ភ្នំពេញ៖ នៅក្នុងរដូវដកស្ទូងនេះជាដំណាក់កាលសំខាន់មួយក្នុងការធ្វើស្រែវស្សារបស់ប្រជាកសិករ។ មកទល់ពេលនេះ ប្រជាកសិករប្រមាណ ៩០% បានស្ទូងរូចរាល់ហើយ និងប្រមាណ១០%ទៀតនៅមិនទាន់បានស្ទូងនៅឡើយ ដោយសារភាពរាំងស្ងួតបានអូសបន្លាយនៅតាមខេត្តមួយចំនួនដូចជាខេត្តតាកែវ និងខេត្តកំពតជាដើម។
ដើម្បីជួយដល់ប្រជាកសិករក្នុងការធ្វើស្រូវឱ្យបានផលច្រើនលើសពីធម្មតាសេដាក បានផ្តល់នូវគំនិតបន្ថែមមួយចំនួនទៀតទាក់ទងរបៀបស្ទូងស្រូវឱ្យបានផលច្រើនជូនកសិករដូចមានរបៀបតទៅនេះ ៖ ទី១. ចំពោះកសិករដែលមិនទាន់ស្ទូងហើយ គួរជ្រើសរើសដកយកតែសំណាបដែលថ្លោសៗល្អទៅស្ទូង ដោយស្ទូងតែ១គុម្ព១ដើម
ហើយត្រូវលៃចន្លោះគុម្ពឱ្យកៀកជាងការស្ទូងនៅដើមរដូវ (គឺចន្លោះប្រហែល ១.៥តឹក) ដោយសារស្រូវមានពេលតិចសំរាប់លូតលាស់។២.ចំពោះដីស្រែដែលស្ទូងរួច ហើយមានទឹកដក់ច្រើននៅក្នុងស្រែ កសិករគួរតែបង្ហូរទឹកចេញខ្លះ ដើម្បីឱ្យស្រូវលូតលាស់និងបែកគុម្ពបានច្រើន។ ប៉ុន្តែ នៅពេលស្រូវបែកគុម្ពនិងចេញផ្កា (នៅចុងរដូវ) កសិករ
គួររក្សាទឹកទុកនៅក្នុងស្រែវិញ។៣. ចំពោះដីស្រែស្ទូងហើយ តែមិនសូវមានទឹកដក់ កសិករគួរប្រមែប្រមូលសារធាតុសរីរាង្គដូចជាស្លឹកនិងមែករុក្ខជាតិ (រួមមានទន្ទ្រានខែត្រ ស្នោ សណ្តែក ល្ហុងខ្វង អង្កាញ់ អង្គាដី ស្តៅ ។ល។) និងអង្កាមជាដើម បាចចូលក្នុងស្រែ។ ការធ្វើរបៀបនេះវាជួយឱ្យដីមានជីជាតិ និងជួយគ្របដីធ្វើឱ្យដីមានសំណើម និងធ្វើឱ្យស្រូវលូតលាស់បានល្អ។
បណ្ឌិត យ៉ង សាំងកុមារ ប្រធានអង្គការសេដាកមានប្រសាសន៍ថា កសិករគួរព្យាយាមអនុវត្តការស្ទូងឱ្យបានល្អដោយរើសតែសំណាបថ្លោសមកស្ទូងហើយស្ទូងតែ១គុម្ព១ដើមបានហើយទោះបីជាសំណាបរាងចាស់បន្តិចក៏ដោយ។
លោកបណ្ឌិតបញ្ជាក់បន្ថែមថា ពាក្យចាស់ពោលថា ធ្វើស្រែនឹងទឹក តែបើទឹកច្រើនពេកក៏មិនល្អដែរសំរាប់ស្រូវ ពីព្រោះទឹកច្រើនធ្វើឱ្យស្រូវមិនសូវបែកគុម្ព ឫសលូតលាស់មិនសូវល្អ ហើយធ្វើឱ្យដើមលូតវែង ងាយដួលពេលស្រូវចេញផ្កា ឬ ត្រូវខ្យល់បក់បោកមកចំម្តងៗ៕ដោយ៖ វិជ្ជា
» ព័ត៌មានជាតិ » សេដាកផ្តល់គំនិតបន្ថែមទាក់ទងរបៀបស្ទូងនិងថែទាំស្រូវឱ្យបានផលច្រើន