ភ្នំពេញ៖ លោក Sean Mc Intosh អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បាននិយាយ នៅព្រឹកថ្ងៃទី៩ខែកញ្ញានេះថា សហរដ្ឋអាមេរិក បានគាំទ្រនូវការធ្វើបាតុកម្ម សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ បើសិនជាបាតុកម្មនោះ តវ៉ាដោយសន្តិវិធី គ្មានអំពើហិង្សា ។ អាមេរិកព្រួយបារម្ភ ខ្លាចការធ្វើបាតុកម្មនាពេលខាងមុខ មានអំពើហិង្សា
។អ្នកនាំពាក្យរូបនេះបន្តថា សហរដ្ឋអាមេរិកសង្ឃឹមថា គណបក្សទាំងអស់ នឹងចូលរួមនៅក្នុងការកែទម្រង់ នៅក្នុងដំណើរការនៃការបោះឆ្នោត ដោយគោរពនូវសិទ្ធិមនុស្ស និងនីតិរដ្ឋ។
លោកបានធ្វើការអំពាវនាវឲ្យគណបក្សនយោបាយទាំងពីរ ចូលរួមពិភាក្សាគ្នាចូលក្នុងតុចរចា ដើម្បីតម្កល់ផលប្រយោជន៍ប្រជាជនជាធំ។
ពាក់ព័ន្ធទៅនឹងការលើកឡើងរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ថា សហរដ្ឋអាមេរិកមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនៅកម្ពុជានោះ លោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានដឹងអំពីការប្រកាសលទ្ធផលជាផ្លូវការរបស់.គ.ជ.ប ហើយ
សហរដ្ឋអាមេរិកគាំទ្រឲ្យមានការ ស៊ើបអង្កេតភាពមិនប្រក្រតី។ ការស៊ើបអង្កេតចំពោះដំណើរការបោះឆ្នោតមួយចំនួន ដែលមានបញ្ហា។
លោកបន្តថា ជាការពិតណាស់សហរដ្ឋអាមេរិកមិនប្រកាន់គណបក្សណាទេ សហរដ្ឋអាមេរិកបាននិយាយជាមួយគណបក្សធំៗទាំងអស់ ហើយអំពាវនាវឲ្យមានការចូលរួមចរចា ហើយយើងប្រកាន់នូវជំហរអព្យាក្រឹត្យ មិនកាន់ជើងគណបក្សណាទេ ជាគណបក្សណាទេ អ្វីដែលយើងខ្វល់ខ្វាយ គឺអំពីដំណើរការនៃការបោះឆ្នោត ដំណើរការនៃការស៊ើបអង្កេតទាំងនោះ៕
» ព័ត៌មានជាតិ » ស្ថានទូតអាមេរិកនៅកម្ពុជាបារម្ភការធ្វើបាតុកម្មខាងមុខ មានអំពើហិង្សា