មណ្ឌលគិរី ៖ កាលពីវេលាម៉ោង៤ ទៀបភ្លឺថ្ងៃទី១០ កញ្ញា នៅចំណុចជិតព្រំប្រទល់ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ជិតទីស្នាក់ការសន្ដិសុខលេខ៧៦១ ស្ថិតក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ។
រថយន្តរបស់ចាងហ្វាងកាសែតក្នុងស្រុកមួយដែលគេពុំសូវ ស្គាល់ឈ្មោះត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារយ៉ាងចាស់ដៃ កាលពីវេលាទៀបភ្លឺ ខណៈពេលដែលអ្នកកាសែតរូបនោះរួមនឹងសហការីបាននាំគ្នាបើក រថយន្តដេញតាមរថយន្តដឹកឈើប្រណីតរបស់ក្រុមឈ្មួញសង្គមងងឹត ។
ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ក្រោយទទួលព័ត៌មានថា នៅស្រុកកែវសីមាមានបទល្មើសព្រៃឈើកើតឡើងជាហូរហែ នោះ អ្នកកាសែតមួយក្រុមដែលមានចំនួន៥នាក់ ធ្វើដំណើរដោយរថយន្តចំនួន២គ្រឿង មួយគ្រឿងម៉ាកកាមរីគូទស្វិត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២B-៧៨៤៣ និងមួយគ្រឿងទៀតម៉ាកកាមរីឆ្លាម ពណ៌ប្រផេះ ពុំ
ស្គាល់ស្លាកលេខ បានធ្វើដំណើរពីស្រុកស្នួលខេត្តក្រចេះ មកស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីតាមថតរថយន្តដឹកឈើប្រណីត ។ គេមិនដឹងថា ការតាមប្រមាញ់រថយន្តដឹកឈើរបស់ក្រុមឈ្មួញនេះ ដើម្បីអ្វីនោះទេ ព្រោះការដេញចាប់ជាភារកិច្ចរបស់សមត្ថកិច្ច និងមន្ត្រីជំនាញ ហើយបើជាការប្រមាញ់ព័ត៌មានក៏មិនមែនលើកគ្នាដេញ
បែបនេះដែរ ដូចជាមិនត្រឹមត្រូវសោះក្នុងនាមជាអ្នកកាសែត ។
លោកអធិការរងនគរបាលស្រុកកែវសីមាបានឲ្យអរិយធម៌ដឹងថា ចំពោះរឿងបាញ់មកលើរថយន្តរបស់អ្នកកាសែតខាងលើនោះ សមត្ថកិច្ចនៅពុំទាន់ទទួលព័ត៌មានច្បាស់លាស់នៅឡើយទេ នារសៀលថ្ងៃទី១០ កញ្ញា ។ នៅស្រុកកែវសីមាកាលពីអំឡុងខែសីហា ឆ្នាំ២០១៣ កន្លងទៅ ក៏មានករណីវាយបំផ្លាញរថយន្តរបស់អ្នកកាសែតដើមអម្ពិល ម្នាក់ផងដែរ ហើយត្រូវបានដោះស្រាយសំណងក្នុងចំនួនតិចតួចបំផុត ។ មានការលើកឡើងថា សិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មានកំពុងស្ថិតនៅក្នុងការ ព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ខណៈករណីវាយតប់ និងបាញ់បោះមកលើអ្នកកាសែតកំពុងតែកើតមានជាហូរហែក្នុងការតាម ប្រមាញ់ព័ត៌មានពីជំនួញឈើប្រណីតនៅតំបន់នោះដែលគេនិយាយថា ឈ្មួញឈើខ្លះក្លាយជាម៉ាហ្វីយ៉ាគួរឱ្យខ្លាច សូម្បីអាជ្ញាធរក៏ខ្លាចពួកគេដែរ ។
ចាងហ្វាងកាសែតដែលខ្មាន់កាំភ្លើងមិនស្គាល់ មុខបាញ់ប្រហារត្រូវបានគេស្គាល់ថា ឈ្មោះអ៊ិត ប៉ុណ្ណា ហៅតោ អាយុជាង៤០ឆ្នាំ ជាចាងហ្វាងការផ្សាយរបស់កាសែតមួយឈ្មោះបេសកជនដែលគេមិនសូវ ស្គាល់ រួមដំណើរជាមួយឈ្មោះវ៉ាន់ បុប្ផា អាយុជាង៤០ឆ្នាំ មានតួនាទីជាជំនួយការរបស់ចាងហ្វាងកាសែតតាព្រហ្ម ។
តាមប្រភពព័ត៌មានបន្តថា ស្របពេលជាមួយគ្នានោះក៏មានរថយន្តម៉ាកឡិចស៊ីសពណ៌ទឹក ប្រាក់មួយគ្រឿង ផ្ទុកឈើប្រណីតពេញ ឃើញដូច្នេះក្រុមអ្នកកាសែតទាំង២រថយន្តបានបើកប្រដេញតាម តាំងពីមុខផ្សារកែវសីមា រហូតដល់ជិតព្រំប្រទល់ខេត្ត ។ រីឯរថយន្តដឹកឈើបន្ទាប់ពីត្រូវក្រុមអ្នកាសែតនេះតាម ប្រមាញ់ ក៏បើករត់ចូលទៅលំនៅឋាន
មួយកន្លែងដែលត្រូវបានគេស្គាល់ថា ឈ្មោះរិទ្ធ និងជាឈ្មួញរកស៊ីឈើល្បីឈ្មោះមួយរូបប្រចាំស្រុកកែវសីមាផង ដែរ ។ ប្រភពបានបន្តទៀតថា លុះមួយសន្ទុះក្រោយមកគេឮសូសំឡេងផ្ទុះជាច្រើនគ្រាប់ ។ តាមប្រភព័ត៌មានបានឱ្យដឹងថា ជនមិនស្គាល់មុខពាក់អាវត្រេអ៊ី ស្លៀកខោប៉ារ៉ា បានបាញ់រះលើរថយន្តរបស់អ្នកកាសែតចំនួន៥គ្រាប់ តែត្រូវចំ១គ្រាប់ប៉ុណ្ណោះ ត្រង់ទ្វាររថយន្តម៉ាកកាមរីគូទស្វិត ពណ៌ស ខាងក្រោយផ្នែកខាងស្ដាំ ។ ភ្លាមៗ ក្រុមអ្នកកាសែតក៏បើករថយន្តគេចខ្លួនព្រោះគ្រាប់កាំភ្លើង មិនខ្លាចម៉េចកើតទៅ ៕
ដោយ៖សហការី
» ព័ត៌មានជាតិ » ឡានរបស់ក្រុមអ្នកកាសែត រងការបាញ់រះអស់ច្រើនគ្រាប់