កណ្ដាល ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឱ្យផ្អាកសកម្មភាព ការបូមខ្សាច់នៅ តំបន់ក្បាលកោះ ស្ថិតនៅលើទន្លេមេគង្គ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្ដកណ្ដាល ដោយរង់ចាំការត្រួតពិនិត្យលក្ខណៈ បច្ចេកទេសសារជាថ្មី នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៣ នេះ ។ ការបញ្ជាឱ្យផ្អាក សាឡង់បូមខ្សាច់ ដែលធ្វើសកម្មភាពអស់ រយៈពេលប្រមាណ ១០ថ្ងៃមកនេះ ពីសំ ណាក់ ឯកឧត្តម លឹម គានហោ បានធ្វើឡើងក្រោយ ពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានបាន រាយការណ៍ ពីផលប៉ះពាល់ដែលកើតមាន ឡើង និងអាចកើតមានឡើងដោយសារ ការបូមខ្សាច់ខុសបច្ចេក ទេសទាំង នេះ ។
នាយកខុទ្ទកាល័យ ក្រសួងធនធានទឹកលោក ចាន់ យុត្ថា បានថ្លែងឱ្យដឹងថា ឯកឧត្តម រដ្ឋមន្ដ្រី លឹម គានហោ បានបញ្ជាឱ្យផ្អាកតែ ម្ដង រង់ចាំក្រុមមន្ដ្រីជំនាញចុះមកពិនិត្យ លក្ខណៈបច្ចេកទេស នៃការបូមខ្សាច់នេះ ឡើងវិញ ទើបសម្រេចសារជាថ្មី ។
លោក ចាន់ យុត្ថា បានបន្ដថា ក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងម្ចាស់ សាឡង់បូមខ្សាច់ កំពុងធ្វើកំណត់ហេតុដើម្បី ផ្អាកសកម្មភាពនេះតែម្ដង ។ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន នៅក្នុងឃុំព្រែកអញ្ចាញ បាននិយាយថា សាឡង់បូមខ្សាច់ជិត១០ គ្រឿង បានមកបូមខ្សាច់នៅតំបន់ក្បាលកោះនេះ ហើយ ធ្វើសកម្មភាពបូមទាំងថ្ងៃទាំងយប់ដែលធ្វើ ឱ្យប៉ះពាល់លំនៅដ្ឋានពួកគាត់ នៅតាមដង ទន្លេមេគង្គ។ប្រជាពលរដ្ឋ បានស្នើឱ្យមានការត្រួត ពិនិត្យលក្ខណៈបច្ចេកទេស ក្នុងការបូមខ្សាច់សារជាថ្មី ហើយធ្វើសកម្មភាពបូមឲ្យមានពេលវាលាត្រឹមត្រូវ៕ អរិយធម៌