ភ្នំពេញ ៖ បើយោងតាមសម្តីលោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា «សាលារាជធានី ភ្នំពេញ បានអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យនៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែកញ្ញាឆ្នាំ២០១៣ តាមសំណើតែមានលក្ខខណ្ឌតឹងរ៉ឹងមួយចំនួន ឲ្យគណបក្សនោះគោរពតាមផងដែរ»។
កាលពីរសៀលថ្ងៃទី៣ខែកញ្ញា មានកិច្ចប្រជុំមួយនៅសាលារាជធានីភ្នំពេញ ដែលប្រើពេលវេលាអស់ជាង៣ ម៉ោង ដោយមានអាជ្ញាធររាជធានីភ្នំពេញ និងតំណាងគណបក្សសង្គ្រោះជាតិ ចូលរួមធ្វើការពិភាក្សាយ៉ាងស្វិត ស្វាញនិងតឹងរ៉ឹងបំផុត។ ក្រោយពីការប្រជុំគឺសាលារាជធានីភ្នំពេញ ក៏ឯកភាពឲ្យគណបក្សសង្គ្រោះជាតិធ្វើ បាតុកម្មអហិង្សា
លើទីលានប្រជាធិបតេយ្យនៅព្រឹកថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៣។ ប៉ុន្តែសាលារាជធានីភ្នំពេញ បានហាមមិនឲ្យធ្វើមហាបាតុកម្មអហិង្សានោះ ហួសពីម៉ោង១២ថ្ងៃត្រង់ទេ។ ម្យ៉ាងវិញទៀតមិនអនុញ្ញាតឲ្យមាន ដង្ហែក្បួនចល័តតាមដងផ្លូវក្រោយពីការជួបជុំនោះឡើយ។ ក្នុងនោះតំណាងគណបក្សសង្គ្រោះជាតិយល់ព្រម អនុវត្តតាម ហើយ
សន្យាថា នឹងគោរពឲ្យបានម៉ឹងម៉ាត់នូវកិច្ចប្រជុំព្រមព្រៀងគ្នានោះ។
ប្រភពបានឲ្យដឹងថា នៅក្នុងការជួបជុំមហាបាតុកម្មអហិង្សាចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១១ថ្ងៃត្រង់ គឺមាន វត្តមានលោកសមរង្ស៊ី និងលោកកឹម សុខា ហើយក៏មានសេចក្តីថ្លែងការណ៍នានា របស់សកម្មជននៃគណបក្ស នោះ ព្រមទាំងមានពិធីធ្វើសមាធិផងដែរ។ ចាំមើលគណបក្សនេះអាចគោរពបានល្អទៅតាមកិច្ចព្រមព្រៀងដែរ ឬអត់?
ចុះបើមានបញ្ហាអ្វីកើតឡើងផ្សេងៗនរណាជាអ្នកទទួលខុសត្រូវ? ប្រជាពលរដ្ឋម្ចាស់ឆ្នោតក៏ដូចជាអង្គការ នានា មិនចង់ឃើញមានការធ្វើបាតុកម្មនោះទេ ព្រោះវាអាចមានបច្ច័យអាក្រក់កើតឡើង។
ក្នុងកិច្ចប្រជុំនោះ ដឹកនាំដោយលោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី០៣កញ្ញា២០១៣បានបើកកិច្ចប្រជុំពិភាក្សាមួយជាមួយគណបក្សសង្គ្រោះជាតិដើម្បីស្វែងរកចំណុចវិជ្ជមានមួយក្នុងការរួមគ្នាលើការរក្សា អោយបានសន្តិសុខ សុវត្ថិភាពក្នុងការធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យថ្ងៃ០៧កញ្ញា
