ខេត្តកណ្ដាល ៖ នគរបាលរដ្ឋបាលពាមរាំងបានធ្វើការឃាត់ខ្លួនបុរសម្នាក់កាលពីវេលាម៉ោង២០និង០០នាទីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចក្នុងផ្ទះឈ្មោះហង់សុខនភូមិពាមរាំងក្រោម ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។
ជនល្មើសឈ្មោះ ហង់ សុទ្ធា ហៅ(ប៉ោះ)ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន នៅភូមិឃុំកើតហេតុខាងលើ ។ ដើមបណ្តឹង១-ឈ្មោះហង់ សុខន ភេទប្រុសអាយុ៥៧ឆ្នាំជនជាតិខ្មែរ មានទីលំនៅៗ ភូមិឃុំកើតហេតុ(ត្រូវជាឪពុកជនល្មើស) ។ ២-ឈ្មោះសនឿន ភេទស្រីអាយុ៥៣ឆ្នាំ ទីលំនៅជាមួយគ្នា(ត្រូវជាម្តាយជនល្មើស)។
សំភារៈខូចខាតរួមមាន: ១-ទូរស័ព្ទsamsung ០១គ្រឿង ២-កង្ហារពណ៌ក្រហម ០១គ្រឿង និងរបស់របរមួយចំនួនទៀត។
នៅមុនពេលកើតហេតុជនល្មើសមិនដឹងស្រវឹងមកពីណាទេ ពេលមកដល់ផ្ទះក៏រកបាយ ប៉ុន្តែបើកឆ្នាំមើលគ្មានម្ហូប ក៏បោកទូរស័ព្ទ វាយកង្ហារ និងវាយបំបែកពាង ព្រមទាំងសំភារៈមួយចំនួនទៀត។ ពេលនោះឪពុកម្តាយឃើញកូនស្រវឹងស្រា ក៏មិនមាត់កអ្វីទេ ចេះតែសម្ងំដេកទៅ ។ លុះព្រឹកឡើងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៥ ឈ្មោះសុទ្ធា ហៅ(ប៉ោះ) ក៏គំរាមឪពុកម្តាយរករឿងសម្លាប់ ទើបគាត់ដាក់ពាក្សបណ្ដឹងមកប៉ុស្តិ៍នគរបាលរដ្ឋបាលពាមរាំង និងរាយការណ៍មកផ្នែកជំនាញ។
ករណីខាងលើ សមត្ថកិច្ចផ្នែកជំនាញ បានចាត់ចែងចុះធ្វើការស្រាវជ្រាវ ឃាត់ខ្លួន និងបន្តចាត់ការតាមនីតិវិធី៕