ព្រះសីហនុ ៖ ស្ត្រីដៃឆើតម្នាក់ ត្រូវបានប្រជាពលរដ្ឋ ចាប់ប្រគល់ជូនសមត្ថកិច្ច ខណៈដែលចោរស្រីរូបនេះ បានធ្វើសកម្មភាពលូកហោប៉ៅលួចយកកាបូបលុយពីប្រជាពលរដ្ឋម្នាក់ តែត្រូវម្ចាស់គេឃើញទាន់ពេល។ កាលពីវេលាម៉ោង៨ និង៥០ នាទី ព្រឹកថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៣ នៅក្នុងផ្សារ ឃ្លាំងលើ ក្រុងព្រះសីហនុ
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈ្មោះ ញ៉ែត ង៉ែត ភេទស្រី អាយុ ២៣ឆ្នាំ មានទីលំនៅក្នុងក្រុមទី១ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ចំណែកជនរងគ្រោះមានឈ្មោះ លី គឹមស៊ាង ភេទស្រី អាយុ ៦០ឆ្នាំ មានទីលំនៅក្រុមទី១០ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ប្រភពខាងលើបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរចូលទៅក្នុងផ្សារលើ ដោយបានដាក់លុយក្នុងហោប៉ៅចំនួន ១១០ដុល្លារ និងលុយខ្មែរ៥ម៉ឺនរៀល ពេលកំពុងតែរកទិញឥវ៉ាន់ ស្រាប់តែជនសង្ស័យបានដើរមកជិតធ្វើទិញដូចគាត់ ហើយដៃម្ខាងបន្លំលូកយកលុយនៅក្នុងហោប៉ៅ តែត្រូវជនរងគ្រោះដឹងខ្លួនទាន់ក៏ស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះនាំគ្នា ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច ឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ៕ ដោយ នាយភូ