សៀមរាប: ប៉ូលិសការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងប៉េអឹមក្រុងសៀមរាប បានចែកគ្នា ដេញតាមប្រម៉ាញ់ចាប់ជនសង្ស័យពីរនាក់ ដែលពីដំបូងសង្ស័យមុខសញ្ញាកាច់សោ ក ម៉ូតូ លុះពេលចាប់បាន ធ្លាយរឿងគ្រឿងញៀន។
លោកអនុសេនីយ៍ឯក សំ សារ៉ូ មេបញ្ជាការងប៉េអឹម ក្រុងសៀមរាប បានឲ្យដឹងថា ឈ្មោះ ហយ សូវៀត ដែលចាប់បានក្នុងព្រៃ ពុំមានគ្រឿងញៀននៅជាប់ខ្លួនទេ ក្រោយសាកសួរ ក៏បានប្រគល់ឲ្យទៅប៉ូលិស ។
ជនសង្ស័យទី១ ឈ្មោះហៀង ដែន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ត្រូវប៉ូលិសចាប់ខ្លួន នៅលើដងផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចមុខហាង អតីតរស្មីអង្គរ ស្ថិតក្នុងភូមិ អញ្ចាញសង្កាត់នគរធំ ក្រុងសៀមរាប កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ពេលបក្ខពួកម្នាក់ទៀតផ្តួលម៉ូតូហើយរត់ចោល។ ទី២ ឈ្មោះ ហយ
សូវៀត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិឃុំដូចគ្នា។
ចំណែកលោកវរសេនីយ៍ត្រី យិន សូ នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ជនទាំងពីរនាក់ កម្លាំងរបស់លោកបានតាមប្រម៉ាញ់ពីចំណុចក្រោយផ្សារសាមគ្គី។ ដំបូងសង្ស័យថា ជាមុខសញ្ញាកាច់សោ ក ម៉ូតូ ក៏ប៉ុន្តែពេលដេញទៅដល់ចំណុចដែលចាប់ខ្លួន ឈ្មោះ ហៀង ដែន ដែលជិះពីក្រោយបាន បោះចោល
ថ្នាំញៀនម៉ាទឹកកកមួយកញ្ចប់ធំមាន ១៤ កញ្ចប់តូចនៅខាងក្នុង ចូលទៅក្នុងស្មៅក្បែរចិញ្ចើមផ្លូវ តែពេលអ្នកឌុប ផ្តួលម៉ូតូរត់ចោល ប៉ូលិសក៏ចាប់ឈ្មោះ ហៀង ដែន បាន និងដកហូតម៉ូតូសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ភ្លាមៗតែម្តង៕
» Breaking News, ព័ត៌មានជាតិ » ចាប់មុខសញ្ញាចោរកាច់សោកម៉ូតូធ្លាយទៅជាគ្រឿងញៀន