នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ ក្រសួងមហាផ្ទៃ បានចេញលិខិតមួយដែលក្នុងនោះបាន ស្នើអោយអង្គការ សមាគម និងអង្គការក្រៅរដ្ឋាភិបាល អនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយតម្លាភាព និងអព្យាក្រឹតភាព។
លិខិតសរសេរថា សព្វថ្ងៃមានអង្គការសមាគមមួយចំនួន កំពុងផ្តល់ការគាំទ្រដល់បុគ្គល និងគណបក្សនយោបាយមួយ តាមរយៈការធ្វើសកម្មភាពនានា ដូចជាការអំពាវនាវអោយពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សនយោបាយមួយ ឬការធ្វើចលនាអោយប្រជាពលរដ្ឋធ្វើបាតុកម្មតវ៉ាប្រឆាំងទៅនឹងបុគ្គល ឬគណបក្សនយោបាយមួយ ឬស្ថាប័នរបស់ជាតិ ឬរបស់រដ្ឋាភិបាល ឬលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជាដើម។ សកម្មភាពទាំងនោះ មានលក្ខណៈផ្ទុយពីលក្ខន្តិកៈរបស់អង្គការសង្គមស៊ីវិល សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងច្បាប់នានាជាធរមាន។
បើតាមលិខិតខាងលើគេសង្កេតឃើញថា មិនបានបញ្ជាក់ពីឈ្មោះគណបក្សនយោបាយដែលថាមានអង្គការសង្គម ស៊ីវិល ជួយគាំទ្រពីក្រោយនោះទេ ហើយលិខិតក៏មិនបានបញ្ជាក់ឈ្មោះអង្គការ សមាគមដែលគាំទ្រគណបក្សនយោបាយមួយនោះដែរ៕
» ព័ត៌មានជាតិ » ក្រសួងមហាផ្ទៃ ចេញលិខិតមួយស្នើឲ្យសង្គមស៊ីវិលធ្វើការងារអោយមានតម្លាភាព