ភ្នំពេញ ៖ កាលពីវេលាម៉ោង៤និង២០ នាទីរសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៣ នៅផ្លូវលេខ៣២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយសាររថយន្ដ ដឹកសិស្សសាលាអន្ដរជាតិសិង្ហបុរី១គ្រឿងបានបុកក្មេងស្រីម្នាក់ កំពុងជិះកង់ចេញពីសាលារៀន ។
ប្រភពព័ត៌មានពីបានឱ្យដឹងថា មុនពេលកើតហេតុក្មេងស្រីឈ្មោះថន នីកា អាយុ៨ឆ្នាំ ជាសិស្សសាលាឯកជនមានទីលំនៅផ្ទះលេខ៣២ ផ្លូវលេខ៣២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានជិះកង់ចេញពីសាលារៀនសំដៅទៅផ្ទះ ។ ខណៈនោះស្រាប់តែមានរថយន្ដដឹកសិស្ស សាលាអន្ដរជាតិសិង្ហបុរី ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ
ភ្នំពេញ 2O-2685 បើកបរដោយបុរសឈ្មោះ ទៀប សុភា អាយុ៣២ឆ្នាំ មានទីលំនៅផ្ទះលេខ៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានបើកពី ក្រោយពីក្មេងស្រីរងគ្រោះរួចបានជ្រុលចង្កូតទៅបុកកង់ដែលនាង កំពុងជិះបណ្ដាលឱ្យដួលបោកក្បាលនឹង ថ្នល់ស្លាប់ភ្លាមមួយរំពេច ។ ក្រោយពីមានឧបទ្ទហេតុនេះកើតឡើងអ្នកបើកបររថយន្ដនេះបម្រុងជិះ រថយន្ដគេចខ្លួន តែត្រូវបាន នគរបាលមូលដ្ឋានឃាត់ទាន់បញ្ជូនទៅអធិការនគរបាលខណ្ឌ
ទួលគោក ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