ភ្នំពេញ៖ដោយទទួលបានការឧបត្ថម្ភនូវកញ្ចប់ថវិកាពីសហគមន៍អឺរ៉ុប អង្គការសេដាកបាន អនុវត្តនូវគម្រោងរយៈពេល៥ឆ្នាំ(២០១១-២០១៥)របស់ខ្លួន ជាមួយនឹងប្រជាពលរដ្ឋដែលងាយ រងគ្រោះ និងភាពអន់ឃ្លានក្នុងចំណោមប្រជាកសិករក្រីក្រនៅក្នុងតំបន់ដីស្ងួតនៃខេត្ត សៀម រាប តាមរយៈការពង្រឹងសមត្ថភាពប្រជាកសិករសម្រាប់ទប់ទល់ជាមួយនឹងការបម្រែបម្រួលអាកាសធាតុ គ្រោះរាំងស្ងួត រួមទាំងការបាត់បង់ជីវជាតិដីក្នុងការបង្កបង្កើនផលជាដើម។
នៅក្នុងដំណើរទស្សនកិច្ចស្វែងយល់ រៀនសូត្រអំពីបទពិសោធន៍ទប់ទប់នឹងការបម្រែបម្រួលអាកាសធាតុរយៈពេល២ថ្ងៃនៅដើមសប្តាហ៍នេះ របស់ក្រុមអ្នកសារព័ត៌មាននៅលើទឹកដីស្រុកអង្គជុំ ខេត្តសៀមរាប បានជួបផ្ទាល់ជាមួយកសិកររស់នៅក្នុងតំបន់ដីស្ងួត ដែលជាតំបន់ប្រឈមនឹងគ្រោះរាំងស្ងួត កង្វះទឹកប្រើប្រាស់ និងការធ្វើចំណាកស្រុកខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ។
ជួបជាមួយកសិករវ័យ៤៦ឆ្នាំម្នាក់ ឈ្មោះ ឈាន ឈឿន ជាជនពិការជើងខាងឆ្វេង និង ស្ត្រីឈ្មោះ ខី ណាល់ ជាប្រពន្ធមានកូនក្នុងបន្ទុក៧នាក់ រស់នៅភូមិរាជជន្ទល់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ប្រកបមុខរបរធ្វើស្រែដែលជាអ្នកទទួលបានការអនុវត្តនូវគម្រោងផ្ទាល់ពីអង្គការសេដាកក្រោមជំនួយពីអង្គការប្លេន និងសហគមន៍អឺរ៉ុប បានរៀបរាប់អំពីខ្សែជីវិតក្រីក្រ និងភាពលំបាកវេទនារបស់គ្រួសារគាត់ថា ដើមឡើយគ្រួសារគាត់គឺជាគ្រួសារក្រីក្របំផុតនៅក្នុងភូមិស្រែខ្វាវ ជួបប្រទះនូវភាពអន់ឃ្លានបានព្រឹកខ្វះល្ងាច ដើរស៊ីឈ្នួលដក ស្ទូង និងខ្ចីបុលជំពាក់គេ ធ្វើការសងគេមិនចេះរួចពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីចិញ្ចឹមគ្រូសារ។
ស្ត្រី ខី ណាល់ បានប្រាប់ថា ដោយសារកត្តាជីវភាពក្រក្រី និងភាពទ័លច្រកនេះហើយបានធ្វើ ប្តីគាត់( ឈាន ឈឿន) ខូចចិត្ត នឹងខ្លួនជាជនពិការផង ហើយជំពាក់លុយគេវ័នករទៀត ក៏បានដើរផឹកស្រាស្រវឹងអ៊ួទីនួរស្ទើក្លាយជាជនប្រម៉ឹកប្រចាំភូមិ រករឿងប្រពន្ធកូនមិនលោះពេល រហូតដល់អ្នកស្រុក អ្នកភូមិគេមិនចង់រាប់រកថែមទាំងប្រមាថមើលងាយជាហូរហែ ។ ជាងនេះទៅទៀតនោះជីវភាពគ្រួសារកាន់តែដុនដាបទៅៗពីមួយថ្ងៃទៅមួយថ្ងៃថែមទៀត កូនៗទាំង ប្រុសស្រីមិនបានចូលសាលារៀន ព្រោះរវល់ដើរស៊ីឈ្នួលធ្វើការជាមួយម្តាយដើម្បីដូរបាយហូបប្រចាំថ្ងៃ។
កសិករ ឈាន ឈឿន បានរៀបរាប់ថា នៅអំឡុងឆ្នាំ២០១១ គ្រួសារលោកបានទទួលការ លើកទឹកចិត្តពីអង្គការសេដាក តាមរយៈការជួយបណ្តុះបណ្តាលគំនិតច្នៃប្រឌិតនូវរបៀបរស់នៅមានតម្លៃក្នុងសង្គម និងបានផ្តល់ទុនជាថវិការចំនួន១០ម៉ឺនរៀល សម្រាប់ទិញ មេមាន់ និង រៀបចំទ្រុងចិញ្ចឹមមាន់ ទា ក្រៅពីនោះអង្គការសេដាកបានជួយបណ្តុះបណ្តាលពីវិធីសាស្ត្រ ដាំដំណាំរួមផ្សំមួយចំនួននិងរបៀបធ្វើស្រែលើដីតិចបានផលច្រើន និងមិនប្រើប្រាស់សារធាតុជីគីមី ដើម្បីទ្រទ្រង់ជីវភាពគ្រួសារប្រចាំថ្ងៃ ។
