ត្បូងឃ្មុំ ៖ តាមការបញ្ជាក់ពីលោកអធិការស្រុកមេមត់ឲ្យដឹងថា នៅរសៀលថ្ងៃទី១២ ខែកញ្ញានេះ ឃាតកបុរសជាប្តី ដែលបានសម្លាប់ប្រពន្ធរបស់ខ្លួន ដែលមានផ្ទៃពោះ៧ខែយ៉ាងសាហាវនោះ ត្រូវបានបញ្ជូនមកសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការទៅតាមនីតិវិធី។
លោកវរសេនីយ៍ត្រីហុង គឹមហឿន អធិការ នគរបាលស្រុកមេមត់បានបញ្ជាក់ឲ្យដឹងថា ករណីឃាតកម្ម ដោយចេតនា(វាយ និងកាប់ដោយវត្ថុតាង)ខាងលើ បានកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចផ្ទះឈ្មោះប៉ុម ស្រីមុំ អាយុ២២ឆ្នាំ (ត្រូវជាប្រពន្ធជនសង្ស័យ) ស្ថិតក្នុងភូមិម្ហោះ ឃុំជាំក្រវៀនស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ជនល្មើសជាប្ដីមានឈ្មោះ ស៊ា ក្រោល អាយុ២៥ឆ្នាំ បានសម្លាប់ប្រពន្ធរបស់ខ្លួន ដោយសារតែប្រពន្ធរបស់គេមានអារម្មណ៍ធុញទ្រាន់មិនព្រមឲ្យរួមភេទជាមួយ ទើបធ្វើឲ្យគេខឹងសម្បា ក៏ប្រើអំពើហិង្សា វាយយ៉ាងចាស់ដៃរហូតដល់ស្លាប់តែម្តង។
លោក អធិការបានបន្តទៀតថា ដោយពិនិត្យទៅលើអង្គហេតុ ឃើញថាវាស៊ីសង្វាក់ទៅនឹងពេលវេលាម៉ោងកើតហេតុ ទើបយើងធ្វើការសន្និដ្ឋានបានថា បុរសជាប្តីពិតជាឃាតកសម្លាប់ប្រពន្ធប្រាកដមែន ហើយយើងបានសុំគោលការណ៍ទៅលោកព្រះរាជអាជ្ញាដើម្បីឃាត់ខ្លួនជនសង្ស័យ និងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការទៅតាមនីតិវិធី៕