ភ្នំពេញ ៖ លោកឧកញ៉ា ឃី គីមលន់ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួន និងចោទប្រកាន់ពីបទប្រើប្រាស់អាវុធខុសច្បាប់ ខណៈប៉ះទង្គិចជាមួយក្បួនឃោសនា របស់គណបក្សសង្គ្រោះជាតិ កាលពីពេលកន្លងមក ត្រូវបានសភាស៊ើបសួរសាលាឧទ្ឋរណ៍ សម្រេចឲ្យនៅក្រៅឃុំ បណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៣ ។ គួររំលឹកថា ឧកញ៉ា ឃី គីមលន់ និងឈ្មោះ អ៊ុង ច័ន្ទថន ហៅតឿ ត្រូវបានកងរាជអាវុធ ហត្ថ រាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៣ នៅផ្តុំផ្សារដើមថ្កូវ ខណ្ឌ ចំការមន ។ ដើមចមនៃការឃាត់ខ្លួននេះ កើតឡើងគ្រាដែល គណបក្សសង្គ្រោះ ជាតិ បានដង្ហែក្បួនឃោសនា នៅមុខផ្ទះឧកញ៉ា ឃី គីមលន់ ក៏កើតមានជម្លោះពាក្យសម្តីតែម្តង ។
ប្រភពបានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣ សភាស៊ើបសួរសាលាឧទ្ធរណ៍ បានជំនុំជម្រះ សំណុំរឿងនេះជាអសាធារណៈ ដោយមាន លោក សេង ស៊ីវុត្ថា អនុប្រធានសាលាឧទ្ធរណ៍ ជាប្រធាន និង លោក ហ៊ាន រិទ្ឋ ជាតំណាងមហាអយ្យការ ។
ដល់ថ្ងៃកំណត់ សាលាឧទ្ឋរណ៍បានអនុញ្ញាតឲ្យឧកញ៉ា ឃី គីមលន់ បាននៅក្រៅឃុំបណ្តោះ អាសន្ន ដោយភ្ជាប់លក្ខខណ្ឌមួយចំនួន ដូចជា មិនឲ្យចេញទៅក្រៅប្រទេស មិនឲ្យផ្លាស់ប្តូរ ទីលំនៅ និងមិនឲ្យកាន់កាប់អាវុធ ជាដើម ។
ជម្លោះនេះ បានក្លាយជាកំហឹងច្រានទ្រូងគ្នាទៅវិញទៅមក រហូតបណ្ដាលឲ្យសកម្មជនគណបក្ស សង្គ្រោះជាតិ មួយចំនួនបានច្រានទ្វារ រួចសម្រុកចូលផ្ទះ ដោយស្រែកថា ម្ចាស់ផ្ទះបានចាប់ បក្ខពួកខ្លួន ៣នាក់ ។ ដោយសារមិនអាចគ្រប់គ្រងសភាពការណ៍ បានសកម្មជនគណបក្ស សង្គ្រោះជាតិ បានគប់ដុំថ្ម យ៉ាងប្រសេចប្រសាច បណ្តាលឲ្យបែកកញ្ចក់រថយន្ត ៣ គ្រឿង ព្រមទាំងសម្ភារៈ មួយចំនួនទៀត ទើបធ្វើឲ្យ ឧកញ៉ា ឃី គីមលន់ ដកកាំភ្លើងខ្លីម៉ាកអាកា៥៩ បាញ់ឡើងលើ៣គ្រាប់ ដើម្បីបន្ទច់បង្អាក់ សកម្មភាព នេះ ។ បន្ទាប់មក សមត្ថកិច្ច បាន ចុះ មកឃាត់ខ្លួនឧកញ៉ា ឃី គីមលន់ និង ឈ្មោះ អ៊ុង ច័ន្ទថន តែម្តង ។
ពេលបញ្ជូនមកតុលាការសាកសួររួចហើយ ឈ្មោះ អ៊ុង ច័ន្ទថន ត្រូវបានដោះលែង ។ ចំណែកឧកញ៉ា ឃី គីមលន់ ត្រូវបានឃុំខ្លួនដាក់ពន្ឋនាគារ។ នៅចន្លោះពេលនោះ ឧកញ៉ា ឃី គីមលន់ បានដាក់ពាក្យសុំនៅក្រៅឃុំ តែត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បដិសេធ ។ ក្រោយមក ឧកញ៉ា ឃី គីមលន់ ប្តឹងឧទ្ឋរណ៍ ។
ស្របពេលជាមួយគ្នានេះ យោងតាមលទ្ឋផលបោះឆ្នោតផ្លូវការ របស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃអាទិត្យ បង្ហាញថា លោក ឃី វណ្ណដេត ត្រូវជា បងប្រុសបង្កើតរបស់លោក ឃី គីមលន់ បានជាប់ឆ្នោតជាតំណាងរាស្ត្រ មណ្ឌលខេត្តតាកែវ មកពីគណបក្សសង្គ្រោះជាតិ ។ ប៉ុន្តែ ទោះបីយ៉ាងនេះក្តី ពីរនាក់
បងប្អូនបង្កើត នេះ មិនត្រូវ រ៉ូវគ្នា នោះទេ ដោយសារប្រកាន់និន្នាការនយោបាយ រៀងៗខ្លួន ៕ ឃុន ពិមោច
» Breaking News, ព័ត៌មានជាតិ » ឧកញ៉ា ឃី គីមលន់ បាននៅក្រៅឃុំបណ្តោះអាសន្នហើយ