ខាងមុខ ហើយការធ្វើបាតុកម្មអហិង្សានោះតាមការស្នើសុំរបស់បក្សសង្គ្រោះជាតិមានការចូលពីអ្នកគាំទ្រចំនួន២ម៉ឺននាក់ តែការធ្វើបាតុកម្មនេះបានសំរេចគ្នាថាមិនមានការដង្ហែជាក្បួននោះទេ គឺធ្វើឡើងនៅតែក្នុងទីលាននេះតែម្តង
ក្រោមការការពារសន្តិសុខ សុវត្ថិភាពពីសមត្ថកិច្ចយ៉ាងតឹងរ៉ឹងបំផុត។
ក្នុងកិច្ចប្រជុំវត្តមានមកពីគណបក្សសង្គ្រោះជាតិមាន៣រូប ក្នុងនោះរួមមានលោកហូរ វ៉ាន់ លោកម៉ៅ ម៉ូលីវណ្ណ និងលោកម៉ន ផល្លា ។ចំណែកខាងអាជ្ញាធររាជធានីមានលោកឃួង ស្រេងអភិបាលរងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ជួន សុវណ្ណស្នងការនគរបាលរាជធានី មេដឹកនាំកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងកងកម្លាំងពាក់ព័ន្ធ
មួយចំនួន។
ការពិភាក្សានោះក៏បានប្រឈមនឹងការតឹងសរសៃកដាក់គ្នាមួយប្រាវផងដែរ ដែលភាពតឹងសរសៃកដាក់គ្នានោះផ្តើមចេញពីមន្ត្រីរបស់បក្សប្រឆាំងលើកឡើងខុសពីអ្វីដែលត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនេះ។ប៉ុន្តែបានសម្របសម្រួលគ្នាល្អឡើងវិញ ដោយធ្វើយ៉ាងណាអោយមហាបាតុកម្មនេះទទួលបានជោគជ័យនិងគ្មានហានិភ័យអ្វី
កើតឡើង។
លោកហូរ វ៉ាន់ បានជម្រាបជូនអង្គប្រជុំពីគោលបំណងនៃការធ្វើបាតុកម្មនេះថា៖ ជាមហាបាតុកម្មអហិង្សា ដោយស្មឹងស្មាធិ សុំសន្ដិភាព ដែលគណបក្សសង្គ្រោះជាតិអះអាងថា ធ្វើឡើងដើម្បីទាម ទារឲ្យបង្កើតគណៈកម្មការពិសេសឯករាជ្យ ដើម្បីស៊ើបអង្កេតរកការពិត និងយុត្តិធម៌នៃលទ្ធផលបោះឆ្នោត។ តំណាងស្របច្បាប់របស់គណបក្សសង្គ្រោះជាតិចំនួន៣នាក់ គឺលោកហូរ វ៉ាន់, លោកម៉ៅ មុនីវណ្ណ, និងលោកគួយ ប៊ុនរឿន ដែលបានចុះហត្ថលេខាលើសំណើសុំធ្វើបាតុកម្ម ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការរៀបចំមហា បាតុកម្មនេះ។ ចំពោះរបៀប វារៈឡើងថ្លែងរបស់ប្រធានគណបក្សសង្គ្រោះជាតិ ទៅកាន់អ្នក ចូលរួមគាំទ្រគឺ មានចំនួន១៧ចំណុច ដែលអ្នកជំនាញតំណាងគណបក្សបាន បង្ហោះតាម វិបសាយនិងហ្វេសប៊ុកទៅជាមុនរួចហើយ។
លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញដែលទទួលខុសត្រូវ ផ្នែកសន្ដិសុខ នោះទាំងស្រុងបានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ត្រូវធានាកិច្ចការពារសន្តិសុខសុវ ត្ថិភាពផ្ទៃក្នុងមហាបាតុកម្មឲ្យ បានល្អ ពិសេសគឺការសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។ រីឯកិច្ចការពារសន្តិសុខ សុវត្ថិភាពនៅខាងក្រៅ ជាការទទួលខុសត្រូវរបស់សមត្ថកិច្ច និង អាជ្ញាធររាជធានី។ ជាងនេះទៅទៀត ដើម្បីងាយស្រួលក្នុងការដោះស្រាយនូវបញ្ហាបន្ទាន់ផ្សេងៗ គណបក្សសង្គ្រោះជាតិត្រូវរៀបចំក្រុមការងារដើម្បីទាក់ទងជាមួយ សមត្ថកិច្ច។ ដោយឡែក ចំពោះចំនួនអ្នកចូលរួមដែលគណបក្សសង្គ្រោះជាតិស្នើសុំឲ្យ បាន២ម៉ឺននាក់ សាលារាជធានីភ្នំពេញមិនអាចសម្រេចបានទេ គឺត្រូវស្នើសុំ
ទៅក្រសួងមហាផ្ទៃជាមុនសិន។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសពីទម្រង់មហាបាតុកម្មអហិង្សា និងសន្តិវិធីថា ជាពិធីស្មឹងស្មាធិ៍ បួងសួង ដើម្បីសន្តិភាព ទាំងផ្លូវកាយនិងផ្លូវចិត្ត។ជាពិធីស្មឹងស្មាធិ៍ បួងសួងក៏ពិតមែន តែលោកកឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា វានៅតែជាមហាបាតុកម្ម។គ្រាន់តែមហាបាតុកម្មនេះ
ធ្វើឡើងក្នុងរូបភាពអហិង្សា ដោយសន្តិវិធី ។ ប្រមុខបក្សប្រ ឆាំងបានបញ្ជាក់ថា សកម្មជនគណបក្សសង្គ្រោះជាតិនឹង កាន់តែធូប ទៀន និងផ្កាប៉ុណ្ណោះ នៅក្នុងមហាបាតុកម្ម។
គួររំលឹកថា ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានឲ្យមន្ត្រីជាន់ខ្ពស់របស់ខ្លួន ជួបប្រជុំរកច្រកចេញនៃ ភាពជាប់គាំងនយោបាយ៣លើករួចមក ហើយតែមិនបានជោគជ័យ ព្រោះតែតំណាងគណបក្សសង្គ្រោះជាតិ ផ្លាស់ប្តូរឥរិយាបថលឿនពេក ក្រោយពីជួបប្រជុំគ្នានោះ។ ក្នុងជំនួបទាំង៣លើកនោះ គឺលើកទី១ នៅថ្ងៃទី៣
ខែសីហា នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប លើកទី២ នៅថ្ងៃទី៩ខែសីហា នៅរដ្ឋសភាជាតិ និងលើកទី៣ នៅថ្ងៃទី២០ ខែសីហា នៅមន្ទីររដ្ឋសភាជាតិ។
កន្លងមក លោកសមរង្ស៊ី បានធ្វើលិខិត២លើករួចទៅហើយជូនសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភាជាតិ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយលិខិតលើកទី១ ស្នើសុំឲ្យមានកិច្ចប្រជុំរវាង ក្រុមការងារនៃគណបក្សទាំង២ ដើម្បីស្វែងរកដំណោះស្រាយនានា ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៥ និងលើកទី២ ចង់ស្វែងរកការចរចារវាងថ្នាក់ដឹកនាំកំពូលៗនៃបក្សទាំង២ លើភាព មិនប្រក្រតីមួយចំនួននៃការបោះឆ្នោត ដើម្បីធ្វើការកែទំរង់នយោបាយ។ ក្រោយពីសម្តេច ជា ស៊ីម ទទួលបាន លិខិតទាំង២លើក ហើយសម្តេចបានឆ្លើយតបទៅវិញថា គណបក្សប្រជាជនកម្ពុជា នៅតែមានសុច្ឆន្ទៈដ៏ពិត ប្រាកដ ដើម្បីបន្តការចរចាដោះស្រាយនូវបញ្ហានានា ដែលសេសសល់ដោយឈរលើលទ្ធផលនៃការបោះឆ្នោត និងស្មារតីផ្សះផ្សាបង្រួបបង្រួមជាតិ ដែលជាផ្លូវល្អបំផុតសំរាប់ភាពសុខសាន្តរបស់ប្រជាជន។
