កំពង់ចាមៈ មន្ត្រីនគរបាលស្រុកក្រូចឆ្មារ បានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈាវ ស ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីថ្ងៃទី៧ ខែកញ្ញា វេលាម៉ោង៨យប់ ឈ្មោះ នៅ ណាក់ ភេទប្រុស អាយុ ២១ឆ្នាំ ជាម្ចាស់ម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម បានទុកម៉ូតូក្នុងចំការ ហើយក៏ចេញទៅចាប់កូនកង្កែប ដើម្បីធ្វើនុយសន្ទូច។ លុះមួយសន្ទុះក្រោយ ត្រឡប់មកវិញ ក៏ស្រាប់តែបាត់ម៉ូតូតែម្តង។
សមត្ថកិច្ចបន្តថា រហូតដល់ព្រឹកថ្ងៃទី៨ ទើបម្ចាស់ម៉ូតូ បានមកប្តឹងសមត្ថកិច្ច បន្ទាប់មកសមត្ថកិច្ច បានជួយអន្តរាគមន៍ ដោយនាំម្ចាស់ម៉ូតូ ទៅពិន្យិ មើលកន្លែងលក់ម៉ូតូមួយ ផ្ទះឈ្មោះ ស៊ន់ ទូច នៅ ក្នុងស្រុកក្រូចឆ្មារនោះ។
ក្រោយពីបានពិនិត្យ ម្ចាស់ម៉ូតូ បានស្គាល់ម៉ូតូរបស់ខ្លួន នៅកន្លែងទិញ លក់ ជាមួយគ្នានោះដែរ ម្ចាស់ផ្ទះទិញ លក់ បានឆ្លើយថា ខ្លួនបានទិញម៉ូតូសង់កូរ៉េនោះ ពីឈ្មោះ ដូ ហឿន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារក្នុងតម្លៃ មួយរយដុល្លារ ដែលមានឈ្មោះ ឈាវ ស ជាអ្នកធានា ៕
» ព័ត៌មានជាតិ » ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធការឃុបឃិតប្រព្រឹត្តអំពើចោរកម្ម