ភ្នំពេញ៖ របាយការណ៍វឌ្ឍនភាព គោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជាឆ្នាំ២០១៣ បង្ហាញថា កម្ពុជានៅមានចំណុចសំខាន់ធំចំនួន២ដែលកំពុងមានការព្រួយបារម្មណ៍ ក្នុងចំណោមចំណុចសំខាន់ទាំង៩ និងអនុវត្តន៍មិនទាន់ឲ្យសម្រេចតាមដែនការគោលដៅអភិវឌ្ឍន៍សហស្សវត្សឆ្នាំ២០១៥ ដែលកាន់តែខិតជិតមកដល់ហើយនោះ។
លោក ថេង បញ្ញាធន អគ្គនាយកនៃអគ្គនាយកដ្ឋានផែនការ ក្រសួងផែនការបានឲ្យដឹងនៅក្នុងកិច្ចប្រជុំមួយ ដើម្បីពិនិត្យនិងកែសម្រួលសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព និងគោលដៅអភិវឌ្ឍន៍ សហស្សវត្សកម្ពុជាឆ្នាំ២០១៣ កាលពីថ្ងៃទី៩កញ្ញាម្សិលមិញនេះនៅសណ្ឋាគារភ្នំពេញ។
លោក ថេង បញ្ញាធន បានលើកឡើងថា ថ្វីត្បិតតែកន្លងមកកម្ពុជាសម្រេចបាននូវគោលដៅជាច្រើនក្នុងចំណោមគោលដៅសំខាន់ៗទាំង៩ក៏ពិតមែន ក៏ប៉ុន្តែយើងមានចំណុចធំៗចំនួន២ ទៀតកំពុងតែមានការព្រួយបារម្មណ៍ ដែលត្រូវទាមទារពេលវេលាយូអង្វែង និងជួបនូវបញ្ហាកង្វះថវិកាក្នុងការអនុវត្តន៍ នោះគឺចំណុចទី៧ដែលទាក់ទងទៅនិងចីរភាពបរិស្ថាន (អនាម័យជនបទ)និងចំណុចទី៩ដែលទាក់ទងទៅនិងការបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្នុងដី នៅក្រោយសង្គ្រាមរ៉ាំរ៉ៃដែលបានអូសបន្លាយជាច្រើនឆ្នាំនៅលើទឹកដីកម្ពុជា ហើយមានផ្ទៃដីប្រមាណជាង៤០ភាគរយទៀតដែលត្រូវបោសសំអាតបន្ត។
លោកអគ្គនាយកបានលើកឡើងទៀតថា របាយការណ៍ឆ្នាំនេះ មានលក្ខណៈពិសេសជាងឆ្នាំ មុនៗដែលបានធ្វើឡើងជារួម ប៉ុន្តែឆ្នាំនេះគឺយើងធ្វើវាឲ្យមានលក្ខណៈស៊ីជម្រៅ ហើយលទ្ធផលដែលសម្រេចបានទៀតសោតគឺវាព្រមគ្នាទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវបានពិនិត្យ យ៉ាងល្អិតល្អន់។
លោកថេង បញ្ញាធន បញ្ជាក់ថា ឥឡូវនេះ កម្ពុជាចាប់ផ្តើមពន្លឿនរបាយការណ៍អំពីវឌ្ឍនភាព នៅក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជាទាំង៩ក្នុងឆកនាំ២០១៣ ដើម្បីត្រួតពិនិត្យពីផលវិជ្ជមាន និងផលអវិជ្ជមានសម្រាប់ឈានទៅសំរេចជោគជ័យតាមផែនការកំណត់នៅឆ្នាំ២០១៥។ ជាមួយគ្នានេះក្រសួងផែនការសហការជាមួយអង្គការសហប្រជាជាតិ នៃកម្មវិធីអភិវឌ្ឍន៍ យូអិនឌីភី(UNDP) បានពន្លឿនការធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាពនៃគោលដៅអភិវឌ្ឍសហវត្សរ៍កម្ពុជាឆ្នាំនេះឲ្យបានឆាប់ ដើម្បីបញ្ជូនទៅអង្គការសហប្រជាតិនៅសហរដ្ឋអាមេរិកក្នុងពេលខាងមុខនេះ។ របាយការនេះមានសារៈសំខាន់ណាស់ដើម្បីឲ្យអង្គការសហប្រជាជាតិបានត្រួតពិនិត្យពីវឌ្ឍនភាព ដែលសម្រេចបានកន្លងមករបស់កម្ពុជា ពិសេសនៅក្នុងឆ្នាំ២០១៣នេះ។
លោក ណាប៉ូលលេអ៊ុង ណាវារ៉ូ អគ្គនាយករងយូអិនឌីភីប្រចាំកម្ពុជាបានលើកឡើងថា របាយការណ៍នេះ នឹងអាចទទួលយកបាន ព្រោះទន្និន័យជាច្រើនត្រូវបានប្រមូលពីគ្រប់មជ្ឈដ្ឋានទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ហើយកម្ពុជាជាប្រទេសគំរូមួយក្នុងចំណោមប្រទេសចំនួន៦ដែលសម្រេចបានគោលដៅ អភិវឌ្ឍសហវត្សរ៍របស់ខ្លួន។ជាមួយគ្នានេះកម្ពុជាបានចាប់ផ្តើមអនុវត្តគោលដៅអភិវឌ្ឍសហវត្សរ៍របស់អង្គការសហប្រជាជាតិ តាំងពីឆ្នាំ២០០៣មកម្ល៉េះ ហើយការរៀបចំធ្វើរបាយការណ៍គឺអនុវត្តដោយក្រសួងផែនការ ក្រោមការជួយគាំទ្រ ថវិកាពីអង្គការសហប្រជាជាតិប្រចាំសហរដ្ឋអាមេរិក។
លោក អ៊ូ ឱហាត រដ្ឋលេខាធិការក្រសួងផែនបានថ្លែងក្នុងឱកាសនោះថា របាយការណ៍ទាំងនេះនឹង ត្រូវរៀបចំរួចរាល់នៅក្នុងអំឡុងសប្តាហ៍នេះ បន្ទាប់មកនឹងមានការជួបប្រជុំផ្លូវការពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ដើម្បីសម្រេចនិងអនុមត័។ ហើយការផលិតបាននូវរបាយការណ៍ ទាំងនេះមានសារៈសំខាន់ណាស់ដែលបំរើឲ្យផលប្រយោជន៍នៃប្រទេសជាតិទាំងមូល ព្រោះវា មានយន្តការនិងយុទ្ធសាស្ត្រជាច្រើនដើម្បីធ្វើឲ្យកម្ពុជាកាន់តែអភិវឌ្ឍឆ្ពោះទៅមុខ នឹងធានាបាននូវ ផលប្រយោជន៍ជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា គោលដៅអភិវឌ្ឍសហវត្សទាំង៩នោះរួមមាន ទី១ កាត់បន្ថយភាពក្រីក្រ និងការអត់ឃ្លាន ទី២ សម្រេចឲ្យបានជាសាកលនៃការអប់រំ ទី៣លើកកម្ពស់សមភាពយេនឌ័រ និងអំណាចស្ត្រី ទី៤ កាត់ បន្ថយអត្រាការស្លាប់របស់កុមារ ទី៥ លើកកម្ពស់សុខភាពមាតា និងទារក ទី៦ កាត់បន្ថយជម្ងឺអេដស៏ ជម្ងឺគ្រុនចាញ់ និងជម្ងឺផ្សេងៗទៀត ទី៧ ចីរភាពបរិស្ថាន ទី៨ អភិវឌ្ឍភាពជាដៃគូជាសាកលនិងទី៩ កាត់បន្ថយអត្រាការស្លាប់ដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះព្រមទាំងការបោះសំអាតមីននៅក្នុងដី៕លោក៖ សុវណ្ណរ័ត្ន