កំពត: អំពើហិង្សារហូតបង្កជារបួសស្នាមបន្ទាប់ពីមានជម្លោះពាក្យសម្តីពេលកំពុងស្រវឹងបុរសជាប្តីបានទទួលរងរបួសធ្ងន់ធ្ងរដោយត្រូវប្រពន្ធកាប់ដាច់សរសៃកែងជើងទាំងសងខាង។
ហេតុនេះកើតឡើងកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣ ក្នុងភូមិវត្តអង្គឃុំព្រៃឃ្មុំ ស្រុកទឹកឈូ។ប៉ុន្តែមិនមានការឃាត់ខ្លួនស្ត្រីជាប្រពន្ធពីសំណាក់សមត្ថកិច្ចទេដោយគ្រាន់តែណែនាំប្រពន្ធឈប់ប្រព្រឹត្តអំពើបែបនោះនិងបញ្ឈប់ការផឹកស្រាតទៅទៀត ព្រោះជនរងគ្រោះព្យាយាមអង្វរករដោយសារគ្រួសារនេះមានកូនតូចៗក្នុងបន្ទុក
ជាច្រើននាក់។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំព្រៃឃ្មុំ បានប្រាប់ឱ្យដឹងថាបុរសរងគ្រោះនៅក្នុងហេតុការណ៍នេះ ឈ្មោះ ម៉ាន់ ស៊ាប អាយុ ៤៥ឆ្នាំចំណែកប្រពន្ធឈ្មោះ ហួត ម៉ូយ អាយុ ៤៣ឆ្នាំ។ គ្រួសារនេះរស់នៅភូមិឃុំកើតហេតុខាងលើ ដោយមានកូនប្រាំមួយនាក់ក្នុងបន្ទុកដែលកូនបងអាយុ១៧ឆ្នាំ ឯកូនប្អូនអាយុ៣ឆ្នាំ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោង៤រសៀលថ្ងៃដដែលព្រោះតែខឹងនឹងប្តី ដើរផឹក ហើយពេលចូលផ្ទះតែងរករឿងវាយដំប្រពន្ធក៏បានទៅទិញស្រាមកផឹករហូតស្រវឹងខ្លួនឯងដែរ ។ ខណៈនោះក៏មានការឈ្លោះប្រកែកពាក្យសម្តីរហូតបុរសជាប្តីឈានដល់ការប្រើហិង្សាដោយចាប់បោចសក់និងសង្កត់ក្បាលប្រពន្ធ។
ក្នុង ស្ថានភាពបែបនោះប្រពន្ធក៏ទាញបានកាំបិតក្បែរដៃរួចកាប់ត្រូវកែងជើងទាំងពីរដាច់សរសៃហូរឈាម កក្លាក់ ហើយត្រូវកូនបញ្ជូនទៅមន្ទីរពេទ្យ។
ប្រភពពីអ្នកជិតខាងបានរៀបរាប់ថា គ្រួសារនេះក្រៅពីធ្វើស្រែបន្តិចបន្តួចបុរសជាប្តីមានរបរបន្ទាប់បន្សំចូលព្រៃកាប់ឈើ បោចវល្លិ៍ បោចផ្តៅហើយពេលបានលុយតែងតែផឹកស៊ីជាមួយមិត្តភក្តិ។លុះស្រវឹងម្តងៗបានឈ្លោះទាស់ទែង វាយដំប្រពន្ធទើបប្រពន្ធអត់ទ្រាំលែងបានក៏បង្ខំចិត្តផឹកស្រាដែរ ទើបក្លាយជា អំពើហិង្សាក្នុងគ្រួសារយ៉ាងនេះ៕
» ព័ត៌មានជាតិ » ប្តីក៏ស្រវឹងប្រពន្ធក៏ស្រវឹងក្លាយជាអំពើហិង្សាកាប់ប្តីដាច់សរសៃកែងជើង