ភ្នំពេញ ៖ ព្រះមហាក្សត្រកម្ពុជា និង សម្តេចម៉ែ បានយាងចាកចេញពីកម្ពុជាទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន កាលពីថ្ងៃទី១២ សីហា ដើម្បីពិនិត្យព្រះរាជសុខភាពតាមការកំណត់របស់ក្រុមវេជ្ជបណ្ឌិតចិន ។ បើគ្មានអ្វីប្រែប្រួលនោះទេ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង
សម្តេចម៉ែ នឹងយាងនិវត្តន៏មកកម្ពុជាវិញនាថ្ងៃទី១១ កញ្ញា ២០១៣នេះ ។
តាមធម្មតានិងជាផ្លូវការរាល់ការយាងចាកចេញទៅកាន់ ប្រទេសណាមួយ ឬ ការវិលនិវត្តន៏មកវិញរបស់ព្រះមហាក្សត្រ គេតែងសង្កេតឃើញថ្នាក់ដឹកនាំជាន់ខ្ពស់ព្រឹទ្ឋសភា រដ្ឋសភា និង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត តែងមានវត្តមានជូនព្រះរាជដំណើរ ឬ ទៅទទួលព្រះរាជដំណើរព្រះមហាក្សត្រ ក្នុងនោះមានសម្តេចប្រធានព្រឹទ្ឋសភា ជា ស៊ីម ,សម្តេច ហេង សំរិន និង សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
ដូច្នេះក្រុមអ្នកតាមដានស្ថានការណ៏នយោបាយ បានលើកឡើងថា ប្រសិនបើថ្ងៃស្អែក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀតរបស់គណបក្សប្រជាជនកម្ពុជាអញ្ជើញទៅទទួល ព្រះមហាក្សត្រដែរនោះ មេដឹកនាំគណបក្សទាំងពីរ ដែលទទួលបានអាសនៈសភាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥
កាលពីថ្ងៃទី២៨ កក្កដា ២០១៣ អាចនឹងជួប ហើយចាប់ដៃគ្នាជាលើកដំបូងនៅព្រលានយន្តហោះអន្តរជាតិនាថ្ងៃទី១១កញ្ញា ស្អែកនេះ ។
គួរបញ្ជាក់ដែរថា យោងតាមព្រះរាជសារព្រះមហាក្សត្រកម្ពុជាចុះថ្ងៃទី០៩កញ្ញាបានឲ្យដឹងថា ព្រះអង្គនឹងកោះប្រជុំសភាលើកដំបូងនៅថ្ងៃទី២៣ កញ្ញា ២០១៣ ប៉ុន្តែបក្សប្រឆាំងបានប្រកាសជំហរហើយថា នឹងមិនចូលរួមប្រជុំសភា
លើកដំបូងនេះទេ ប្រសិនបើគ្មានដំណោះស្រាយ ជាពិសេសការបង្កើតគណៈកម្មការពិសេសឯករាជ្យដើម្បីស៊ើបអង្កេតភាព មិនប្រក្រតីនៃការបោះឆ្នោត ដែលលើកឡើងដោយគណបក្សសង្គ្រោះជាតិនោះ ៕