បន្ទាយមានជ័យ៖ ដោយសារតែក្រុមហ៊ុនសំរាមក្រុងប៉ោយប៉ែតដែលទទួលម៉ៅការសំរាមហើយមិនបានប្រមូលអោយទាន់ពេលវេលាធ្វើអោយគរដូចភ្នំ និងស្អុយរលួយ ទើបមតិមួយចំនួនបានរិះគន់ថា “ ប៉ោយប៉ែតយកសំរាមស្វាគមន៍ភ្ញៀវទេសចរ” ។
ទោះបីជាមានការរិះគន់ជាបន្តបន្ទាប់ពីប្រជាពលរដ្ឋដែលបានបង់លុយថ្លៃប្រមូលសំរាមអោយក្រុមហ៊ុនប្រមូលសំរាមក្រុងប៉ោយប៉ែតក៏ដូចជាអាជ្ញាធរក្រុងបានអោយក្រុមហ៊ុនធ្វើការប្រមូលសំរាមអោយអស់យ៉ាងណាក៏ដោយក៏ខាងក្រុមហ៊ុនប៉ោយប៉ែតឃ្លីននឺ ដែលទទួលម៉ៅការសំរាមប្រចាំក្រុង ប៉ោយប៉ែតមិនប្រមូលសំរាមទៅតាមលក្ខណរបស់ខ្លួនឡើយដែលធ្វើអោយសំរាមដែលដាកើគរាចោលនៅតាមជញ្ជើមផ្លូវ មុខផ្ទះ
ប្រជាពលរដ្ឋសម្រាប់អោយខាងរថយន្តប្រមូលសំរាមមកទទួលយកនោះ នៅតែគរដូចភ្នំ ខ្លះនៅលើមាត់លូ ខ្លះនៅកាច់កែងផ្លូវសងខាងនៃផ្លូវជាតិលេខ៥ ពីមុខសាលា ក្រុងប៉ោយប៉ែតរហូតដល់រង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
លោក ង៉ោ ម៉េងជ្រូន អភិបាលក្រុងប៉ោយប៉ែតបានប្រាប់អោយដឹងថា បញ្ហាសំរាមនេះអាជ្ញាធរក្រុងតែងគិតគូរនិងចាត់អោយហៅក្រុមហ៊ុនប្រមូលសំរាមធ្វើយ៉ាងណាប្រមូលអោយអស់ជារៀងរាល់ថ្ងៃតែខាថងក្រុមហ៊ុនបានលើកហេតុផលថា ក្រុមហ៊ុនជូបការលំបាក និងខាតដោយសារតែខាងក្រុមហ៊ុនមិនអាចប្រមូលលុយប្រចាំខែថ្លៃ
សេវាប្រមូលសំរាមតាមផ្ទះប្រជាពលរដ្ឋដោយបានតែមួយចំនួនធ្វើអោយក្រុមហ៊ុនខាតជារៀងរាល់ខែ ។
ការដែលក្រុមហ៊ុនធ្វើខាងលើបែបនេះវាធ្វើអោយសំរាមគរដូចភ្នំ និងស្អុយរលួយតាមសងខាងផ្លូវហើយវាក៏កំពុងតែធ្វើអោយប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរតាមរយៈក្លិនស្អុយ ហើយដោយសារតែក្រុងប៉ោយប៉ែតជាទីក្រុងមួយមានច្រកអន្តរជាតិដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចេញចូលក្នុងមួយថ្ងៃៗរាប់សិបអ្នកបើក្រុមហ៊ុនប្រមូលសំរាមនៅតែប្រមូលមិនទាន់បែបនេះវាមិនអាចធ្វើអោយទីក្រុងស្អាតបានឡើយ វាបែរជាសំរាមអមសងខាងផ្លូវគឺដើម្បីទទួលភ្ញៀវទេសចរទៅវិញទេ ៕
ដោយ សម្បត្តិ សីហា
» ព័ត៌មានជាតិ » ក្រុមហ៊ុនសំរាមក្រុងប៉ោយប៉ែតធ្វើឲ្យសំរាមស្វាគមន៍ភ្ញៀវទេសចរ