ព្រះសីហនុ៖ បន្ទាប់ពីមានការបែកធ្លាយរឿងពុករលួយរបស់លោកសក្កិបួនកន្លះ ចៅ ម៉េងមេប៉ូលិសសេដ្ឋកិច្ចខេត្តព្រះសីហនុ កន្លងមក ស្រាប់តែមានប្រភពពីជួរប៉ូលិសសេដ្ឋកិច្ចជាមួយគ្នាដែលមិនមានអ្វីសើមមាត់នឹងគេបាន ធ្វើសេចក្តីរាយការណ៍តាមទូរស័ព្ទប្រាប់អរិយធម៌ឡើងបែកផ្សែង ក្នុងរឿងពុករលួយដ៏អាក្រក់អាក្រីរបស់លោកចៅ ម៉េង មេប៉ូលិសសេដ្ឋកិច្ចដ៏ល្បិចកលរូបនោះ ។
មន្ត្រីប៉ូលិសសេដ្ឋកិច្ចដ៏កំសត់ម្នាក់សុំមិនប្រាប់ឈ្មោះបានទូរស័ព្ទមកប្រាប់មានរយៈពេលជិតកន្លះម៉ោង រាយការណ៍អំពីប្រភពដែល លោកចៅម៉េងត្រូវប្រមូលលុយប្រចាំខែនិងលុយបទល្មើសជាក់ស្តែងដូចជាទំនិញគេចពន្ធមកពីប្រទេសជិតខាង ជាដើម។
ប្រភពនោះបានបញ្ជាក់ថា បើនិយាយពីរបររកស៊ីដឹកប្រេងគេចពន្ធវិញ លោកចៅម៉េង បានឲ្យកូនចៅដើរដាក់ខែចាប់ពីភូមិត្រពាំងល្ពៅទល់ដែនខេត្តកំពតមកតំបន់កោះខ្យងរហូតមកដល់ស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ។ បើគិតពីទីតាំងបទល្មើសប្រេងគេចពន្ធទាំង៤កន្លែងធំៗនេះក្នុងមួយខែៗមិនក្រោមម៉ឺនដុល្លារអាមេរិកទេ ។ជាក់ស្តែងគ្រាន់តែរោងចក្រទឹកកកមួយកន្លែងនៅតំបន់អូរទី៣ក្នុងក្រុងព្រះសីហនុដែលទិញប្រេងគេចពន្ធប្រើប្រាស់និងផលិតទឹកសុទ្ធខ្លះៗលោក ចៅម៉េងតម្រូវឲ្យម្ចាស់រោងសិប្បកម្មនោះបង់ប្រាក់ប្រចាំខែមួយលានរៀលក្នុងមួយខែ ។
សេចក្តីរាយការណ៍បាននិយាយថា ទំនិញគេចពន្ធនៅតំបន់ទំនប់រលកនិងតំបន់កំពង់ផែកែវផុសខេត្តព្រះសីហនុ មាន អាជីវករធំៗដូចជា យាយវី ,យាយមុំ,
យាយហេ, តាអៀមឆាយ,លោកផុក,ចែរ៉ង…និងអាជីវករច្រើនទៀត ក៏ត្រូវបង់លុយជើងឲ្យលោកចៅ ម៉េង ដែរ ព្រោះអាជីវករទាំងនោះគាត់រកស៊ីដឹកទំនិញស្របច្បាប់ផងខុសច្បាប់ផង ដូចនេះក្នុងមួយខែៗក៏មានចំនួនរាប់សិបម៉ឺនបាតប្រាក់ថៃ ហើយក្នុងការបង់ប្រាក់នោះក៏អាជីវករគាត់មិនសប្បាយចិត្តនូវទង្វើគាបសង្កត់របស់លោកចៅម៉េងដែរ។
ប្រភពដដែលបានបន្តថា ក្រៅពីបទល្មើសខាងលើ នៅមានការដើរប្រមូលលុយប្រចាំខែ តាមឃ្លាំងស្តុបទំនិញក្នុងស្រុកដែលមានទីតាំងជុំវិញទីផ្សារក្រុងព្រះសីហនុ ,តាមរោងសិប្បកម្មផលិតទឹកស៊ីអ៊ីវ,ទឹកសុទ្ធ,ដេប៉ូឈើ,និងរោងសិប្បកម្មផ្សេងៗដែលពុំមានច្បាប់ទម្លាប់ត្រឹមត្រូវ ក៏តម្រូវបង់ប្រាក់ដ៏ច្រើនលានរៀលក្នុងមួយកន្លែងៗដែរ ។
មន្ត្រីរូបនោះបានបន្តថា ក្នុងរបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆ្នាំស្តីអំពីបទល្មើសសេដ្ឋកិច្ចរបស់ប៉ូលិសសេដ្ឋកិច្ចខេត្តព្រះសីហនុដែលមានការដឹកនាំដោយលោកចៅម៉េងសព្វថ្ងៃនេះគឺគ្មានអ្វីគួរឲ្យកត់សំគាល់នោះទេគឺល្អជាទីបំផុតសម្រាប់ខេត្តដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជាមួយនេះ ។
នេះគ្រាន់តែជាការបង្ហើបត្រួសៗនៃប្រភពចំណូលដ៏ក្រាស់ក្រែលរបស់លោក មេប៉ូលិសសេដ្ឋកិច្ច ខេត្តព្រះសីហនុ ដែលកំពុងបំពុលលោកស្នងការរងទទួលផែនបទល្មើសសេដ្ឋកិច្ចម្នាក់ឡើងវង្វេងទិស ដោយសារស្រីស្រាគ្មានថ្ងៃលស់។ ទោះជាយ៉ាងណាក្តីឮថា ករណីនេះលោកស្នងការនគរបាលខេត្តបានឲ្យចុះស៊ើបអង្កេតហើយ។ ចាំមើលលោកចៅ ម៉េង ទប់កៅអីនោះជាប់ ដែរឬអត់ ខណៈមានរឿងអាស្រូវដ៏ច្រើនលើសលុបបែបនេះ៕ ឆ្លាមសមុទ្រ
» Breaking News, ព័ត៌មានជាតិ » លោកស័ក្កិបួនកន្លះ ចៅ ម៉េង មេប៉ូលិសសេដ្ឋកិច្ចខេត្តព្រះសីហនុកំពុងវ័ណ្ឌក