ភ្នំពេញ ៖ ប៉ុន្មានថ្ងៃកន្លងមកជាប់ៗគ្នា ប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គក្រោម ម្តុំភូមិក្តីតាកុយ ភូមិវាល ស្បូវ និងភូមិព្រះពន្លា សង្កាត់និរោធ និងសង្កាត់វាលស្បូវ បានទូរស័ព្ទមកកាន់ការិយាល័យនិពន្ធកាសែតអរិយធម៌ ដើម្បីផ្សាយព័ត៌មានក្រុមឈ្មួញបូមខ្សាច់ ដែលប្រើទូកធំៗនិងកប៉ាល់ចេញទៅបូមក្បែរៗច្រាំងទន្លេធ្វើឲ្យពួកគាត់ មានការ
ព្រួយបារម្ភនិងជូនដំណឹងដល់លោកគួច ចំរើន អភិបាលខណ្ឌមានជ័យ ចុះទៅទប់ស្កាត់ផង។
ក្នុងរដូវទឹកឡើងពិសេសខណ្ឌណាដែលនៅជាប់ដងទន្លេ ត្រូវបានលោកប៉ា សុជាតិវង្ស អភិបាលរាជធានី ភ្នំពេញ ប្រជុំដាក់ផែនការឲ្យអភិបាលខណ្ឌទាំង៩ ចុះពិនិត្យតាមការដ្ឋានដែលកំពុងធ្វើអាជីវកម្មបូមខ្សាច់ឲ្យផ្អាក ជាបន្ទាន់ឬក៏តម្រូវឲ្យពិនិត្យពីឯកសារលិខិតស្នាមឡើងវិញ ជៀសវាងមានបាតុភាពមិនប្រក្រតីពីប្រជាពលរដ្ឋ។ ប៉ុន្តែតាំងពី
ថ្ងៃប្រជុំរហូតមកដល់សព្វថ្ងៃនេះ គេបានឃើញទីតាំងមួយចំនួនត្រូវបានផ្អាកដំណើរការតែក៏នៅមាន ទីតាំងខ្លះកំពុងដំណើរការដដែលនៅឡើយទេ។ ពិសេសនៅតាមដងទន្លេមេគង្គក្រោមម្តុំភូមិព្រះពន្លា សង្កាត់ និរោធ ម្តុំភូមិក្តីតាកុយនិងភូមិវាលស្បូវ សង្កាត់វាលស្បូវ ក្រុមឈ្មួញកំពុងសំរុកបូមខ្សាច់និងដឹកជញ្ជូនខ្សាច់នៅ ឡើយទេ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ក្រុមឈ្មួញបូមខ្សាច់បានចេញទៅបូមក្បែរៗច្រាំងទន្លេ តាំងពីព្រឹករហូតដល់ព្រលប់ ទើបឈប់ ហើយក្រុមឡានដឹកខ្សាច់ចេញពីដេប៉ូខ្សាច់បីទៅបួនកន្លែងនោះ ចាប់ពីម៉ោង៣ទាបភ្លឺដល់ម៉ោង៨ព្រឹក ទើបឈប់។ ដូច្នេះហើយបានជាផ្លូវជាតិលេខ១ ចាប់ពីសង្កាត់វាលស្បូវដល់សង្កាត់និរោធ ពោរពេញទៅដោយ ខ្សាច់
ដែលធ្លាក់ចេញពីឡានហូរមកលើផ្លូវ ធ្វើឲ្យក្លាយជាធូលីហុយចូលភ្នែកច្រមុះអ្នកដំណើររាល់ថ្ងៃ ជួនកាល មានពេលខ្លះរអិលផ្លាតខ្សាច់ដួលកង់ ម៉ូតូ រងរបួសក៏មានដែរ។ ដោយមើលឃើញសកម្មភាពបូមនិងសកម្មភាព ដឹកខ្សាច់របស់ឈ្មួញ មានភាពក្លាហាននិងគឃ្លើនយ៉ាងនេះហើយ ទើបពួកគាត់រាយការណ៍ឲ្យអ្នកកាសែតដឹង ជួយជូនដំណឹងនេះទៅលោកគួច ចំរើន ផង ឬមួយក្រុមឈ្មួញប៉ុន្មានដេប៉ូនោះ និយាយត្រូវរ៉ូវគ្នាជាមួយមន្ត្រី សាលាក្រុងអស់ហើយបានជាលោកចៅហ្វាយខណ្ឌមិនហ៊ានចុះទៅហាមឃាត់? បើទោះបីលោកចៅហ្វាយក្រុង អនុញ្ញាតយ៉ាងណាក្តី ក៏មិនត្រូវក្រុមឈ្មួញល្មើសទាំងនោះ ទៅបូមក្បែរច្រាំងទន្លេយ៉ាងនេះដែរ។
មន្ត្រីបច្ចេកទេសម្នាក់ សុំមិនបញ្ចេញឈ្មោះបានប្រាប់កាសែតអរិយធម៌ថា «ក្រុមជំនាញគេបានកំណត់តំបន់ឲ្យ អ្នកបូមខ្សាច់នោះចេញទៅបូមរួចរាល់អស់ហើយ ប៉ុន្តែក្រុមឈ្មួញខ្លះគោរព ក្រុមឈ្មួញខ្លះទៀតមិនញញើតនឹងមន្ត្រី ជំនាញនិងអាជ្ញាធរទេ។ មន្ត្រីនោះបានបន្តថា មូលហេតុដែលក្រុមឈ្មួញមកបូមខ្សាច់តែក្បែរៗច្រាំងនេះ គឺទី១
ពួកគេចំណេញប្រេង ទី២ ចំណេញពេលវេលា ទី៣ ចំណេញលុយ ទី៤ មិនចំណាយទុយោច្រើន។
មន្ត្រីរូបនោះបន្តថា ពួកឈ្មួញគ្មានគិតពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ ចង់បាក់ច្រាំង រលំ ផ្ទះនរណាក៏មិនខ្វល់ដែរ ធ្វើយ៉ាងណាឲ្យតែពួកគេចំណេញលុយយកដាក់ហោប៉ៅគឺចប់។ មន្ត្រីនោះបានសង្កត់ធ្ងន់ថា ករណីនេះ ប្រសិនបើអាជ្ញាធរឬមន្ត្រីជំនាញពាក់ព័ន្ធមិនចុះទៅត្រួតពិនិត្យឲ្យបានលឿន ដូចការរាយការណ៍ពី ប្រជាពលរដ្ឋទេ គឺ
ងាយនឹងគ្រោះថ្នាក់បំផុត។ ដូច្នេះនេះគឺជាសារមួយពីប្រជាពលរដ្ឋតាមរយៈកាសែតអរិយធម៌ ទុកជាដើមទុនដល់អាជ្ញាធរក្នុងការចុះទៅមានវិធានការទប់ស្កាត់ ប្រសើរជាងពាក្យមួយឃ្លាគេសរសេរថា ការពារ ប្រសើរជាងព្យាបាល។
ការលើកឡើងពីសំណាក់ប្រជាពលរដ្ឋនេះ កាសែតអរិយធម៌មិនអាចសុំការបកស្រាយពីលោកគួច ចំរើន ឬពីមន្ត្រីជំនាញរបស់សាលាខណ្ឌមានជ័យបានទេ៕
» ព័ត៌មានជាតិ » លោកគួច ចំរើន ចុះទៅមើលកប៉ាល់បូមខ្សាច់នៅសង្កាត់វាលស្បូវផង