ប៉ៃលិន ៖ ស្ត្រីដែលត្រូវប្តីចាកចោលនេះឈ្មោះ យាន ស៊ីណូ អាយុ២៧ឆ្នាំ មានកូនប្រុស២នាក់ក្នុងបន្ទុក គឺឈ្មោះ ខួន ពេជ្រ អាយុ៦ឆ្នាំ និងឈ្មោះ ខួន ពីន អាយុ៣ឆ្នាំ មានស្រុកកំណើតនៅឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ ចំណែកប្តីដែលទៅបាត់នោះ ឈ្មោះខួន ពៅ អាយុ២៨ឆ្នាំ ជាបុគ្គលិកកាស៊ីណូនៅក្រុងបាវិត មានស្រុកកំណើតនៅភូមិអង្គាសដី ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
រឿងរ៉ាវមួយបានបង្ហាញថា ស្ត្រីវ័យក្មេងម្នាក់កំពុងរស់នៅជាមួយកូនពីរនាក់ យ៉ាងលំបាកវេទនាជាទីបំផុត ដោយខិតខំប្រឹងប្រែងរកស៊ីលក់បន្លែនៅក្បែរផ្សារ ដើម្បីបានប្រាក់បន្តិចបន្តួចយកមកចិញ្ចឹមកូនទាំង ពីរនាក់រហូតដល់ធំ ។
នាងរៀបរាប់ថា ខណៈដែលនាងមានផ្ទៃពោះកូនទី២ ទើបតែបាន៧ខែប៉ុណ្ណោះ ប្តីដែលប្រាប់ថា ទៅលេងស្រុកកំណើតមួយរយៈនឹងត្រឡប់មកវិញ ស្រាប់តែទៅបាត់ស្រមោលឈឹង ទោះបីជាប្រពន្ធខំសន្សំលុយកាក់ទៅតាម ដើម្បីឱ្យមករួមរស់ជួបជុំគ្នាវិញ ក៏នៅតែមិនត្រឡប់មកដែរ និងសង្ស័យថា អាចមានប្រពន្ធថ្មីនៅឯស្រុកកំណើតបាត់ទៅហើយ ។ បើទោះបីជាអស់ភ្លើងស្នេហ៍ជាមួយប្រពន្ធក៏គួរ អាណិតកូនៗដែរ តើមានឈ្មោះជា
ឪពុកដែលផ្តល់កំណើតឱ្យកូនរបៀបណាទៅ បើចរិតដូចសត្វដែលខ្វះវិចារណញ្ញាណបែបនេះ ។
ប្រភពដដែលបន្តទៀតថា ក្រោយពីនៅលេងស្រុកប្តីបានពីរបីថ្ងៃនាងមិនអាចបន្ត រស់នៅជាមួយបាន ដោយសារប្តីទៅធ្វើការនៅកាស៊ីណូបាត់ៗពីផ្ទះមិនដែល មកជួបជុំមុខប្រពន្ធកូន ទើបនាងនិងកូនប្រុសទាំងពីរនាក់ត្រឡប់មកខេត្តប៉ៃលិនវិញ។ តាំងពីប្តីចេញពីផ្ទះទៅស្រុកកំណើតធ្វើការនៅ កាស៊ីណូនោះមក អត់ដែលផ្ញើលុយមួយកាក់មួយ
សេនឱ្យនាងនិងកូន ជាទីស្រឡាញ់ទាំងពីរនាក់ទេ គឺនាងខំប្រឹងប្រែងទាំងត្រដាបត្រដួសរស់ទាំងក្តី លំបាកវេទនា រកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹកតាំងពីកូនទីពីរនៅ ក្នុងផ្ទៃពោះ៧ខែ ដោយនាងលក់បង្អែម ។ លុះក្រោយមកដោយលក់អត់សូវដាច់ ក៏ប្តូរទៅលក់បន្លែវិញ ដើម្បីរកកម្រៃចិញ្ចឹមកូនទាំងពីរនាក់ជារៀងរហូតមក ។
ថ្មីៗនេះនាងបានឮដំណឹងថា បើសិនជានាងសុខចិត្តទៅរស់នៅឯខេត្តស្វាយរៀង ជាមួយគេនឹងយកនាងធ្វើជាប្រពន្ធដដែល ព្រោះគេមិនអាចលះបង់បងប្អូនមករស់នៅលំបាកវេទនា ជាមួយប្រពន្ធនៅឯខេត្តប៉ៃលិនបានទេ ។
ដូច្នេះនាងចង់ឈ្នះសាកមើលនៅពេលភ្ជុំបិណ្ឌខាងមុខ ឆាប់ៗនេះ នាងមានបំណងទៅរស់នៅទីនោះមួយរយៈពេល ចាំមើលថា តើលោកប្តីមានប្រពន្ធថ្មីទៀតនៅឯស្រុក កំណើតរបស់ គេ ឬយ៉ាងណាបានជាអត់នឹកនាប្រពន្ធនិងកូនទាំងពីរនាក់ ទាល់តែសោះបែបនេះ ៕
» Breaking News, ព័ត៌មានជាតិ » ស្រឡាញ់ល្អពេលល្អក់កករចាកចេញលែងអាល័យ