ខេត្តព្រះសីហនុ៖ រថយន្តកុងតឺនរ័ចំនួនពីរគ្រឿងបញ្ច្រាសទិសគ្នាបើកបុកគ្នាយ៉ាងពេញទំហឹង តែគ្មានអ្នកស្លាប់ គ្រាន់តែរបួសធ្ងន់ស្រាល នៅបណ្តោយផ្លូវជាតិលេខ៤។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើងនៅលើដងផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១៤១-១៤២ ជិតផ្លូវបំបែកចូលស្រុកស្រែអំបិលខេត្តកោះកុង ក្នុងឃុំចំការលួងស្រុកកំពង់សីលាខេត្តព្រះសីហនុ កាលពីព្រលឹមថ្ងៃទី ១០ខែកញ្ញាឆ្នាំ២០១៣នេះ។ ប៉ូលីសនិយាយថា ក្នុងករណីនេះអាចបណ្តាលមកពីរថយន្តកុងតឺនរ័មួយគ្រឿងមកពីក្រុងភ្នំពេញប្រឹងវ៉ាជែងគ្នាក៏ប្រទះជាមួយរថយន្តកុងតឺនរ័មួយទៀតបញ្ច្រាសទិសគ្នាបុកគ្នាតែម្តង ។
ប៉ូលីសបន្តថា រថយន្តកុងតឺនរ័មួយគ្រឿងមានទិសដៅពីភ្នំពេញមកក្រុងព្រះសីហនុដែលគេសង្សយ័ថាជាដើមហេតុនោះពាក់ស្លាកលេខភ្នំពេញ3B9739ជាកម្មសិទ្ធរបស់ក្រុមហ៊ុនផាត់ប៊ុនបើកបរដោយឈ្មោះអានធីភេទប្រុសអាយុ៤៨ឆ្នាំស្នាក់នៅសង្កាត់ទំនប់ទឹកខណ្ឌ័ចំការមនរាជធានីភ្នំពេញនិងប្រ៊ូម្នាក់រងរបួសក្បាល។រីឯរថយន្តដែលបុកជាមួយរថយន្តខាងលើនេះពាក់ស្លាកលេខ ភ្នំពេញ 3C1669 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន គាធី ធំ បើកបរដោយឈ្មោះ ចិន ធឿន ភេទប្រុសអាយុ ២៤ឆ្នាំស្នាក់នៅភូមិបន្ទាត់ឃុំមហាសាំងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺរថយន្តនេះមានទិសដៅដឹកទំនិញចេញពីក្រុងព្រះសីហនុទៅទីក្រុងភ្នំពេញ ។
ប៉ូលីសបញ្ជាក់ថា រថយន្តកុងតឺនរ័ទាំងពីរគ្រឿងនេះ មានការខូចខាតផ្នែកខាងមុខ ប្រហាក់ប្រហែលគ្នា តែគ្មានមនុស្សស្លាប់ បច្ចុប្បន្ន រថយន្តទាំងពីរគ្រឿងត្រូវបានអូសយកទៅរក្សាទុកនៅអធិការស្រុកកំពង់សិលាខេត្តព្រះសីហនុដើម្បីរង់ចាំការដោះស្រាយបន្ត ៕ ដោយ ក,ស