បន្ទាយមានជ័យ ៖ ប្រភពព័ត៌មានបាននៅព្រឹកថ្ងៃទី៦ កញ្ញា ឱ្យដឹងថា ប្ដីប្រពន្ធមួយគូដែលមានកូនទាំងអស់៧នាក់ នាងជាប្រពន្ធឈ្មោះ សន ពៅ អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃផ្ដៅ ឃុំតាក្រៀម ស្រុកបាណន់ ខេត្ដបាត់ដំបង និងប្ដីឈ្មោះ ប៊ុន ធឿម អាយុ៣០ឆ្នាំ មានស្រុកកំណើតជាមួយគ្នា ។ បច្ចុប្បន្នមានទីលំនៅភូមិបឹងតាស្រី
ឃុំគោករមៀត ស្រុកថ្មពួក ខេត្ដបន្ទាយមានជ័យ ។
ចំណែកប្ដី ប្រពន្ធមួយគូទៀត ប្ដីឈ្មោះ ឈុន លន់ អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅភូមិភាស ឃុំសារង្គ ស្រុកស្វាយចេក ខេត្ដបន្ទាយមានជ័យ មានប្រពន្ធឈ្មោះ ចាន់ សាវ័ន្ដ អាយុ២៦ឆ្នាំ មានស្រុកកំណើតជាមួយគ្នា និងមានកូន៣នាក់ ។ បច្ចុប្បន្ន មានទីលំនៅភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ខេត្ដបន្ទាយមានជ័យ ។ ប្រភពដដែលបន្ដថា បុរសជាប្ដីទាំង២នាក់គឺជាមិត្ដភក្ដិនឹងគ្នា ។ ម្ដងៗឈ្មោះ ប៊ុន ធឿម តែងតែនិយាយលេងបន្លំមែនបបួលឈ្មោះ ឈុន លន់ ដូរប្រពន្ធគ្នា ។
តាមសម្ដីស្ដ្រីឈ្មោះ សន ពៅ ជាប្រពន្ធរបស់ឈ្មោះ ប៊ុន ធឿម បាននិយាយថា នាងនឹងឈ្មោះ ប៊ុន ធឿម បានរៀបការជាមួយគ្នាតាំងពីឆ្នាំ២០០៦មកម្ល៉េះ មានកូនប្រុសស្រីចំនួន៦នាក់ បាននាំគ្នាទៅធ្វើការនៅប្រទេសថៃ ហើយបានស្គាល់ឈ្មោះ ឈុន លន់ និងរាប់អានគ្នាជាមិត្ដភក្ដិ បន្ទាប់មក ក៏ត្រឡប់មកស្រុកខ្មែរវិញ ។ ពេលនាងមាន
ផ្ទៃពោះ៦ខែ កំណើតកូនទី៧ នាងត្រូវបានប្ដីដើរចោលទៅឆាបឆក់យកប្រពន្ធមិត្ដភក្ដិ រួចនាំគ្នាពង្រត់ទៅធ្វើការនៅប្រទេសថៃ ដោយមិនបានគិតគូរពីនាង និងកូនក្នុងផ្ទៃឡើយ ។ បន្ទាប់មក នាងឆ្លងទន្លេបានកូនប្រុស ពេលនេះមានអាយុ២ខែហើយ ។
បើតាមការរៀបរាប់របស់បុរសអភ័ព្វស្នេហ៍ប្រពន្ធ រត់ចោលឈ្មោះ ឈុន លន់ បាននិយាយថា រូបគេនិងប្រពន្ធបានរៀបការជាមួយគ្នាជាច្រើនឆ្នាំមកហើយ និងមានកូនប្រុសស្រីចំនួន៣នាក់ ។ បន្ទាប់ពីឈ្មោះ ប៊ុន ធឿម ដែលជាមិត្ដភក្ដិ និងប្រពន្ធរបស់ខ្លួនពង្រត់គ្នាទៅប្រទេសថៃបាត់ទៅ ពេលឃើញប្រពន្ធឈ្មោះ ប៊ុន ធឿម ឆ្លងទន្លេគ្មានប្ដីនៅ
មើលថែ បម្រើបាយទឹក និងដុតភ្លើងឱ្យ ខ្លួនក៏ស្ម័គ្រចិត្ដនៅបម្រើបាយទឹក និងដុតភ្លើងឱ្យ និងបានព្រមព្រៀងគ្នាសម្រេចចិត្ដយកគ្នាជាប្ដីប្រពន្ធវិញ ដូចជាការដូរប្រពន្ធគ្នាទៅចុះ ធ្វើម៉េចបើព្រហ្មលិខិតបានកំណត់ឆាកជីវិតរបស់គេឱ្យទទួលយកបែបនេះ ៕
» Breaking News, ព័ត៌មានជាតិ » រឿងរ៉ាវសហាយស្មន់ក្លាយជាការដូរប្រពន្ធ