បន្ទាយមានជ័យ៖រថយន្តដឹកធ្ងន់ និងបញ្ហាទឹកជំនន់កំពុងបំផ្លាញផ្លូវជាតិលេខ ២៥៨Dដែលមានប្រវែងជាង២០គីឡូ ឆ្ពោះទៅកាន់ព្រំដែនថៃនៃឃុំអូរបីជាន់ នៃស្រុកអូរជ្រៅ អោយ ខូចខាតជាច្រើនកន្លែងបន្ទាប់ពីស្ថាបនាជាផ្លូវក្រាលកៅស៊ូរួចមិនទាន់សម្ភោធជាផ្លូវការជំនួសផ្លូវចាស់ពីដីក្រហមពិបាកធ្វើដំណើរ ។
តាមការចុះយកព័ត៏មានជាក់ស្តែង និងប្រភពនានាបានអោយដឹងថា ផ្លូវជាតិខាងលើដែលមានប្រវែងជាង២០គីឡូម៉ែត្រមានកន្លែងជាច្រើនត្រូវបានខូចដោយផ្លូវក្រាលកៅស៊ូត្រូវហើម ប៉ោង ស្រុត របើក ប្រេះបែកត្រង់ទ្រូងផ្លូវខ្លះនិងភាគច្រើនត្រង់ចិញ្ចើមផ្លូវចាប់តាំងពីមាត់ផ្លូវចូលនៃចំនុចផ្លូវបំបែកពីផ្លូវជាតិលេខ៥ក្នុងឃុំគុត្តសតដល់
ឃុំអូរបីជាន់នៃព្រំដែនកម្ពុជាថៃ។ តាមព័ត៏មានបានអោយដឹងទៀតថា មូលហេតុដែលនាំអោយផ្លូវមួយខ្សែដែលទើបតែស្ថាបនា និងរងការខូចនេះ មកពីរថយន្តធុនធំដឹកទំនិញដូចជារថយន្តប្រភេទយីឌុបតទ្រុងខុសបច្ចេកទេសដឹកសត្វគោពីថៃចូលតាមច្រកអូរបីជាន់ឆ្ពោះទៅព្រំដែនវៀតណាម និងរថយន្តធុនយក្យដឹកស្រូវអង្ករ ពីកម្ពុជា រឺស្រូវអង្ករពីវៀតណាមនាំចេញទៅថៃតាមច្រករបៀងអូរបីជាន់មួយថ្ងៃៗ រាប់សិបគ្រឿងជាពិសេសពេលណាភាគីបើកទិញស្រូវអង្ករពីកម្ពុជា។
ដោយឡែកបើតាមលោក គឹម សុវណ្ណប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានប្រាប់អោយអ្នកសាព័ត៏មានដឹងថា ផ្លូវជាតិលេខ២៥៨D នេះ ប្រវែងជិត២៦ គ-មជាជំនួយឥតសំណងរដ្ឋាភិបាលនិងប្រជាជនចិន ស្ថាបនាដោយក្រុមហ៊ុន RB របស់ចិន ពីឆ្នាំ២០១១ និងរួចរាល់ដើមឆ្នាំ២០១៣។ឥឡូវជាពេលថែទាំ១ឆ្នាំរបស់ក្រុមហ៊ុន។ការស្ថាបនាក៏បានយកចិត្តទុកដាក់លើបច្ចេកទេស ស្តង់ដារ តែការដឹកជញ្ជូនយានយន្តធំលើសកម្រិតទម្ងន់កំណត់និងស្ថានភាពទឹកជំនន់នាំអោយគ្រឹះថ្នល់បៀមសំណើមទឹក។
មន្ទីរទទួលរបាយការណ៍ពីអាជ្ញាធរនិងបានបញ្ជូនមន្ត្រីចុះពិនិត្យចំណុចខ្វះខាតនៃផ្លូវជាតិលេខ ២៥៨D នោះ ហើយបានរាយការណ៍ជូនក្រសួងរួច ដើម្បីចាត់វិធានការនិងបានស្នើរទៅក្រសួងសុំដាក់ជញ្ជីងចល័តត្រួតពិនិត្យយានយន្តដឹកលើសកម្រិតទម្ងន់ដែលឆ្លងកាត់ផ្លូវនេះតែក្រសួងពុំទាន់ឆ្លើយតប៕
ដោយៈ សម្បត្តិ សីហា
» ព័ត៌មានជាតិ » ឡានដឹកលើសទំងន់និងស្ថានភាពទឹកជំនន់ បំផ្លាញផ្លូវជាតិ២៥៨Dអោយខូចមុនពេលសម្ភោធ