខាគយខេត្តក្រចេះ និងបក្ខពួករបស់គាត់ដែលកំពុងធ្វើព្យុះធ្វើភ្លៀងប្រមូលលុយច្រកហោប៉ៅផ្ទាល់ ។
អំពើពុករលួយទាំងនេះហើយដែលធ្វើអោយបាត់បង់ថវិកាជាតិ ខូចឈ្មោះមន្រី្តមួយចំនួនដែលគេអនុវត្តន៍ការងារត្រឹមត្រូវគោរពច្បាប់ ម្យ៉ាងវិញទៀត ដោយសារការឃុបឃិតនេះ ធ្វើអោយទំនិញដែលនាំចូលមកក្នុងប្រទេសរបស់យើងខូចគុណភាពព្រោះតែមិនបានពិនិត្យត្រឹមត្រូវបង្កការប៉ះពាល់ខ្ពស់ដល់អ្នកប្រើប្រាស់៕