ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលផុងលលាដ៍ស្លាប់បាត់បង់ជីវិតភ្លាមឯនៅនិងកន្លែងនិងបុរស២នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយជួបគ្រោះថ្នាក់ចរាចរ រវាងម៉ូតូស្មាស់រីវ៉ូបត់ឆ្លងផ្លូវទៅបុកគ្នាជាមួយនិងម៉ូតូហុងដា ឌ្រីមសេ១២៥យ៉ាងពេញទំហឹង កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ នៅលើបណ្តោយផ្លូវជាតិលេខ៤ នៅចំណុចក្បែរនិងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ-កំបូល ស្ថិតក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ មាន សម្បត្តិ អាយុ២៦ឆ្នាំ ជាបុគ្គលិកផ្នែកលក់ សិប្បកម្ម ហ្វ៊ូ ឈាន់ ផលិតឈើ ស្នាក់នៅក្នុងខណ្ឌទួលគោក ចំណែកបុរស២នាក់មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយ។
មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AN-7828 ក្នុងទិសដៅពីកើតទៅលិច ដោយជិះចេញពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ-កំបូល ក៏បានបត់ឆ្លងផ្លវទៅខាងស្តាំដៃបំណងចូលទៅដកប្រាក់នៅធានា ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ក៏មាន បុរស២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU-5921 ដោយជិះតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន មកបុកចំពាក់កណ្តាលម៉ូតូស្មាសរីវ៉ូ យ៉ាងពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ជិះម៉ូតូស្មាសរីវ៉ូ បែកក្បាលផុងលាដ៍ស្លាប់យ៉ាងអំណោចអធម៌ និងបុរស២នាក់ជិះម៉ូតូឌ្រីមសេ១២៥ រងរបួសយ៉ាងធ្ងន់ធ្ងរស្ទើរតែក្យ័យ ចំណែកម៉ូតូរងការខូចខាតទាំងសងខាង ។ភ្លាមៗនោះដែរអ្នករងរបួសធ្ងន់ទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះដឹក យកទៅសង្គ្រោះនៅមន្ទីរពេទ្យបែកចាន ៕