ភ្នំពេញ៖ រថយន្តឆ្លុះចល័តមួយគ្រឿងដែលមានបំពាក់ដោយឧបករណ៍ បរិក្ខាពេទ្យទំនើបៗ រួចជាស្រេច ត្រូវបានរាជរដ្ឋាភិបាលជប៉ុនប្រគល់ដល់មន្ទីរពេទ្យព្រះកេតុមាលា តាមរយៈអង្គការ JPRនាព្រឹកថ្ងៃទី០៥ កញ្ញាឆ្នាំ២០១៣ម្សិលមិញនេះ។
លោកវេជ្ជបណ្ឌិត លី សុវណ្ណ នាយកមន្ទីរពេទ្យព្រះកេតុមាលា បានមានប្រសាសន៍ថា រថយន្តចល័តបំពាក់ទៅដោយឧបករណ៍ឆ្លុះនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ប្រទេសជប៉ុនដែលបានផ្តល់ឲ្យមន្ទីរពេទ្យព្រះកេតុមាលានាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ជួយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ។ ព្រោះថារថយន្តនេះបានបំពាក់ទៅដោយឧបករណ៍សង្គ្រោះគ្រប់គ្រាន់ អាចដល់ក្រុមគ្រូពេទ្យធ្វើការព្យាបាលដោយផ្ទាល់នៅនឹងកន្លែង ក៏ដូចជានៅតំបន់ដាច់ស្រយាលឆ្ងាយពីមន្ទីរពេទ្យ ឬកន្លែងដែលរងគ្រោះដោយគ្រោះមហន្តរាយពីធម្មជាតិផ្សេងៗនៅទូទាំងប្រទេស។
បើទោះជារថយន្តប្រភេទនេះមានតិច្ចតួច មិនទាន់ឆ្លើយតប នឹងសេចក្តីត្រូវការរបស់កម្ពុជាក្តី តែវាបានជួយសំរាលបន្ទុកដ៏ធំមួយរបស់មន្ទីរពេទ្យ និង បានជួយដល់ជនរងគ្រោះដែលត្រូវការចាំបាច់ក្នុងការសង្គ្រោះបន្ទាន់ផងដែរ។
សូមបញ្ជាក់ថា រថយន្តដែលបំពាក់ទៅដោយឧបករណ៍ពេទ្យដ៏ទំនើបដែលជាអំណោយរបស់រដ្ឋាភិបាលជប៉ុននេះ គឺជារថយន្តទីមួយហើយដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាមានតម្លៃប្រមាណជាង៥ម៉ឺនដុល្លារ ៕ដោយ៖ ស្រីផល
» ព័ត៌មានជាតិ » ជប៉ុនផ្តល់ឡានឆ្លុះចល័តមានតម្លៃជាង៥ម៉ឺនដុល្លារដល់មន្ទីរពេទ្យព្រះកេតុមាលា