ភ្នំពេញ៖ តារាសម្ដែងថ្មីដែលកំពុងតែកាក់កបនឹងអាជីពព្រោះបានឱកាសថតរឿងបន្តពីមួយទៅមួយនាងជុំ រចនាពេជ្រ ហៅបេប៊ីតារាសម្តែងរះឡើងដោយមិនបានប្រឡងកម្មវិធីអ្វីនោះពេលកំពុងមមាញឹកការងារសិល្បៈ ដូចជាថតរឿងពីរទន្ទឹមគ្នា និងការដើរម៉ូដដោយសារសមត្ថភាព និងទេពកោសល្យផ្ទាល់ខ្លួន។
ក្នុងវ័យ១៧ឆ្នាំ កញ្ញា រចនា ពេជ្រ បានរៀបរាប់ពីមុនពេលចូលវិស័យសិល្បៈថា ដើមឡើយជាសិស្សសាលាមួយរូបដែលស្រឡាញ់ចូលចិត្ត បន្ទាប់មកប៉ាម៉ាក់និងបងប្រុសឃើញដូច្នេះក៏ជួយជ្រោមជ្រែង ព្រោះឃើញខ្ញុំដើរម៉ូដនៅក្នុងផ្ទះចុះឡើង ដល់ពេលពេញវ័យក៏សុំពួកគាត់ចូលសិល្បៈតែម្តងហើយចូលសិល្បៈនេះ គឺមិនបានឆ្លងកាត់ការប្រឡងកម្មវិធីសិល្បៈណាមួយឡើយ។ កញ្ញាបន្តថា អ្នកជួយគឺបងប្រុសកញ្ញាដែលមានមិត្តភក្តិនៅទូរទស្សន៍ច្រើនគាត់ក៏ទៅសុំឲ្យគេជួយកញ្ញាផងដែរ។ដោយឃើញការសម្តែងរបស់កញ្ញាចេះតែល្អនឹងធ្វើអ្វីក៏បាន រហូតបានឡើងមកលេងនៅស៊ីធីអិន និងមានមុខមាត់មកទល់សព្វថ្ងៃ។
នាពេលបច្ចុប្បន្ននេះ នាងកំពុងតែជាប់កុងត្រាថតជាតួរងក្នុងរឿង “ម៉ឺនុយធ្នាក់អន្ទាក់ស្នេហ៍” ឱ្យផលិតកម្មមហាហង្ស និងរឿង “ព្រហ្មលិខិត” ឱ្យ CTN ។
ស្រីស្រស់ បេប៊ី ដែលឡើងកូដដោយសារភាពសិចស៊ី បន្ទាប់ពីដើរតួរាយរងមួយរយៈនាងត្រូវបានអ្នកដឹកនាំងលើកស្ទួយ ដោយសន្យាឱ្យនាងដើរជាតួឯកព្រោះបានឃើញពីទេពកោសល្យសម្តែងអាចទទួលយកបាន។
តារាស្រីវ័យក្មេង កញ្ញា រចនាពេជ្រ បានប្រាប់ឲ្យដឹងថា កញ្ញាមានការមមាញឹកខ្លាំងមួយរយៈនេះព្រោះទើបតែទទួលការថតរឿងថ្មី ដែលដើរជាតួឯកលើកទីមួយហើយរឿងមុនៗកំពុងដំណើរការថតធម្មតា។ បើថតស្ប៉តខ្លីៗជាមួយតារាកំប្លែងនាយពែកមី គឺមានច្រើនហើយក៏មានឡើងប៉ុស្តិ៍ទូរទស្សន៍ជាប់គ្នាឲ្យរដឹកតែម្តង។
តារាសម្តែងក្រោយពីមានការជួយពីបងប្រុសបានបន្តថានាងដើរតួច្រើនតែជាតួកាចឆ្នាស់តែចរិកពីធម្មជាតិមិនមែនបែបនោះទេ គឺស្លូតបូត រួសរាយ។មិនថាតួអ្វីនោះទេ នាងតែងតែសម្តែងបានទាំងអស់ដូចជា តួកាច ស្លូតក្រមិចក្រមើម ម្ញិកម្ញក់។
ជាមួយនោះដែរកញ្ញា ជុំ រចនាពេជ្រហៅបេប៊ីក៏បានថ្លែងអរគុណយ៉ាងខ្លាំងដល់បណ្តារៀមច្បងគ្រប់ផ្នែកដែលជួយនាងឱ្យបានចេញមុខក្នុងសិល្បៈ មានការងារសម្តែងបានគ្រប់កន្លែងនិងឱ្យតម្លៃនៃការរំលេចទេពកោសល្យរបស់នាងបើសិនជាយើងសម្តែងល្អហើយ គ្មានអ្នកនៅពីក្រោយជួយជ្រោមជ្រែងក៏មិនអាចជួយឱ្យយើងបានលូតទៅមុខដែរ៕