ភ្នំពេញ ៖ នៅវេលាម៉ោង៥ល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៣ និងព្រឹកថ្ងៃនេះ គេឃើញក្រុមយុវជនដើម្បីសន្តិភាពជាច្រើននាក់ បានមកជួបជុំគ្នាម្តុំក្តាន់ពីរ ក្បែរក្រសួងការពារជាតិនិងកន្លែងគោលដៅផ្សេងៗ ដើម្បីចែកផ្កាដល់កងទ័ព និងប៉ូលិស បំណងយកចិត្តយកថ្លើមអោយចូលរួមនិងជ្រោមជ្រែងមហាបាតុកម្មរបស់ គណបក្សសង្គ្រោះជាតិនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៣នេះ។
ក្នុងសកម្មភាពចែកផ្ការបស់ក្រុមយុវជនដើម្បីសន្តិភាពនេះ គេសង្កេតឃើញ ទាំងកងទ័ព និងប៉ូលិសដែលមានវត្តមាននៅទីនោះ មិនបានទទួលផ្កានោះទេ។ ការចែកផ្កា មានន័យថា ចែករំលែកក្តីស្រាលាញ់ តែការចែកផ្កានៅពេលនេះ ត្រូវបានប្រជាពលរដ្ឋទូទៅគេយល់ថា កំពុងលួងលោមអូសទាញ កងទ័ព ប៉ូលិស អោយគាំទ្រខ្លួន និងចូលរួមក្នុងសកម្មភាពធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ទៅវិញ។ ជាការពិតណាស់ កងទ័ព ប៉ូលិសទាំងអស់ មានភារកិច្ចការពារបូរណភាពទឹកដី ការពារសន្តិសុខជាតិទាំងមូល និងដាច់ខាតស្តាប់បទបញ្ជាថ្នាក់ដឹកនាំអង្គភាពរបស់ខ្លួន ដោយមិនស្តាប់តាមការញុះញង់ ឬ ការលួងលោមរបស់ជនណាមួយ ដើម្បីបំផ្លាញជាតិឡើយ៕