ភ្នំពេញ៖ រថយន្តរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមួយគ្រឿង កាលពីព្រឹកពុធនេះត្រូវបានអាជ្ញាធរខណ្ឌដូនពេញឃាត់ទុកនៅតំបន់បឹងកក់ខណៈរថយន្តមួយគ្រឿងនេះជួយដឹកសម្ភារៈមួយចំនួនរបស់ប្រជាសហគមន៍បឹងកក់ដែលបានដង្ហែជាក្បួនទៅតុលាការកំពូលទាមទារឲ្យដោះលែងអ្នកស្រីយ៉ោមបុប្ផា។
ប្រជាសហគមន៍ដែលមានជម្លោះដីធ្លីនៅរាជធានីភ្នំពេញនៅម៉ោងប្រមាណ១០កន្លះព្រឹកម្សិលមិញ បានតវ៉ានៅសាលាខណ្ឌដូនពេញដោយទាមទារឲ្យអាជ្ញាធរប្រគល់សម្ភារៈខ្លួនដែលត្រូវបានរឹបអូស ។សម្ភារៈសម្រាប់ការតវ៉ារបស់ពួកគាត់រួមមានឧបករណ៍បំពង់សំឡេងបដាស្គរម៉ូតូកង់បីនិងសម្ភារៈផ្សេងៗទៀតត្រូវបានរឹបអូសដោយអាជ្ញាធរខណ្ឌដូនពេញ ដោយសារខ្លាចពួកគាត់ចេញមុខតវ៉ា។
លោកវណ្ណសុផាតមន្ត្រីសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីរបស់CCHR មានប្រសាសន៍ថាការហាមឃាត់រថយន្តនោះមិនមានមូលដ្ឋានច្បាស់លាស់និងមិនបានបញ្ជាក់ពីហេតុផល។លោកបន្ថែមថារថយន្តរបស់CCHR មានដាក់ជាអាវយឺតទង់ជាតិទឹកសុទ្ធផ្កាឈូកធូបនិងឧបករណ៍បំពងសំឡេងផ្សេងៗ។
ប្រជាសហគមន៍ដែលមានទំនាស់ដីធ្លីជាង៣០០នាក់ បានដង្ហែក្បួនពីវត្តភ្នំមកតុលាការកំពូលទាមទារឲ្យស្ថាប័នមួយនេះដោះលែងសកម្មជនដីធ្លីអ្នកស្រីយ៉ោមបុប្ផាដែលបានជាប់ពន្ធនាគារមួយឆ្នាំមកហើយ។ការចេញមុខដង្ហែតវ៉ាក្រោយការបោះឆ្នោតនេះធ្វើឡើងចំពេលគម្រប់មួយឆ្នាំនៃការជាប់ពន្ធនាគាររបស់អ្នកស្រី។ប្រជាសហគមន៍ទាំងនោះ
មានដូចជាសហគមន៍បឹងកក់បុរីកីឡាថ្មគោលនិងសហគមន៍ផ្សេងៗទៀត។
មន្ត្រីសាលាខណ្ឌបានប្រាប់អ្នកតវ៉ាថាសម្ភារៈដែលត្រូវបានរឹបអូសនោះមិនស្ថិតនៅសាលាខណ្ឌដូនពេញទេតែអ្នកតវ៉ាមិនជឿមន្ត្រីខណ្ឌឡើយ។ក្នុងការប្រមូលផ្តុំនេះមានអាជ្ញាធរប្រមាណ៣០នាក់កំពុងតាមដានសកម្មភាពរបស់អ្នកតវ៉ា។អ្នកតវ៉ាបានឡើងលើរបងសាលាខណ្ឌដោយស្រែកឲ្យប្រគល់របស់របរមកឲ្យពួកគេវិញ៕
ដោយ៖ នាយដន
» ព័ត៌មានជាតិ » អាជ្ញាធរខណ្ឌដូនពេញឃាត់ឡានCCHRមួយគ្រឿងពាក់ព័ន្ធនឹងអ្នកភូមិបឹងកក់