កំពង់ធំ៖ បទល្មើសដឹកជញ្ជូនឈើគ្រញូង នៅតែបន្តដឹកយ៉ាងគគ្រឹកគ្រេងឆ្លងកាត់ខេត្តកំពង់ធំ ដោយមិនមានការខ្លាចញញើតពីសំណាក់សមត្ថកិច្ចឡើយ ដោយសារតែគេដឹងថា សមត្ថកិច្ចមួយចំនួនធំ ត្រូវបានមេ ឈ្មួញបង់ក្បាលឡានអស់ហើយ ចំណែកសមត្ថកិច្ចមួយចំនួនតូច ព្យាយាមបង្ហាញស្នារដៃ ឲ្យឈ្មួញឃើញ ក្រែងឈ្មួញចរចា ។
ជាក់ស្តែងរថយន្តកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2A-7376 បានដឹកឈើគ្រញូងពេញមួយឡាន ត្រូវបានផ្នែករដ្ឋបាលព្រៃឈើស្ទោង ដឹកនាំដោយ លោក តុង យី នាយផ្នែកសហការជាមួយនិងកម្លាំង នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ស្ទាក់ចាប់បានរថយន្តដឹកឈើគ្រញូង នៅចំនុចវាលស្រែ១០០ ស្ថិតនៅក្នុងភូមិ កំពង់ធំ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោយពីស្ទាក់ចាប់បានរថយន្តបានសម្រេច ត្រូវបាននាំរថយន្តមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្ទោង ដើម្បីធ្វើការវាស់វែង ដែលមានឈើសរុបចំនួន ៧៤ដុំ ស្មើនឹង៩៥៥ គ.ក។
តាមការឲ្យដឹងពីលោក តុង យី នាយផ្នែករដ្ឋបាលព្រៃឈើស្ទោង បានឲ្យដឹងថា មុនពេលចាប់ឃាត់រថយន្ត ដឹកបទល្មើសនេះ លោកបានទទួលព័ត៌មានថាមមានរថយន្ត សង្ស័យមួយគ្រឿង បានចរាចរនៅលើ កំណាត់ផ្លូវជាតិលេខ ៦ បំរ៉ុងឆ្លងកាត់ខេត្តកំពង់ធំ ទើបលោកបានសុំសហការជាមួយនិង កំលាំងប៉ូលិសខេត្តដើម្បីអនុវត្តន៍វិធានការបង្ក្រាប រថយន្តដែលបានបើករត់តាមបណ្តោយផ្លូវលំ ចំណុចវាលស្រែ១០០ ចូលផ្ទះ អ្នកភូមិ ដើម្បីលាក់ខ្លួន ក្រោយមកក៏បែកការណ៍ក៏បានបើកពីផ្ទះអ្នកភូមិរត់ ក៏ត្រូវបានកម្លាំងស្ទាក់ចាប់បានតែម្តង ក្នុងនោះដែរ លោកតុង យី បានថ្លែងអំណរគុណ ដល់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលបានសហការល្អ រហូត ឈាន់ដល់ការបង្ក្រាបរថយន្តដឹកបទល្មើសទទួលបានលទ្ធផលជោគជ័យ ៕