កសិកររូបនោះបន្តថា រយៈ៤ខែក្រោយមកលោកបានទទួលផលពីមាន់ដែលលោកចិញ្ចឹមជាលើកដំបូងបានចំនួន២០ក្បាល លក់យកលុយមកផ្គត់ផ្គង់ជិវភាពគ្រួសារ និងពង្រីកមុខរបរបន្ថែមលើការចិញ្ចឹមសត្វមាន មាន់ ទា ដែលគិតមកដល់ពេលនេះមានរយៈពេល២ឆ្នាំលោកបានលក់មាន់ ទាបានប្រមាណជាជាង១ពាន់គីឡូក្រាម ។ មួយវិញទៀតស្របពេលជា មួយគ្នាលោកបានធ្វើសួនដំណាំលើដីភូមិជាលក្ខណៈគ្រួសាររួមមាន ដាំត្រប់ ម្ទេស ស្ពៃ ត្រគួន ននោង ជាដើម អាចលក់បានប្រាក់ជារៀងរាល់ថ្ងៃ ហើយក្នុង១ខែៗគ្រួសារលោកអាចរកប្រាក់បានពី២០ទៅ៤០ម៉ឺនរៀលទៅតាមស្ថានភាពអាកាសធាតុជាក់ស្តែង ។
ទន្ទឹមនឹងនោះ គ្រួសារលោកឈឿនបានទទួលការបណ្តុះបណ្តាលពីរបៀបធ្វើស្រែ ដោយបោះបង់ទម្លាប់ធ្វើស្រែតាមរបៀបចាស់ មកចាប់យកការធ្វើស្រែបែបថ្មី តាមប្រព័ន្ធប្រពលវប្បកម្ម មានន័យថា បោះបង់ស្រែឃ្លោក (ប្រើដើមទុននិងពូជច្រើនតែបានទទួលបានផលតិច) មកចាប់យកស្រែខ្លឹម (ទុនតិច ដីតូច តែទទួលបានផលច្រើននិងគ្មានសារធាតុគីមី) គឺបានទាំងផល មានទាំងសុខភាពល្អដល់ក្រុមគ្រួសារ។
បើទោះជាយ៉ាងនោះក៏ដោយ កសិកររូបនេះនូវបានសម្តែងកង្វល់នាពេលរដូវរាំងស្ងួតអាច ចូលមកនៅពេលណាមួយនោះ គឺផលដំណាំដែលលោកបានដាំអាចរងការខូចខាត បើទោះជាលោកបានអនុវត្តន៍តាមគោលការណ៍ បម្រែបម្រួលរបស់អង្គការសេដាកហើយក៏ដោយតែ រាំងស្ងួតរយៈពេលយូរនោះពិតជាប៉ះពាល់ផលដាំណាំរបស់គាត់មិនខាន ។ ពិសេសនោះគឺដំណាំស្រូវរបស់កសិករក្នុងតំបន់ដីស្ងួរនេះ។ លោកបានស្នើដល់អង្គការដៃគូរជាតិ អន្តរជាតិ មន្ទីរ ក្រសួង ឬស្ថាប័នរដ្ឋពាក់ព័ន្ធ និងសប្បុរសជន ដែលមានលទ្ធភាពអាចជួយកសាងប្រព័ន្ធ ធារសាស្ត្រ ជីកជាប្រឡាយនាំទឹកពីតំបន់ប្រភពទឹក ដែលមានទីតាំងនៅមិនឆ្ងាយពីតំបន់ដីស្ងួតប៉ុន្មានឡើយ មកកាន់តំបន់នេះបាននោះ ពួកគាត់ពិតជាមានសេចក្តីរីករាយជាខ្លាំង ហើយ ពួកគាត់អាចពង្រីកមុខរបរកសិកម្មរបស់ខ្លួនបានបានគ្រប់រដូវ ដោយមិនបាច់ធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសគេនោះទៀតឡើយ ។
សូមបញ្ជាក់ថា មូលដ្ឋានស្រុកអង្គជុំនេះ មានឃុំមួយចំនួន តែងតែរងនូវផលប៉ះពាល់ ដោយសារភាពរាំងស្ងួត ព្រោះតំបន់នោះខ្សត់ទឹក ខ្វះទឹកសម្រាប់ប្រើប្រាស់ និងស្រោចស្រពទៅលើកសិផល គឺធ្វើស្រែពឹងអាស្រ័យលើទៅលើទឹកភ្លៀងតែប៉ុណ្ណោះ។ ក្នុងឃុំទាំង៧របស់ស្រុកអង្គជុំ មាន៣ឃុំដែលតែងតែខ្វះទឹកប្រើប្រាស់ ដូចជា ឃុំ ស្រែខ្វាវ ឃុំ គោល និងឃុំដូនពែង ហើយធ្លាប់បានស្នើសុំជំនួយពីកាកបាទក្រហមកម្ពុជាជារៀងរាល់ឆ្នាំ ៕ ដោយ៖ វិជ្ជា