ភ្នំពេញ ៖ សន្តិសុខឯកជនម្នាក់មានវិបត្តិស្នេហាជ្រាលជ្រៅ ដោះស្រាយមិនចេញ បានសម្រេចចងកសម្លាប់ខ្លួនឯង នៅក្នុងបន្ទាប់ផ្ទះជួល ដោយបន្សល់ទុកនូវលិខិតបណ្ដាំ ចុងក្រោយ«ចងប្រាប់ថាបងស្រលាញ់អូន»។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង២៤ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥នៅផ្ទះជួលលេខ៤៣២E1ផ្លូវ១៧៣ក្រុម៣៥ ភូមិ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។ ជនរងគ្រោះមាន ឈ្មោះ នេត រដ្ឋា ភេទប្រុសអាយុ២២ឆ្នាំមុខរបរសន្តិសុខIPSមានស្រុកកំណើតភូមិត្រពាំងធំឃុំត្រពាំងសង្កែ ស្រុកឈូក ខេត្តកំពត។
បើតាមសម្ដីម្ចាស់ផ្ទះជួលប្រាប់សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ នេត រដ្ឋា ភេទប្រុសអាយុ២២ឆ្នាំមុខរបរសន្តិសុខIPS បានមកជួលបន្ទប់ផ្ទះគាត់ស្នាក់នៅ ជាមួយមិត្តភក្ដិម្នាក់ទៀត ប៉ុន្តែក្រោយមកមិត្តភក្ដិនោះ ក៏ឈប់នៅ សល់តែជនរងគ្រោះម្នាក់ឯងធ្វើការជាសន្តិសុខឯកជន មួយរយៈកន្លងមកនេះជនរងគ្រោះច្រើនតែដើរប្រាប់គេឯងថា ខ្លួនពិបាកចិត្ត ដោយស្រីស្នេហ៍បណ្តូលចិត្ត មិនយល់ចិត្តខ្លួន ហើយបានប្រាប់គេឯងថា តិចទៀតគេនឹងស្លាប់ហើយ ប៉ុន្តែសម្ដីជនរងគ្រោះមិនត្រូវបានគេចាប់អារម្មណ៍នោះទេ លុះដល់ ថ្ងៃកើតហេតុគេមិនឃើញ ជនរងគ្រោះចុះមកធ្វើការដូចសព្វដង ក៏អើតតាមបង្អួចមើលក៏ឃើញជនរងគ្រោះចងកសម្លាប់ខ្លួន ស្លាប់បាត់ទៅហើយ ក៏រាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យ។
នៅក្នុងបន្ទប់ សមត្ថកិច្ចរកឃើញលិខិត បណ្ដាំចុងក្រោយ សរសេរដោយដៃមួយសន្លឹកទុកនៅ ក្រោមក្បាលដំណេកនៅក្នុងបន្ទប់ ដោយមានខ្លឹមសារ ថា «ខ្ញុំលាអ្នកទាំងអស់គ្នា ហើយចាប់ពីពេលនេះទៅ ហើយខ្ញុំក៏សុំទោស លោកឪពុក អ្នកម្តាយ ដែលបានបង្កើត កូន មកជាតិនេះ កូនមិនអាចសងគុណ អ្នកទាំងពីរបានទេ។ ជាតិនេះអ្វីដែលខ្ញុំជំពាក់ ជាតិក្រោយខ្ញុំនឹងសងអ្នកគ្រប់គ្នាវិញ ហើយខ្ញុំចងប្រាប់ថា ជាតិជា មនុស្ស ស្រីចុងក្រោយ គឺមានតែ អានី តែម្នាក់គត់បងលាហើយ អានីនឹងមិត្តភក្ដិទាំងអស់គ្នា។
ចុងក្រោយខ្ញុំចង់ប្រាប់ថា ខ្ញុំស្រលាញ់ មិត្តភក្ដិទាំងអស់គ្នា ដោយឡែកនៅចុងលិខិតម្ខាង ជនរងគ្រោះបានសរសេរថា បណ្ដាំចុងក្រោយមួយឃ្លានៅពាក្យ ថា ចុងក្រោយចង់ប្រាប់ថា បងស្រលាញ់អូន (រដ្ឋា)។ ក្រោយពីសមត្ថកិច្ចពិនិត្យរួច សពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកទៅតម្កល់ទុកនៅវត្តរង់ចាំក្រុមគ្រួសារមកទទួល យកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