ភ្នំពេញ៖ នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៣នេះ មានអាពាហ៍ពិពាហ៍ប្លែកមួយរវាងកូនភ្លោះបង្កើតមួយគូរៀបមង្គលការ នៅក្នុងសង្កាត់ទន្លេបាសាក់ ដែលធ្វើអោយប្រជាពលរដ្ឋ នៅក្នុងតំបន់ មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដឹងថា ពិធីមង្គលការកូនភ្លោះនោះ បានរៀបចំតាមប្រពៃណីខ្មែរ ដូចមង្គការគូស្វាមីភរិយាទូទៅ។ ដែលប្រជាជនមួយចំនួន ធ្លប់បានដឹង និងជឿលើអប្រិយជំនឿថា ធ្វើពិធិនេះ ធ្វើឡើងដើម្បីរក្សាកូនទាំងពីរនោះអោយមានអាយុវែងព្រមទាំងសុភាពល្អបរិបូរផងដែរ។ ប៉ុន្តែគេធ្វើក្នុងលក្ខណៈតូចតាចរឺអាចនិយាយថា ដើម្បីបង្គ្រប់ៗតែប៉ុណ្ណោះ។
ស្ត្រីមេមាយឈ្មោះ ម៉ាន សុផានី ជាម្តាយកូនភ្លោះដែលត្រូវរៀបអាពាហ៍ពិពាហ៍បានរៀបរាប់ឲ្យ ដឹងថាកូនភ្លោះទាំងពីរនាក់នោះមានអាយុ១២ឆ្នាំហើយដោយម្នាក់ជា កូនប្រុសឈ្មោះ ច័ន្ទ ពោជិវង្ស ចំណែកម្នាក់ទៀតជាកូនស្រីឈ្មោះ អប្សរ ។ ស្ត្រីរូបនោះ បញ្ជាក់ថាមូលហេតុដែលគាត់រៀបអាពាហ៍ពិពាហ៍ឲ្យកូនភ្លោះ របស់គាត់យល់ឃើញថាកូនភ្លោះទាំងពីរនាក់នេះគឺជាតិមុនជា ប្ដីប្រពន្ធឬគូសង្សារដែលស្រឡាញ់គ្នាស្លាប់រស់ ហើយ បានមកចាប់ជាតិក្នុងផ្ទៃពោះរបស់គេ ។
លោកស្រី ម៉ាន សុផានី បាន បន្តថាពិធីមង្គការកូនភ្លោះទាំងពីរនាក់នេះគឺ បានរៀបចំទៅតាមប្រពៃណីខ្មែរត្រឹមត្រូវដូចរៀបការធម្មតាដោយរួមមាន ទាំងអាចារ្យ ផងដែរ ។ លោកស្រីបានរម្លឹកឡើងវិញថាបើតាមប្រពៃណីខ្មែរយើងឲ្យតែមានកំណើត កូនភ្លោះគឺត្រូវតែរៀបចំពិធីមង្គលការឲ្យពួកគេដើម្បីជៀសវៀង គ្រោះថ្នាក់ផ្សេងៗ ដែលធ្វើឲ្យមានការបែកបាក់គ្នា ។ ប៉ុន្តែការរៀបមង្គលការនោះ គឺមានតូចមានធំតាមលទ្ធភាពគ្រួសារឬអាណាព្យាបាលរបស់ពួកគេ ។ ដោយឡែកសម្រាប់កូនភ្លោះ របស់គាត់គឺគាត់ បានរៀបចំដូចមង្គលការទូទៅដោយមានទាំងពិធីដង្ហែជំនួន ហែកូនកម្លោះ ពិធីកាត់សក់ រួមទាំងពិធីសែនចងដៃ និងព្រះបរិត្តជាដើម ។ ទន្ទឹមនោះក៏មានពិធីពិសារភោជនីយអាហារពេលល្ងាចផងដែរ៕