ភ្នំពេញ៖ឯកអគ្គរដ្ឋទូតគុយវ៉ែត ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះលទ្ធផលបោះឆ្នោត ដែលគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះលើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥នេះ និងគាំទ្រចំពោះការប្រកាន់ខ្ជាប់នូវលិទ្ធិប្រជាធិបតេយ្យក្នុងការអនុវត្តច្បាប់នានា។
នៅក្នុងជំនួបពិភាក្សាមួយរវាងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោកDHERAR NASER AL . TUWAIRI ឯកអគ្គរដ្ឋទូតគុយវ៉ែត ប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី០៤ខែ កញ្ញា នេះនៅសាលារាជធានីភ្នំពេញលោកឯកអគ្គរដ្ឋទូតគុយវ៉ែត បានមាន ប្រសាសន៍ថា ជាការពិតប្រទេសណាក៏ដូចជាប្រទេសណាដែរ ឲ្យតែជាប្រទេសកាន់
លិទ្ធិប្រជាធិបតេយ្យជៀសមិនផុតពីការជួបប្រទះនូវបញ្ហាវិវាទផ្នែកនយោបាយខ្លះនៅក្រោយការបោះឆ្នោតនោះទេ។
ប៉ុន្តែការខ្វែងគំនិតគ្នាយ៉ាងណានោះ វានឹងឈានទៅស្រុះស្រួលគ្នានៅពេលដែលមានការដោះស្រាយដោយសន្តិវិធី។ប៉ុន្តែកម្ពុជាគណបក្សប្រឆាំងនៅតែប្រកាន់ជំហរធ្វើមហាបាតុកម្មដ៏ធំមួយនៅថ្ងៃទៅ៧ កញ្ញាខាងមុខនេះ លោកDHERAR NASER AL . TUWAIRI បានសម្តែងនូវការព្រួយបារម្ភចំពោះមហាបាតុកម្មនេះ ថាតើអាជ្ញាធរមានវិធីអីសម្រាប់ទប់ទល់ជាមួយមហាបាតុកម្មនោះ ព្រោះថាមិនមែនតែរូបលោកទេ មានស្ថានទូតដទៃទៀតក៏មានការព្រួយបារម្ភខ្លាំងណាស់ដែរចំពោះបញ្ហាសន្តិសុខ សុវត្ថិភាព ជាមួយគ្នានេះប្រជាពលរដ្ឋម្ចាស់ឆ្នោត ក៏មានការព្រួយបារម្ភដូចគ្នានេះដែរ។
ជាការឆ្លើយតបលោក ប៉ា សុជាតិវង្ស បានជម្រាបជូនថា រាល់សកម្មភាពរបស់ស្ថាប័នជាតិ ( គ ជ ប ) ត្រូវរងការដៀលត្មះពីក្រុមបក្សប្រឆាំង ក្នុងនោះក៏មានការជំរុញឲ្យមានការរើសអើងពូជសាសន៍ពីក្រុមជនមួយចំនួនដែលគាំទ្របក្សប្រឆាំង។បើទោះជាស្ថាប័នមួយនេះបានខិតខំដោះស្រាយបញ្ហាទាំងឡាយរបស់បក្សប្រឆាំង តាមនីតិវិធីច្បាប់ក៏ដោយក៏ស្ថាប័ន ( គ ជ ប )នៅតែមិនទទួលបានការពេញចិត្តពីបក្សប្រឆាំងនោះដែរ។
លោក អភិបាលបានជម្រាបជូនទៀតថា ការស្នើសុំបង្កើតគណៈកម្មការឯករាជ្យរបស់គណបក្សប្រឆាំងនោះ បានក្លាយទៅជាកូនជញ្ជីងនៃការតថ្លៃអំណាចរបស់បក្សប្រឆាំង។ បើមិនបានតាមការទាមទារទេនោះ គឺពួកគាត់ប្រកាសធ្វើមហាបាតុកម្ម។
ជាមួយគ្នានេះ លោក ប៉ា សុជាតិវង្ស បានសុំឲ្យ អង្គទូត ស្ថានទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា កុំឲ្យមានការព្រួយបារម្ភខ្លាំងពេកអំពីបញ្ហានេះ ពីព្រោះកម្ពុជាជាប្រទេសមួយ ដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ គ្រាន់តែថាអ្នកបង្កបញ្ហាគេមិនបានគោរពច្បាប់តែប៉ុណ្ណោះ តែទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរនឹងខិតខំបញ្ចៀសឲ្យបាននូវ
អំពើហិង្សាក្នុងកំរិតខ្ពស់បំផុតតាមតែអាចធ្វើទៅបាន ៕ដោយ៖ វិជ្ជា