ភ្នំពេញ៖ ដើម្បីរក្សាសុវត្ថិភាពនៃការគ្រប់គ្រងប្រេង និងឧស្ម័នឥន្ធនៈក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឲ្យបានល្អប្រសើរតាមបទដ្ឋានបច្ចេកទេស អាជ្ញាធររាជធានីភ្នំពេញ បានជំរុញដល់អាជ្ញាធរជាតិប្រេងកាតកម្ពុជា លើផ្នែកគ្រប់គ្រងប្រេងឥន្ធនៈឲ្យបានត្រឹមត្រូវតាមបទដ្ឋាន បច្ចេកទេស និងលុបបំបាត់ការលក់ដូរប្រេងឥន្ធនៈអនាធិបតេយ្យដែល
បង្កឲ្យមានការភ័យ ព្រួយពីប្រជាពលរដ្ឋ។
នៅក្នុងកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើការងារគ្រប់គ្រងប្រេង និងឧស្ម័នឥន្ធនៈក្នុងភូមិសាស្ត្ររាជធានី កាលពីព្រឹកថ្ងៃទី១០កញ្ញានេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានលើកឡើងថា ការគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈនៅក្នុងរាជធានីមានការស្មុគស្មាញ និងស្ថានីយ មួយចំនួនមិនទាន់បានអនុវត្តតាមបទដ្ឋាន
បច្ចេកទេសត្រឹមត្រូវនៅឡើយ ដែលទាមទាឲ្យមានការយកចិត្តទុកដាក់ពីស្ថាប័នជំនាញ ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗប្រយោជន៍សុវត្ថិភាពប្រជាពលរដ្ឋ។
លោកអភិបាលបានលើកឡើងទៀតថា កន្លងមកដោយសារការគ្រប់គ្រងប្រេងមិនមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវនោះហើយទើបធ្វើឲ្យកើតមានគ្រោះអគ្គិភ័យជាញឹកញាប់បង្កឲ្យខាតបង់ទ្រព្យសម្បត្តិ ផ្ទះសម្បែងប្រជាពលរដ្ឋ ។
លោកបន្តថា នៅក្នុងភូមិសាស្ត្រ រាជធានីមានស្ថានីយប្រេងជាង៣០០កន្លែង ក្នុងនោះមានស្ថានីយមួយចំនួនពុំមានច្បាប់អនុញ្ញាត ហើយបានដាក់លក់ប្រេងឥន្ធនៈរាយប៉ាយបែបអនាធិបតេយ្យ ជាងនេះទៅទៀត មានកន្លែងខ្លះលួចស្តុកប្រេងឥន្ធនៈជាច្រើនពាន់លីត្រនៅក្នុងផ្ទះល្វែង ឬ កន្លែងលក់ ផ្សេងៗដែលអាជ្ញាធរមានការព្រួយបារម្ភជាខ្លាំង
អំពីសុវត្ថិភាពនៃការគ្រប់គ្រងប្រេងនិងឧស្ម័នឥន្ធនៈនេះ។
លោកអភិបាលបានសង្កត់ធ្ងន់ថា រាជធានីភ្នំពេញសព្វថ្ងៃមានបញ្ហាប្រឈមខ្លាំង អំពី ការគ្រប់គ្រងប្រេង និងឧស្ម័ន ដែលបានគំរាមកំហែងដោយអគ្គិភ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងទីក្រុងមួយនេះនិងមានការភ័យខ្លាចដល់អ្នកទេសចរ និងលំនៅឋានរបស់ប្រជាពលរដ្ឋ។ លោកស្នើឲ្យអាជ្ញាធរជំនាញ ក៏ដូចជាអាជ្ញាធរមូលដ្ឋានបង្កើនការប្រុងប្រយ័ត្ន
តាមរយៈការត្រួតពិនិត្យ ទៅលើស្ថានីយប្រេង កន្លែងស្តុកប្រេង ហ្គាស និងការដាក់រាយប៉ាយរបស់ប្រជាពលរដ្ឋនៅតាមផ្ទះ ។ ពិសេសជាងនេះ លោកអភិបាលស្នើដល់អាជ្ញាធរជាតិ ចាត់វិធានការតឹងរ៉ឹងចំពោះ ស្ថានីយប្រេងឥន្ធនៈ ឬ កន្លែងស្តុកប្រេង និងហ្គាសដែលមិនមានបច្ចេកទេសនិងធានាដល់សុវត្ថិភាព។
លោកស្នើឲ្យមានការកសាងផែនការជាកញ្ចប់មួយក្នុងការគ្រប់គ្រង ទាំងការនាំចូល ការទុកដាក់ ការដាក់លក់ ចែកចាយដុំនិងរាយ រួមទាំងអ្នកធ្វើសេវាកម្មផ្នែកនេះ ឲ្យមានការ យល់ដឹងខ្ពស់ក្នុងការប្រើប្រាស់និងគ្រប់គ្រង ដែលទាមទារឲ្យយើងធ្វើដោយហ្មត់ចត់ដើម្បីឲ្យរាជធានីភ្នំពេញតម្រង់គោលដៅទៅលើការប្រើប្រាស់ប្រេងឥន្ធនៈនេះ
ដោយមានប្រសិទ្ធភាព។
លោក ហូរ វិចិត្រ អនុប្រធាន អាជ្ញាធរជាតិប្រេងកាតកម្ពុជា បានលើកឡើងក្នុងឱកាសនោះថាអាជ្ញាធរជាតិប្រេងកាតកម្ពុជាមានភារកិច្ចសំខាន់ ក្នុងការរុករក ការជីកយកប្រេង និងការគ្រប់គ្រងប្រេងគ្រប់ប្រភេទ។ ប៉ុន្តែកន្លងមកយើងបានទទួលការណែនាំពីប្រធាន អាជ្ញាធរ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលឲ្យយកចិត្តទុកដាក់ខ្ពស់លើផ្នែកខាងលើ និង
ផ្នែកកៀងគរអ្នកវិនិយោគមករកស៊ីលើវិស័យនេះ។ ដូច្នេះហើយចំពោះការគ្រប់គ្រងហាក់ ដូចជាមិនមានសកម្មភាពមមាញឹក ធាតុពិតអាជ្ញាធរជាតិបានចាប់ផ្តើមអនុវត្តការងារនេះ ស្របគ្នារហូតមកដល់បច្ចុប្បន្ន ហើយចាប់ពីពេលនេះតទៅគឺត្រូវជំរុញឲ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើការងារគ្រប់គ្រងនេះពិសេសរួមចំណែកទប់ស្កាត់ និងកាត់បន្ថយ ហានិភ័យដែលកើតឡើងដោយយថាហេតុនៅក្នុងរាជធានីភ្នំពេញ និងនៅទូទាំងប្រទេស៕ដោយ៖ នាយក្អែកខ្មៅ
» ព័ត៌មានជាតិ » អាជ្ញាធររាជធានីភ្នំពេញជំរុញឲ្យអាជ្ញាធរជាតិប្រេងកាតកម្ពុជាគ្រប់គ្រងប្រេងតាមបច្ចេកទេស