លោកជាម យៀប សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជា ធ្លាប់បានមានប្រសាសន៍ ថា «គណបក្សប្រជាជនកម្ពុជា បើកចំហជើងមេឃទូលាយក្នុងការចរចា ដើម្បីសុខសន្តិភាពនិងការផ្សះផ្សាបង្រួប បង្រួមជាតិ»។ ប៉ុន្តែការចរចានោះត្រូវផ្អែកលើលទ្ធផលនៃការបោះឆ្នោត ដែលចេញដោយ គ.ជ.ប។ លោក ជាម យៀប បានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជានៅតែប្រកាន់ជំហរតឹងរ៉ឹងក្នុងការដោះស្រាយបាតុភាពមិន ប្រក្រតីនានា នៃការបោះឆ្នោតដែលជាសមត្ថកិច្ចរបស់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញដូចច្បាប់កំណត់ជាដរាប។
លោកជាម យៀប បានបន្តថា បើសិនជាមានការចរចាដើម្បីនិយាយពីការបែងចែកតួនាទីក្នុងរដ្ឋសភា ដែល គេហៅថា «កែទម្រង់នយោបាយ» គឺគណបក្សជាប់ឆ្នោតទាំង២ អាចអង្គុយតុចរចាជាមួយគ្នាបាន។ ប៉ុន្តែការ ចរចាគ្នានោះ ទាល់តែគណបក្សសង្គ្រោះជាតិ មានសុច្ឆន្ទៈពិតប្រាកដ ពោលគឺគណបក្សប្រឆាំងត្រូវតែទទួល ស្គាល់
លទ្ធផលបោះឆ្នោតជាមុនសិន ទើបអាចអង្គុយតុចរចាគ្នាបាន។ ដោយមានភាពមានះរឹងរូសមិនចេះច្បាប់ របស់លោកសមរង្ស៊ីនេះហើយ ទើបការចរចាទាំង៣លើកមិនមានផលជាវិជ្ជមាននោះឯង។
គេសំឡឹងឃើញថា «គណបក្សសង្គ្រោះជាតិនៅតែចង់បង្កើតគណៈកម្មការចម្រុះឯករាជ្យ ដើម្បីធ្វើជាអាជ្ញា កណ្តាលដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត» តាមពិតគណៈកម្មការចំរុះឯករាជ្យនេះគ្មានចែងក្នុង រដ្ឋធម្មនុញ្ញ និងមានចែងនៅក្នុងច្បាប់ គ.ជ.ប ទេ»។ ដូច្នេះបើលោកសមរង្ស៊ីនិងលោកកឹម សុខា អះអាងថា
«ស្រឡាញ់ជាតិ ស្រឡាញ់ប្រជាជន ត្រូវចេះគោរពច្បាប់បោះឆ្នោតនិងគោរពច្បាប់រដ្ឋធម្មនុញ្ញផង។
ទោះជាយ៉ាងណាក្តី ការធ្វើមហាបាតុកម្មអហិង្សារបស់លោកសមរង្ស៊ី នៅថ្ងៃទី៧ខែកញ្ញានោះ គឺអាជ្ញាធរ សមត្ថកិច្ចបានដាក់កំលាំងការពាររួចជាស្រេច ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ៕
ដោយ៖តាបណ្ឌិត + វិជ្ជា
» Breaking News, ព័ត៌មានជាតិ » សាលាក្រុងឲ្យបក្សសង្គ្រោះជាតិជួបជុំធ្វើបាតុកម្មនៅថ្ងៃទី៧ខែកញ្ញាដោយមានលក្ខខណ្ឌតឹងរ៉ឹង