ភ្នំពេញ៖ រថយន្តដឹកដីមួយគ្រឿងបុកគ្នាជាមួយរថយន្តកាមរីបាឡែន នៅចំណុចគល់ស្ពាន ស្ទឹងមានជ័យ បង្កភាពកកស្ទះចរាចរណ៍ជាច្រើនម៉ោង ស្ថិតតាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទំនប់ទឹក នៅម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣។ ខណៈដែលរថយន្តដឹកដីធុនធំ ម៉ាក ហ៊ីយ៉ាន់ដាយមួយគ្រឿង បើកលឿន ជ្រុលបុកគាបជាប់រថយន្តកាមរីបាឡែ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកាមរីបាឡែនមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2X-9046 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ការដ្ឋានស្ថាបនាស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែមានរថយន្តដឹកដីធុនធំមួយគ្រឿង បើកបរក្នុងល្បឿនលឿន ស្របទិសគ្នាជាមួយរថយន្តកាមរីបាឡែន បានរេចង្កូតជ្រុលបុកគូទរថយន្តកាមរីបាឡែនខូចខាតផ្នែកខាងក្រោយ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការកកស្ទះចរាចរណ៍នៅចំណុចកើតហេតុជាច្រើនម៉ោងទើបសមត្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញចុះទៅ សម្រួលចរាចរណ៍ឲ្យមានលក្ខណៈធម្មតាឡើងវិញ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រថយន្តកាមរីបាឡែន ឈ្មោះ គីន ឆវីរ៉ាន់ អាយុ៤២ឆ្នាំ ស្នាក់នៅផ្ទះលេខ ៩៦ ផ្លូវលេខ៥៧ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។ ក្នុងហេតុការណ៍ខាងលើនេះ មិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង នាំយករថយន្តទាំងពីរគ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌ ចំការមន ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