ក្រចេះ៖សម្រាប់ខេត្តក្រចេះ រម្មណីយដ្ឋានមានប្រមាណជាង១០កន្លែង តែកន្លែងដែលល្បីល្បាញនិងជាបេះដូងរបស់ខេត្តគឺរម្មណីយដ្ឋានអន្លង់ផ្សោត ទន្ទឹមគ្នានោះក៏មានរម្មណីយដ្ឋានល្បីរន្ទឺខ្ទរខ្ទាទូទាំងប្រទេសពោលគឺរម្មណីយដ្ឋានបុផ្ផាលាក់ខ្លួនទឹកជួរកាំពី ដែលជាទីកន្លែងធម្មជាតិពិតៗសម្រាប់ឱ្យភ្ញៀវទេសចរណ៍ជាតិអន្តរជាតិចូលមកកំសាន្តសម្រាកលំកាយកំដរអារម្មណ៍ពេលសំរាកពីមុខរបរនិងការងារ។ បច្ចុប្បន្នរម្មណីយដ្ឋានទឹកជួរកាំពីដែលជារម្មណីយដ្ឋានធម្មជាតិកើតឡើងដោយសារទឹកជួរនៃដងទន្លេរមេគង្គ កំពុងតែលេចរូបរាងបង្ហាញខ្លួនបង្អូតសម្រស់ដើម្បីរងចាំទទួលភ្ញៀវជាតិ អន្តរជាតិ មកទស្សនាសំរាកលំហែកំសាន្តសម្រាប់រដូវប្រាំងរយៈពេលប៉ុន្មានខែតែប៉ុណ្ណោះ។ អាស្រ័យហេតុនេះទើបពលរដ្ឋរស់នៅសហគមន៍ភូមិកាំពីបានស្នើឱ្យបងប្អូនភ្ញៀវទេសចរណ៍ក្នុងនិងក្រៅស្រុកទាំងអស់ប្រញ៉ាប់រួសរានមកកំសាន្តសប្បាយឱ្យទាន់ពេលវេលា ព្រោះរម្មណីយដ្ឋានទឹកជួរកាំពីនេះ អាចចេញមកបង្ហាញខ្លួនបង្អួតរាងត្រឹមតែរយៈពេល៥ខែតែប៉ុណ្ណោះ។ ក្នុងបងប្អូនពលរដ្ឋដែលរស់នៅមូលដ្ឋានទឹកជួរកាំពីដែលជាអ្នកប្រកបរបរលក់សេវាផ្ទះទឹកកញ្ចុះនិងម្ហូបអាហារស្រស់ ក៏បានស្នើសុំឱ្យភ្ញៀវទេចរណ៍ដែលចូលមកកំសាន្តសប្បាយ សូមមេត្តាយោគយល អាធ្យាស្រ័យចំពោះតម្លៃរោង ម្ហូបអាហារនិងការប្រើប្រាស់ពាក្យសម្តីលើសលោះខ្វះខាតនៅពេលណាមួយ។ គួរបញ្ជាក់ផងដែរថារម្មណីយដ្ឋានទឹកជួរកាំពីកាលពីឆ្នាំកន្លងទៅទទួលបានភ្ញៀវទេសចរណ៍ជាច្រើនមុឺននាក់និងធ្វើឱ្យពលរដ្ឋនៅមូលដ្ឋាន រួមទាំងសេវាករដទៃទៀតក៏ទទួលបានប្រាក់កម្រៃប្រភពចំណូលអាចជួយបង្កើនសេដ្ឋកិច្ចគ្រួសាររួមទាំងសង្គមផងដែរ៕
» ទេសចរណ៍, ព័ត៌មានជាតិ » រម្មណីយដ្ឋានទឹកជួព្រែកកាំពីកំពុងទន្ទឹងរង់ចាំទទួលភ្ញៀវទេសចរណ៍មកកំសាន្តសម្រាប់រដូវប្រាំង