ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» វិភាគ​នយោបាយ » ​មិនទាន់មាន​ការជាប់​គាំង​នយោបាយ​ឯណា​?

​មិនទាន់មាន​ការជាប់​គាំង​នយោបាយ​ឯណា​?

ពួក​អ្នកនយោបាយ សង្គម​ស៊ីវិល និង​អ្នកកាសែត​មួយចំនួន​បាន​ប្រើពាក្យ​ថា ក្រោយពី​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ដែល​ប្រព្រឹត្តឡើង​កាលពី​ថ្ងៃទី​២៨ ខែកក្កដា​មកនេះ ប្រទេស​កម្ពុជា​កំពុង​ជាប់គាំង នយោបាយ ហើយ​អំពាវនាវ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើការ​ចរចា​គ្នា​ដើម្បី​រក ដំណោះស្រាយ​ដោយ​សន្តិវិធី​។​
ប៉ុន្តែ​តាម​ការពិត ក្រោយពី​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៨ ខែកក្កដា​នោះ រហូតដល់​សព្វថ្ងៃនេះ វា​មិនទាន់​មានការ ជាប់គាំង​នយោបាយ​អ្វី​ទេ គឺ​វា​គ្រាន់​តែមាន​ភាពចម្រូងចម្រាស​គ្នា រវាង​គណបក្ស​ទាំង​២ អំពី​លទ្ធផល​នៃ​ការបោះ ឆ្នោត​ប៉ុណ្ណោះ​។​
ក្រោយពេល​បោះឆ្នោត​ភ្លាម មិនទាន់​ទាំង​រាប់​សន្លឹកឆ្នោត​នៅ​គ្រប់​ការិយាល័យ​ចប់​ផង ស្រាប់តែ​លោក​សមរង្ស៊ី ស្រែក​ប្រកាស​ខ្លួនឯង​ថា គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ហើយដោយ​និយាយ​របៀប​ស្មានៗ​ថា ឈ្នះឆ្នោត​៧០ ភាគរយ​។ លុះដល់​ម៉ោងជាង​៨​យប់ ថ្ងៃទី​២៨​ខែកក្កដា លោក​ខៀវ កាញារីទ្ធ ដែល​បានទទួល​លទ្ធផល​បឋម សរុប​ពី​គ្រប់​ខេត្ត​រាជធានី បានប្រកាស​ពី​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ថា ទទួលបាន​អាសនៈ នៅក្នុង​រដ្ឋសភា​ចំនួន​៦៨​អាសនៈ ឯ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​៥៥​អាសនៈ​។ បន្តិចក្រោយមក​ស្រាប់តែ គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិនដឹង​ច្បាស់ ពី​លទ្ធផល​បោះឆ្នោត​តាម​ខេត្ត​រាជធានី ពិតប្រាកដ​ផង បែរជា ស្រែកថា គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​បាន​៦២​ឬ​៦៣​អាសនៈ ពោលគឺ​គេ​ប្រកាស​យកឈ្នះ​មួយ​ឬ​ពីរ អាសនៈ ល្មមតែ​បង្កើត​រដ្ឋាភិបាល​ម្នាក់ឯង​បាន​ប៉ុណ្ណោះ​។ តែ​ការពិត​អ្នកឈ្នះឆ្នោត​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ហើយក៏​គ្មាន​ការលួចបន្លំ​សន្លឹកឆ្នោត​អ្វី​ដែរ គឺ​គ្រាន់តែ​នៅតាម​ការិយាល័យ​មួយចំនួន មាន​ភាពមិនប្រក្រតី​ខ្លះៗ តែ​វា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការបែងចែក​អាសនៈ​នោះទេ​។​
គណបក្ស​សង្គ្រោះ​ជាតិ បាន​គំរាម​ធ្វើ​មហា​បាតុកម្ម​ផ្តួលរំលំ​រដ្ឋាភិបាល តាំងពី​ក្រោយ​បោះឆ្នោត​ភ្លាមៗ​មកម្ល៉េះ បើសិនជា​ខ្លួន​ចាញ់ឆ្នោត នៅពេលដែល​ខ្លួន​សប្បាយរីករាយ​នឹង​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ ៥៥​អាសនៈ​នោះ​រួច ទៅហើយ​។ មិនតែប៉ុណ្ណោះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទាំង​តវ៉ា​ទាមទារ​ឲ្យ​មានការ​បង្កើត​គណៈកម្មកា​រ​ឯករាជ្យ ដោយ​យក​អង្គការសហប្រជាជាតិ មក​ធ្វើ​អាជ្ញាកណ្តាល ដែល​ផ្ទុយ​នឹង​ច្បាប់បោះឆ្នោត​របស់​ព្រះរាជាណាចក្រ កម្ពុជា​ទៅវិញ​។​
ក្រោយមកទៀត ក៏​ប្រកាសថា នឹងធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃទី​៧ ខែកញ្ញា​ខាងមុខនេះ​ទៀតផង ពិសេស​គឺ​ថ្ងៃទី​១ ខែកញ្ញា គណបក្ស​សង្គ្រោះ​ជាតិ បាន​ទាំង​ប្រមូល​គ្នីគ្នា​មក​ធ្វើ​ការហាត់​សម​ធ្វើបាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ ទៀតផង​។ ប៉ុន្តែ​មួយថ្ងៃ​ក្រោយមក​បែរជា​និយាយថា ធ្វើ​មហា​បាតុកម្ម​នោះ​ជា​របៀប​សមាធិ ឯណា​នោះ​ទៅវិញ ឆ្កុយ​។​
ទោះបី​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រើល្បិច​ឡាំប៉ា​ឬ​ប្រើល្បិច​បោក​បញ្ឆោត​អ្នកគាំទ្រ​ខ្លួន បង្វែរ​មហា បាតុកម្ម​ទៅជា​ស្អី​ក៏ដោយ​គឺ​ស្រេច​តែ​ចិត្ត​ពួក​អស់លោក​ទៅ​ចុះ តែ​ពេលនេះ​យើង​គ្រាន់តែ​ចង់​និយាយថា រហូតមក ដល់ពេលនេះ វា​មិនទាន់មាន​ការជាប់គាំង​នយោបាយ​អ្វី​ទេ​។ ដូចដែល​យើង​បានលើកឡើង​ពី​ខាងដើម​ស្រាប់ ហើយ​ថា នេះ​គ្រាន់តែ​ជា​បញ្ហា​ចម្រូងចម្រាស​របស់​គណ​បក្ស​ទាំងពីរ ចំពោះ​លទ្ធផល​បោះឆ្នោត​ប៉ុណ្ណោះ​។ អ្វី ដែល​អាច​ហៅថា មានការ​ជាប់គាំង​នយោបាយ​មែន​នោះ លុះត្រាតែ​ក្រោយ​ការបោះឆ្នោត​៦០​ថ្ងៃ ប្រជុំ​សភា​ដំបូង មិនបាន​និង​មិនអាច​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន ទើបបាន​គេ​ហៅថា ជាប់គាំង​នយោបាយ​។ តែ​ពេលនេះ​មិនទាន់ មានការ​ប្រជុំ​សភា​ដំបូង​ឬ​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅឡើយ​ទេ​៕ ដោយ​៖ ស្ងួន ពិមល់​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya