កាលពីថ្ងៃទី១៧ មិថុនា ម្សិលមិញ ប្រជាពលរដ្ឋឥណ្ឌូនេស៊ីប្រមាណ៣ពាន់នាក់បានធ្វើការឡោមព័ទ្ធអគាររដ្ឋសភាឥណ្ឌូនេស៊ី ខណៈដែលសភាប្រទេសនេះកំពុងធ្វើការអនុម័តការបង្កើនតម្លៃប្រេងសាំងចំនួន៣៣ភាគរយបន្ថែមទៀត។
ក្រុមប្រជាពលរដ្ឋឥណ្ឌូនេស៊ីដែលជាបាតុករបាននិយាយថា ការតម្លើងតម្លៃប្រេងសាំងនឹងធ្វើឲ្យទំនិញផ្សេងៗទៀតឡើងថ្ងៃទៅតាមនោះដែរ ដូច្នេះពួកគេទាមទារឲ្យរដ្ឋាភិបាលលុបចោលគម្រោងនេះ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយកាលពីថ្ងៃម្សិលមិញសភាឥណ្ឌូនេស៊ីនៅតែបានសម្រេចអនុម័តការបង្កើនតម្លៃប្រេងសាំងនេះ ដោយទទួលបានសំឡេងគាំទ្រ ៣៣៨ និងប្រឆាំង ១៨១។
សូមបញ្ជាក់ដែរថា ការឡោមព័ទ្ធរដ្ឋសភារបស់ពលរដ្ឋឥណ្ឌូនេស៊ីក៏បានបង្កើតជាអំពើហិង្សាផងដែរ ដែលបង្ខំចិត្តឲ្យក្រុមប៉ូលិសបាញ់គ្រាប់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ៕